ភ្នំពេញ៖នៅលើឆាកតន្រ្ដីនៅខេត្តប៉ៃលិន កាលពីពេលថ្មីនេះៗតារាសាច់សខ្ចីសុខ ពិសី ត្រូវបានលោកអ៊ីណូ និងនាយចឺម អុជធូប ដាក់ស្នេហាលើឆាកតែម្ដងហើយ អ៊ីណូ ថែមទាំងនិយាយថា«បងស្រលាញ់អូនណាស់ អូនស្អាតណាស់ សុខ ពិសី » ។ការអុជធូប សុំស្នេហាសុខ ពិសី របស់លោកអ៊ីណូ និងនាយចឺម នេះ គឺធ្វើត្រាប់តាមអ្នកលេងបណ្ដាញសង្គមមួយចំនួនដែលធ្វើសកម្មភាពនេះដាក់ពិសី កាលពីពេលថ្មីៗនេះ ដោយពួកគេចាត់ ទុកថានាងជាតារាចម្រៀងមានរូបសម្រស់គួរឲ្យចង់ប៉ះស្ទាបអង្អែល ។ប៉ុន្ដែសម្រាប់លោកអ៊ីណូ និងនាយចឺម វិញអ្នកណាក៍ដឹងថាតារាចម្រៀងទាំងពីរនេះពូកែញ៉ែ ឬទាក់ស្រីដូចគ្នា ហើយសកម្មភាពរបស់ពួកគេលេងដៃដល់ៗទៀតផង ហេតុនេះហើយស្រីណាដែលប្រុសទាំងពីរនាក់នេះដាក់គោលដៅតាមប្រម៉ាញ់ហើយ ពិបាករត់គេចខ្លាំងណាស់ ។តែសម្រាប់ពិសី វិញទាំងអ៊ីណូ និងនាយចឺម បានត្រឹមតែស៊កសំដីសុំស្នេហ៍ ប៉ុណ្ណោះ មិនហ៊ានចាប់គ្រញិច ឬថើបដូចពេលពួកគេលេងជាមួយតារាស្រីស្អាតៗផ្សេងទៀតឡើយ ។សកម្មភាពទាំងនេះបញ្ជាក់ថាអ៊ីណូ និងនាយចឺម ដឹងថាការលេងសើចជាមួយពិសី មានដែនកំណត់ ព្រោះប្រសិនបើស្រីស្អាតរូបនេះជាសង្សាររបស់លោកឡាយ ចំរើន ដូចការលេចឭមែន នោះគឺនាងប្រៀបដូចជាថៅកែស្រីរបស់ពួកគេដែរ ហេតុនេះមិនអាចចេះតែបន្លំចំណេញដូចតារាស្រីផ្សេងៗទៀតបានជាដាច់ខាត ។
ទោះជាយ៉ាងណាមានការលើកឡើងដោយសរសើរថាសុខ ពិសី ពិតជារកបានម្ចាស់បេះដូងដូចអ្វីដែលនាងប៉ងមែន ព្រោះជាបុរសម្នាក់ដែលយល់ច្បាស់ពីអាជីពចម្រៀងរបស់ខ្លួនដែលមិនចេះប្រចណ្ឌនាងផ្ដែសផ្ដាស ឡើយ នោះគឺលោកឡាយ សុខចំរើន ថៅកែសាន់ដេ បើទោះជាអ្នកទាំងពីរមិនដែលសារភាពស្នេហ៍ម្ដងណាក៍ដោយ ។ប្រភពខ្លះថាសុខ ពិសី ត្រូវបានតារារួមទ្រនុំគោរពនាងដូចជាម្ចាស់ផលិតកម្មសាន់ដេ ជាច្រើនឆ្នាំហើយ ពោលគឺដូចអំណាចរបស់ឱក សុគន្ធកញ្ញា នៅហង្សមាសដែរ ។ប៉ុន្ដែរឿងដែលFan ពិសី ទន្ទឹងរងចាំនោះគឺពួកគេចង់ឃើញនាងមានភាពក្លាហានហ៊ានដឹកដៃគូស្នេហ៍ចូលរោងការជាចំហដូចឱក សុគន្ធកញ្ញា ដែលពេលនោះគេជឿថានាងនឹងកាន់តែមានឥទ្ធិពលនៅសាន់ដេ លើសបច្ចុប្បន្នទេ្វដងជាមិនខាន។
សុខ ពិសី នៅតែមានទីផ្សារចម្រៀងនិងស្ពត ទោះជាចុងក្រោយនេះមិនសូវមានបទល្បីៗដូចមុនក៍ដោយ។នាងជាតារាមិនចេះប្រកាន់ដៃគូទេ ពោលគឺថាច្រៀងជាមួយតារាប្រុសណាក៍បានឲ្យតែថៅកែផលិតកម្មតម្រូវ ហើយជិត៧ឆ្នាំចុងក្រោយនេះក្រោយបាត់ដៃគូយល់ចិត្តលោកខេមរៈ សិរីមន្ដ គេឃើញនាងច្រៀងជាមួយលោកឆាយ វីរៈ
យុទ្ធ ច្រើនជាងតារាប្រុសសាន់ដេ ផ្សេងទៀត ។ប៉ុន្ដែរឿងពិសី មិនហ៊ានសារភាពស្នេហាថៅកែនោះមិនត្រឹមតែធ្វើឲ្យFan ខកចិត្តនោះទេ តែលោកសុខ ហេង ជាឪពុកនាងធ្លាប់ជម្រុញឲ្យពិសី រៀបការប្ដីជាច្រើនឆ្នាំមកហើយ នោះក៍រឹតតែអន្ទះសារចង់ឃើញកូនស្រីលោកយកប្ដីឲ្យឆាប់ៗជាងអ្នកគាំទ្រនាងទៅទៀត ។
យ៉ាងណាគេជឿថាបញ្ហាធំដែលពិសី នៅតែមិនហ៊ានប្រថុយរឿងដឹកដៃថៅកែចូលរោងការនោះព្រោះតែនាងខ្លាចការប្ដីទៅធ្លាក់កូដហៅលែងឭនោះតែម្ដង បើទោះជាគេសង្កេតឃើញថាបច្ចុប្បន្នតារាខ្លះមានប្ដីនិងកូនដូចជាឱក សុគន្ធកញ្ញា និងពេជ្រ សូលីកា ជាដើមនៅតែមានអ្នកគាំទ្រក្ដី ។ពិសី ធ្លាប់និយាយទៅកាន់Fan ដែលជម្រុញឲ្យនាងការប្ដីនោះថា«ខ្ញុំមិនប្រញ៉ាប់រឿងយកប្ដីសីអីទេ ។អត់ប្ដីក៍ខ្ញុំមិនស្លាប់ដែរ …» ។
គេចាំមើលថាតើថៅកែនៅតែបណ្ដោយឲ្យសុខ ពិសី ត្រូវលោកអ៊ីណូ និងនាយចឺម ញ៉ែលើឆាកទៀត ឬអត់ ?