ភ្នំពេញ៖តារាចម្រៀងសួស វីសា មិនបានចេញច្រៀងសម្ដែងរកលុយនៅថ្ងៃបុណ្យអុំទូកឆ្នាំនេះ ដូចឆ្នាំមុនៗទេ ដែលធ្វើឲ្យបាត់លុយដុល្លារ១ដុំធំ ព្រោះការថែផ្ទៃពោះកូនប្រុសឲ្យបានល្អប្រសើរជាងប្រថុយ លេងក្បាច់រាំលើឆាកតន្រ្ដីនាំឲ្យប៉ពាល់ដល់សុខភាពទារក។តែវីសា ថានាងមានអារម្មណ៍ធុញថប់ នៅពេលឃ្លាតឆ្ងាយពីឆាកតន្រ្ដី មិនដឹងទៅណា ដេកផ្ទះស្អាត ព្រោះថាពេលនេះកូនក្នុងផ្ទៃពោះរបស់នាងជិត៥ខែ ហើយ ។ប៉ុន្ដែវីសា នៅតែឆ្លៀតសរសើរស្វាមីនាងលោកឧកញ៉ាប៊ុនថុល ប៊ុនថង ហៅថមមី ថាលោកគឺជាប្ដីផង ឪពុកផង ជាបងប្អូនផង និងជាពួកម៉ាកផង ពោលគឺនាងថាប្ដីជាអ្វីគ្រប់យ៉ាងរបស់នាង ហើយនាងស្រលាញ់បុរសម្នាក់នេះខ្លាំងណាស់ក្រោយចាប់ដៃគ្នា៥ឆ្នាំ ។នេះមិនមែនជាលើកទី១ នោះទេសម្រាប់វីសា ដែលចេញមុខលើកមុខប្ដី ប៉ុន្ដែជាញឹកញាប់នាងតែងតែលើកពីគុណសម្បត្តិរបស់ប្ដីប្រាប់ទៅមហាជន គឺដូចគ្នាទៅនិងមាស សុខសោភា និយាយលើកប្ដីនាងលោកអ៊ឹត រ៉ាដា ដែរ គ្រាន់តែវីសា មិនទាន់ផលិតបទចម្រៀងសរសើរពីស្វាមីដូចសោភា នោះទេ ។
សូមបញ្ជាក់ថាសួស វីសា បានធ្វើពិធីជប់លៀងធំ ផឹកស៊ីដល់ទៅ៧យប់ ៧ថ្ងៃ ក្រោយនាងពិនិត្យផ្ទៃពោះដឹងថាមានកូនប្រុស ហើយនាងបានដាក់ឈ្មោះកូនមុនកើតថាចននី (Johnny ) ខណៈដែលកូនស្រីនាងថង សាម៉ូលីណា ហៅJenny ទើបធ្វើខួបគម្រប់អាយុ៤ឆ្នាំ កាលពីថ្ងៃទី៩ ខែ១០ ។មិនខុសកាលពីយកកូនទី១នោះទេ ដែលវីសា បាត់មុខពីឆាកតន្រ្ដីដល់ទៅជាង១ឆ្នាំ ទាំងមុន និងក្រោយសម្រាលកូន ខណៈដែលអំឡុងពេលពពោះកូនទី២នេះ នាងក៍មានបញ្ហាច្រៀងខុសប្រកតីគួរឲ្យបារម្ភដែរ ព្រោះជាញឹកញាប់ឲ្យតែពេលឡើងឆាកនាងច្រៀងលែងកើត រហូតត្រូវសុំទោសម្ចាស់កម្មវិធីទៀត ផងដែលរឿងនេះនាងថាបណ្ដាលមកពីមានអ្នកនៅភពផ្សេងព្យាយាមមកយកសម្លេងនាងទៅវិញ ដោយសារតែនាងបានយល់សុបិននិម្មិត ឃើញអ្នកតាមរកសម្លេងនាងនោះសឹងរាល់យប់ ។ប៉ុន្ដែវីសា ថា«បើមិនជឿ កុំប្រមាថ » ព្រោះបន្ទាប់ពីនាងបានអុជធូប បន់ស្រន់រួចហើយ ស្រាប់តែសម្លេងនាងវិលមករកដូចដើម ច្រៀងពិរោះវិញភ្លាម ។តែយ៉ាងណាអ្នកខ្លះថាវីសា មានបញ្ហារលាកបំពង់កធ្ងន់ធ្ងរហូតទៅព្យាបាលដល់ពេទ្យថៃ ទៀតផង ហេតុនេះសម្លេងម៉េចដូចដើមទៅ បើមិនទាន់ជាដាច់បែបនេះ ?ការលើកឡើងបែបនេះដោយសារតែអ្នកខ្លះសង្ស័យថាវីសា គ្មានខ្មោចបិសាច ឯណាខ្ទប់សម្លេងនាងមិនឲ្យច្រៀងពិរោះនោះទេ តែអាចមកពីសុខភាពបំពង់កនាងតែម្ដង ។តែវីសានៅតែមានៈថាមានអ្នកមកតាមព្យាយាមយកសម្លេងនាងទៅវិញ ហើយនាងសូមអង្វរកុំឲ្យស្រលាញ់រហូតតាមមកយកសម្លេងនាងបែបនេះទៀត ។
សួស វីសា ដែលមិនអាចយកតំណែងលេខ២ បន្ទាប់ពីឱក សុគន្ធកញ្ញា នៅហង្សមាស តាមក្ដីប្រាថ្នានោះ ក្រោយសម្រាលកូនទី២ គេជឿថានាងមិនអាចឡើងទៅមុខទៀតបានទេ តែអាចនឹងនៅទ្រឹង ដូចតារាភាគច្រើនដែលមានប្ដីនិងកូនហើយដែរ ។ប៉ុន្ដែការរឹតចំណងស្នេហាក្នុងគ្រួសារឲ្យកាន់តែមានភាពកក់ក្ដៅជារឿងសំខាន់ និងចាំបាច់ទើបនាងមិនអាចពន្យាពេលយកកូនទី២បានឡើយ ។វីសា នឹងសម្រាលកូនប្រុសនៅចុងខែ៣ ឆ្នាំ២០២៥ ហើយនាងអាចនឹងវិលរកឆាកតន្រ្ដីវិញនាអំឡុងចុងឆ្នាំ២០២៥ ។ប្រសិនបើអំឡុងពេលពពោះ និងក្រោយសម្រាលវីសា នៅតែគ្មានបទចម្រៀងល្បីចេញលើទីផ្សារទេ នោះនាងអាចនឹងប្រឈម ពិបាកទប់លំនឹងក្នុងលំដាប់តារាជូរមុខហង្សមាសតទៅទៀត ស្របពេលដែលតំណែងជាគណៈកម្មការBeat The Best រដូវកាលថ្មីស្ថិតក្នុងភាពស្រពិចស្រពិល៕