ភ្នំពេញ៖ក្នុងវ័យ៣៤ឆ្នាំ លោកហួន សំអុល ដែលមានស្រុកកំណើតនៅស្រុកឈូ ខេត្តកំពត នោះបានមកទីក្រុងភ្នំពេញចាប់អាជីពចម្រៀង១យៈពេល១៧ឆ្នាំ(២០០៧-២០២៤ )មកហើយ ដែលបច្ចុប្បន្នលោកច្រៀងនៅPub និងភោជនីដ្ឋានដល់ទៅ៦ទីតាំងផ្សេងគ្នាមានដូចជាហាងHard Rock ,ដៃអូន១ ,ដៃអូន២ ,ប៉ាតាយ៉ា ,ហៃភ័រ និងហាងបាប៊ីឃ្យូ ។អ្វីដែលគួរឲ្យកត់សម្គាល់លោកសំអុល បានច្រៀងបទរបស់លោកព្រាប សុវត្ថិ ស្ទើតែទាំងស្រុងគ្រប់ឆាកដែលលោកទៅច្រៀងរហូតមានអ្នកខ្លះថាស្ដាប់សម្លេងលោកទៅច្រឡំជាមួយលោកព្រាប សុវត្ថិ ទៀតផង។
តើហេតុអ្វីបានជាលោកហួន សំអុល ច្រៀងតែបទលោកព្រាប សុវត្ថិ ?
ក្នុងជំនួបតាមទូរស័ព្ទលោកហួន សំអុល បានប្រាប់កាលពីរសៀលថ្ងៃទី២៧ វិច្ឆិកា ថាមូលហេតុដែលលោក ច្រៀងបទលោកព្រាប សុវត្ថិ ជាងបទតារាចម្រៀងផ្សេងៗព្រោះតែលោកស្រលាញ់ចម្រៀងរបស់ព្រាប សុវត្ថិ តាំងតែពីលោកមានអាយុជាង១០ឆ្នាំម្លេះ ។លោកថាសម្រាប់អារម្មណ៍លោក ព័ណសម្បុរចម្រៀងរបស់លោកព្រាប សុវត្ថិ គឺត្រូវចិត្តរបស់លោកទាំងអស់ ។ប៉ុន្ដែលោកថាក៍អាចបកស្រាយបទតារាចម្រៀងដ៍ទៃទៀតក្រៅពីលោកព្រាប សុវត្ថិ បានដែរ ដូចជាកន្លងមកមានភ្ញៀវសំណូមពរឲ្យលោកច្រៀងបទលោកឆាយ វីរៈយុទ្ធ និងហេង ពិទូ រួមទាំងបទមរតកដើមជាដើម ។លោកបន្ថែមថាក៍ធ្លាប់បានជួបលោកព្រាប សុវត្ថិ ផ្ទាល់២ទៅ៣ដងដែរ ហើយលោកសុវត្ថិ មានការលើកទឹកចិត្ត និងប្រាប់ពីទិកនិកច្រៀងមួយចំនួនដល់លោកផងដែរ ។
ឆ្លើយតបសំណួរថាមានការលើកឡើងថាលោកហួន សំអុល បានCopy ទាំងស្ទីល និងបច្ចេកទេសច្រៀងពីលោកព្រាប សុវត្ថិ មិនព្រមច្រៀងស្ទីលខ្លួនឯងនោះលោកសំអុល ថាមិនបានខឹងអ្នកយល់ឃើញនោះទេ ព្រោះទស្សនិកជនប្រៀបដូចជាកញ្ចប់ហើយលោកទទួលយកការរិះគន់ ក្នុងន័យស្ថាបនាជានិច្ច ។លោកសំអុល ថារូបលោកមិនអាចច្រៀងដូចលោកព្រាប សុវត្ថិ ១០០% នោះទេ ហើយលោកព្រាប សុវត្ថិ ក៍មិនអាចច្រៀងដូចលោកដែរ ហេតុនេះមនុស្សម្នាក់ៗមានស្ទីលចរៀងៗខ្លួន។
ទាក់ទងរឿងថាក្រោយព្រាប សុវត្ថិ ចេញពីហង្សមាសជាង៤ឆ្នាំ តើលោកសំអុល គិតថាលោកសុវត្ថិ នៅតែល្បីដូចមុន ឬប្រែប្រួលយ៉ាងណានោះលោកថាឧកញ៉ារូបនេះនៅតែខ្លាំង នៅតែជាSuper Star ដដែល ព្រោះសិល្បៈតែងតែមានការបត់បែនទៅតាមពេលវេលាបែបនេះហើយ ។ប៉ុន្ដែយ៉ាងណាតាមព័តមានថាលោកសំអុល ច្រៀងតែបទព្រាប សុវត្ថិ នៅផលិតកម្មចាស់ជាងបទថ្មីៗទៅវិញ។
លោកហួន សំអុល មានបងប្អូន៣នាក់(ស្រី១)លោកជាកូនពៅ ជីតា និងម្ដាយរបស់លោកក៍ធ្លាប់ជាតារា ចម្រៀងដែរ ហើយសព្វថ្ងៃបងប្រុសរបស់លោកក៍ចាប់អាជីពចម្រៀងនៅភ្នំពេញដូចលោកដែរ។លោកថាអាជីពចម្រៀងនេះបានធ្វើឲ្យជីវភាពរបស់លោកបានធូធារជាងមុន បើទោះជាពេលនេះលោករស់នៅផ្ទះជួលក្ដី ប៉ុន្ដែនឹងមានគម្រោងទិញផ្ទះផ្ទាល់ខ្លួននាពេលខាងមុខ ដែលអាចតាមរយៈបង់រំលស់ក៍បាន ព្រោះមិនអាចមានលុយទៅទិញទាំងដុលឡើយ។ លោកបានឲ្យដឹងដែរថាមុនក្លាយជាតារាចម្រៀងបានប៉ុណ្ណោះ លោកធ្លាប់ចុះទូកនេសាទជាមួយគ្រួសារនៅខេត្តកំពត រយៈពេលជិត១០ឆ្នាំ គឺពេលនោះពិបាកជាងពេលនេះឆ្ងាយ ។
គួរបញ្ជាក់ថាលោកហួន សំអុល ធ្លាប់ប្រលងចម្រៀងនៅទូរទស្សន៍ប៉ុស្ដិ៍លេខ៣ ក្នុងកម្មវិធីSingest Contest ទទួលបានចំណាត់ថ្នាក់លេខ៣ ,ប៉ុស្ដិ៍Ctn បានលេខ២ ,ប៉ុស្ដិ៍ហង្សមាសក្នុងកម្មវិធីThe Voice Cambodia រដូវកាលទី២ បានត្រឹមវគ្គLive Show សប្ដាហ៍ទី១ ,បុស្ដិ៍បាយ័នកម្មវិធីThe Melody បានដល់វគ្គFinal និងចុងក្រោយប្រលងចម្រៀងជាប់លេខ១ នៅប៉ុស្ដិ៍MYtv ក្នុងកម្មវិធីSpy ។បើទោះជាធ្លាប់លើកពាននៅMY Tv ក៍លោកសំអុល មិនចង់ បញ្ឈប់ត្រឹមនេះដែរដោយលោកបង្ហើបថាអាចនឹងឈានទៅ ប្រលងក្នុងកម្មវិធីណាទៀត នៅ ពេលវេលាសមស្រប ខណៈដែលបច្ចុប្បន្នលោកជាតារាចម្រៀងក្នុងក្រុមតន្រ្ដីចចកសមុទ្រ ដែលបានចេញបទចម្រៀងOriginal Song បានបមួយចំនួនហើយ ។លោកសំអុល ថា សព្វ ថ្ងៃលោកមិនទាន់មានគួរជីវិតទេ តែពេលរកប្រពន្ធលោកមិនកំណត់ថាស្រលាញ់ជាអ្នកសិល្បៈ ដូចគ្នា ឬខាងក្រៅ នោះទេ ព្រោះលោកជឿលើនិស្ស័យ ។
ក្រៅពីលោកហួន សំអុល តារាចម្រៀងដែលនិយមច្រៀងបទលោកព្រាប សុវត្ថិ មានដូចជាលោកព្រាប សុវត្ថិ បុកល្ហុង ,ព្រាប សុវត្ថិ ស្វាយរៀង និងព្រាប សុវត្ថិ បាត់ដំបងជាដើម ៕