ភ្នំពេញ ៖ តារាកំប្លែង លោកប៉ុល សារឿង ហៅនាយតាក់ស៊ី ដែលកើតមានជំងឺទឹកនោមផ្អែមប្រចាំកាយ រាប់ឆ្នាំមកហើយនោះ ត្រូវបានអាការជំងឺធ្វើទុក្ខខ្លាំង រហូតត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីរពេទ្យភ្លាមៗ និងត្រូវបានក្រុមគ្រូពេទ្យជំនាញ ផ្តល់ជម្រើស ចុងក្រោយ ចំនួន២ ទី១-ត្រូវលាងឈាម ១អាទិត្យ ៣ដង ពេញ១ជីវិត និងជម្រើសទី២- ត្រូវវះកាត់ប្តូរក្រលៀនថ្មី។
តាមប្រភពថា តារាសម្តែង លោកសាវិន ហ្វីលីព បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា តារាកំប្លែង នាយតាក់ស៊ី កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យ ដោយនាយតាក់ស៊ី កំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាម សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា ដោយសារជំងឺទឹកនោមផ្អែម ធ្វើឱ្យខូចក្រលៀន (តម្រង នោម)។
តារាសម្តែង សាវិន ហ្វីលីព បានបញ្ជាក់ថា “នាយតាក់ស៊ី អាយុ៤៥ឆ្នាំ កំពុងស្ថិតនៅក្នុងស្ថានភាពលាងឈាម សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកេតុមាលា ដោយសារជំងឺទឹកនោមផ្អែម ធ្វើឲ្យខូចក្រលៀន។ លោកវេជ្ជ បណ្ឌិត ប្រាប់ខ្ញុំថា ពេលនេះនាយតាក់ស៊ី មានជម្រើសចុងក្រោយពីរ គឺទីមួយ ត្រូវលាងឈាមពេញមួយជីវិត មួយអាទិត្យ ចំនួនបីដង និងជម្រើសទី២ គឺត្រូវតែធ្វើការវះកាត់ប្តូរក្រលៀនថ្មី…”។
បន្ថែមពីលើនេះ នៅថ្ងៃដដែលនោះ លោកសាវិន ហ្វីលីព បានបញ្ជាក់ថា នាយតាក់ស៊ី មិនត្រឹមតែខូចក្រលៀនទេ ថែមទាំងមានទឹកដក់ក្នុងសួតទៀតផង។
តាមសម្តីភរិយាក្រោយរបស់នាយតាក់ស៊ី ដែលកំពុងកំដរជំងឺប្តី នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ បានរៀបរាប់ប្រាប់ថា ប្តីរបស់នាងបានកើតមានជំងឺទឹកនោមផ្អែមនេះ រយៈពេលជាង២០ឆ្នាំមកហើយ គាត់តែងជក់បារីជាប់ជាប្រចាំ ទោះបីជាកន្លងមក នាងធ្លាប់ហាមប្រាមប្តីខ្លះដែរ តែប្តីមិនស្តាប់ ជួនថែមទាំងខឹងសម្បាដល់រូបនាងទៀតផង។ និយាយរួមទៅ គឺប្តីរបស់នាងផ្តាច់បារីមិនបានឡើយ។ យ៉ាងណា មួយរយៈកន្លងមកនេះ ប្តីនាងបានប្រើ ផលិតផលឱសថមួយត្រូវ ទើបមិនធ្វើឱ្យអាការជំងឺរបស់គាត់វិវត្តន៍ទៅមុខអ្វីធំដុំឡើយ ប៉ុន្តែទើបតែមួយរយៈចុងក្រោយនេះ រយៈពេលប្រមាណកន្លះខែមុននេះ គាត់ចាប់ផ្តើមបណ្តោយខ្លួនដោយសាររវល់ការងារខ្លាំង សម្រាកមិនបានគ្រប់គ្រាន់ គេងបានត្រឹមតែ ២ទៅ៣ម៉ោងប៉ុណ្ណោះ ក្នុង១ថ្ងៃ និងថែមទាំងជក់បារីកាន់តែច្រើន ហូបកា ហ្វេក៏ច្រើន ទើបធ្វើឱ្យសុខភាពគាត់ចាប់ផ្តើមទ្រុឌទ្រោមបន្តិចម្តងៗ។
ភរិយានាយតាក់ស៊ី បានបន្តថា កន្លងមក ប្តីនាងធ្លាប់ ត្រូវបានក្រុមគ្រូពេទ្យជំនាញណែនាំឱ្យលាងឈាមដែរ តែគាត់ចេះតែព្យាយាមគេចវេះ មិនព្រមលាងឈាមដាច់ខាត ដោយផ្អែកលើមូលហេតុចម្បង គឺខ្វះខាតថវិកា ពិសេសគាត់មិនចង់នាំទុក្ខលំបាកដល់នាងជាប្រពន្ធ ដោយសារការលាងឈាម ត្រូវការចំណាយច្រើន។ លុះរយៈពេលប្រមាណកន្លះខែ ចុងក្រោយនេះ គាត់សម្តែងច្រើន ឈរច្រើន ជក់បារីច្រើន ផឹកកាហ្វេច្រើន ជា ហេតុធ្វើឱ្យអាការជំងឺគាត់ចាប់ផ្តើមរើឡើង។
ភរិយានាយតាក់ស៊ី បានបញ្ជាក់ពីអាការជំងឺរបស់ប្តីថា អាការចុងក្រោយរបស់ប្តីនាង ដែលតម្រូវឱ្យប្រញាប់បញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ នាពេលនេះ គឺគាត់បានកើតមានអាការហើមដៃហើមជើង និងហត់ខ្លាំង លុះបញ្ជូនមកដល់ គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ប្តីនាងមានបញ្ហាទឹកដក់ក្នុងសួត។ ភ្លាមៗនោះ គ្រូ ពេទ្យតម្រូវឱ្យលាងឈាម លុះបន្ទាប់ពីលាងឈាមបាន៣ដងរួចមក អាការប្តីនាងបានធូរស្រាលបន្តិចឡើងវិញ ដោយអន់ហត់ ប្រមាណ៤០ភាគរយ ប៉ុន្តែបញ្ហានៅត្រង់ថា ពេលនេះ ក្រុមគ្រួសារមិនមានលទ្ធភាពក្នុងការចំណាយថ្លៃ លាងឈាមប្តីទៀតនោះទេ កុំថាឡើយដល់វះកាត់ប្តូរក្រលៀនថ្មី។
ភរិយានាយតាក់ស៊ី បានលើកដៃសំពះនិងនិយាយទាំងអួលដើមកថា “នាងខ្ញុំសូមស្នើសុំដល់សម្តេចពុក សម្តេចធិបតី សូមមេត្តាជួយដល់បងតាក់ស៊ី ផង ដោយសារនាងខ្ញុំអស់លទ្ធភាព នឹងមើលគាត់ហើយ…”។
លោកវេជ្ជបណ្ឌិត សុខ សាគឿន ដែលជាគ្រូពេទ្យពិនិត្យព្យាបាលនាយតាក់ស៊ី ដោយផ្ទាល់ បានបញ្ជាក់ប្រាប់ថា នាយតាក់ស៊ី បានចូលមកដល់មន្ទីរពេទ្យដំបូង ក្នុងស្ថានភាពហត់ខ្លាំង ខ្លួនប្រាណហើមខ្លាំង និងមិនមានទឹក នោមនោះទេ លុះក្រោយពីក្រុមគ្រូពេទ្យជំនាញ ពិនិត្យ និងធ្វើរោគវិនិច្ឆ័យរួចមក ឃើញថាតម្រងនោមរបស់នាយតាក់ស៊ី បានខូចទៅហើយ។ តាមស្ថានភាពជំងឺរបស់នាយតាក់ស៊ី នៅពេលនេះ គឺមានជម្រើសចំនួន២ ដោយជម្រើសទី១ ចាំបាច់ត្រូវការលាងឈាមជាប្រចាំ (ក្នុង១សប្តាហ៍ ៣ដង) និងជម្រើសទី២ ត្រូវប្តូរតម្រងនោម (ក្រលៀន) ដើម្បីផ្សាំសរីរាង្គ។
លោកវេជ្ជបណ្ឌិត សុខ សាគឿន បានបញ្ជាក់ថា មូលហេតុចម្បងដែលនាំឱ្យអ្នកជំងឺឈានដល់ដំណាក់កាលត្រូវប្តូរតម្រងនោម (ក្រលៀន) គឺដោយសារជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ លើសសម្ពាធឈាម។ ចំពោះការជក់បារីច្រើន គឺជាកត្តាប្រឈមផងដែរ ដែលមានហានិភ័យទៅលើជំងឺសរសៃឈាមបេះដូងផ្សេងៗបន្តទៀត។
គួររំលឹកថា លោកប៉ុល សារឿង ហៅនាយតាក់ស៊ី អាយុ៤៣ឆ្នាំ បានលែងលះជាមួយនាងលាប សោភ័ណ្ឌ ហៅភឹម កាលពីឆ្នាំ២០១៩ ដោយបន្សល់ចំណងដៃកូនប្រុសម្នាក់ ឈ្មោះរឿង ជីវ័ន្ត អាយុ១៥ឆ្នាំ ហើយនាយតាក់ស៊ី ទៅសាងផ្នួសកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ នៅវត្តមីដងទង់ ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ប៉ុន្តែដោយសារជំងឺខ្វះជាតិស្ករ ធ្វើទុក្ខខ្លាំងពេក ទើបនាយបានលាចាកសិក្ខាបទទាំងតក់ក្រហល់ ដើម្បីទៅព្យាបាលជំងឺ ហើយពេលនេះបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។ ប៉ុន្តែគ្រូពេទ្យតម្រូវឱ្យនាយត្រូវតែចាក់ថ្នាំជំនួយជាតិស្ករ នោះ អស់១ជីវិត ទើបអាចបន្តអាជីពសិល្បៈតទៅទៀតបាន៕