ភ្នំពេញ ៖ រថយន្តកុងតឺន័រ ១គ្រឿង ដឹកដែកជាគ្រោងសម្រាប់សាងសង់អគារ ទម្ងន់រាប់សិបតោន ដោយសារការធ្វេសប្រហែស ខណៈកំពុងបើកបរស្រាប់តែដាច់ខ្សែចំណង បណ្តាលឱ្យធ្លាក់ដែករាយប៉ាយពេញផ្លូវ សំ ណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដំណើរណាម្នាក់ឡើយ ។ ចំណែកអ្នកបើកបររថយន្ត បានចុះរត់គេចខ្លួនបាត់។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៨និង០៥នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមមហាវិថីឈ្នះ-ឈ្នះ ចំណុចរង្វង់មូលច្រកចូលផ្លូវល្បឿនលឿន ក្នុងភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។
រថយន្តបង្កហេតុ ជាប្រភេទរថយន្តសណ្តោងកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-0220 សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ 4A-5556 ដឹកដែកពេញ ដោយប្រើខ្សែប្រភេទក្រណាត់ជាចំណង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្តខាងលើ បើកពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែដាច់ខ្សែចំណង បណ្តាលឱ្យធ្លាក់ដែកទម្ងន់រាប់តោន មកលើផ្លូវ តែសំណាងល្អ មិនប៉ះអ្នកដំណើរ តែធ្វើឱ្យកកស្ទះចរាចរណ៍ ខូចខាតផ្លូវ ហើយអ្នកបើកបរ បានចុះគេចខ្លួនបាត់ ។
ប្រភពដដែល បន្តថា រថយន្តកុងតឺន័រខាងលើ ដឹកដែកប្រភេទជាគ្រោងសម្រាប់សាងសងអគារ ឬឃ្លាំង ទម្ងន់រាប់សិបតោន តែការដឹកជញ្ជូនមានការធ្វេសប្រហែសខ្លាំងណាស់ ដោយយកខ្សែប្រភេទក្រណាត់ ទៅចងដែក ខណៈដែលកំពុងបើកបរ ស្រាប់តែដាច់ចំណង ធ្វើឱ្យធ្លាក់ដែកពីលើរថយន្ត រាយពេញផ្លូវ ធ្វើឱ្យអ្នកបើកបភ័យខ្លួន បានចុះរត់គេចខ្លួនបាត់។
ក្រោយកើតហេតុ ខាងក្រុមហ៊ុនផ្លូវល្បឿនលឿន និងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះទៅដល់ទីតាំងកើត ហេតុ និងបានយករថយន្តស្ទូច ដើម្បីលើកដែកទាំងនោះចេញ ហើយយករថយន្តទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយនៅក្រោយ៕