ភ្នំពេញ ៖ ហាងខារ៉ាអូខេ មួយកន្លែង បើកដំណើរការពង្វក់ដោយក្រុមអ្នកប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ចុះបង្ក្រាប ឃាត់ខ្លួនមនុស្សប្រុសស្រីមួយចំនួន និងបិទអាជីវកម្មជាបណ្តោះអាសន្ន។
ប្រតិបត្តិការនេះ បានអនុវត្តឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅហាងខារ៉ាអូខេ G9 មានទីតាំងស្ថិតនៅក្នុងផ្សារចិន តាមផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
តាមប្រភពព័ត៌មាន បានឱ្យដឹងថា ទីតាំងខាងលើ បើកដំណើរការ មានទាំងបើកឱ្យប្រាស់គ្រឿងញៀន ជាយូរមកហើយ ទើបនៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងរបស់នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជ ធានីភ្នំពេញ ចុះបង្ក្រាបឃាត់ខ្លួនមនុស្សប្រុសស្រីមួយចំនួន ដកហូតសម្ភារៈពាក់ព័ន្ធ និងបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្នតែម្តង។
ក្រោយបង្ក្រាបទីតាំងខាងលើ មនុស្សនិងវត្ថុតាង ត្រូវបានបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕