ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីនគរបាលជាន់ខ្ពស់ ថ្នាក់ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ម្នាក់ ជាស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានបុរសស្ត្រីប្តីប្រពន្ធ ២នាក់ ដាក់ពាក្យប្តឹងជាថ្មី ចូលទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ ព័ន្ធករណីរំលោភទំនុកចិត្ត ខ្ចីលុយលុយជាង២ម៉ឺនដុល្លារ មិនសង និងករណីស៊ីសំណូក រត់ការចូលក្របខ័ណ្ឌនគរបាលជាតិ ខណៈអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្ត បានបញ្ជាក់ថា បានទទួលពាក្យបណ្តឹង និងបញ្ជូនទៅក្រសួងមហាផ្ទៃរួចរាល់ហើយ។
យោងតាមពាក្យបណ្តឹង ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ គោរពជូនលោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានខ្លឹមសារទាំងស្រុង ដូចខាងក្រោម ៖
ខ្ញុំបាទឈ្មោះទី ប្រាថ្នា អាយុ៣១ឆ្នាំ នាងខ្ញុំឈ្មោះចិន ស្រីដា អាយុ៣០ឆ្នាំ ជាប្តីប្រពន្ធនឹងគ្នា មានអាសយដ្ឋានបច្ចុប្បន្ន រស់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។
សូមគោរពជូនឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាទីគោរពដ៏ខ្ពង់ខ្ពស់!
កម្មវត្ថុ ៖ សុំប្តឹងឈ្មោះសម្បត្តិ កុសល អាយុ៣៨ឆ្នាំ មានឋានៈជាឧត្តមសេនីយ៍ត្រី (ផ្កាយមួយ) មានតួនាទីជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងប្រពន្ធ ឈ្មោះរ៉ាំង ភិរម្យ។ គ្រួសារនេះ មានអាសយដ្ឋានបច្ចុប្បន្ន រស់នៅភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ពីបទប៉ុនប៉ងប្រព្រឹត្តអំពើពុករលួយ (ស៊ីសំណូក ជំនួញឥទ្ធិពលសកម្ម និងជំនួញឥទ្ធិពលអសកម្ម) និងរំលោភលើទំនុកចិត្ត មកលើក្រុមគ្រួសារយើងខ្ញុំ។
តបតាមកម្មវត្ថុ ខ្ញុំបាទ/នាងខ្ញុំ សូមគោរពជម្រាបជូនឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី មេត្តាជ្រាបថា ៖ កាលពីឆ្នាំ២០២២ ឈ្មោះរ៉ាំង ភិរម្យ បានចាប់ផ្តើមមានការទំនាក់ទំនងខ្ចីប្រាក់ពីនាងខ្ញុំ ជាបន្តបន្ទាប់ ដោយខ្ចីក្នុង ១លើក ពី 3000$ – 4000$ ដើម្បីរត់ការឱ្យប្តីឡើង បុណ្យស័ក្តិ។ ប៉ុន្តែនៅដើមឆ្នាំ២០២៣ ឈ្មោះរ៉ាំង ភិរម្យ ក៏ចាប់ផ្តើមមានការពិបាកក្នុងការទូទាត់ប្រាក់សងមកនាងខ្ញុំ ដូច្នោះហើយ ឈ្មោះរ៉ាំង ភិរម្យ ក៏បានឆាតមករឃោ សនាអូសទាញនាងខ្ញុំ និងគ្រួសារខ្ញុំ ឱ្យទិញឈ្មោះមន្ត្រីនគរបាល ចូលជាក្របខ័ណ្ឌនគរបាលជាតិ នឹងមានអំ ណាចនិងបុណ្យស័ក្តិ ដោយបានរៀបរាប់ថា បើប្តីនាងខ្ញុំបានចូលជានគរបាលជាតិ ជាការល្អប្រសើរ នឹងមាន បុណ្យស័ក្តិ ទទួលបានប្រាក់ខែទៀត ព្រោះមន្ត្រីនគរបាល មានអំណាចជាងមន្ត្រីកងរាជអាវុធហត្ថ និងយោធា។ ស្ត្រីឈ្មោះរ៉ាំង ភិរម្យ បានបញ្ជាក់បន្ថែមថា នៅពេលបានចូលក្របខ័ណ្ឌរួចហើយ សំងំតែបន្តិច រួចបុកប្រាក់បន្ថែម យកតួនាទីជានាយរងការិយាល័យណាមួយសិនទៅ។ ឈ្មោះរ៉ាំង ភិរម្យ បានឆាតមកនាងខ្ញុំ ដោយបានអះអាងថា ប្តីខ្លួនមានតួនាទីជាស្នងការរងនគរបាលខេត្ត (ផ្កាយ១) ខេត្តបន្ទាយមានជ័យ មានខ្សែនៅក្នុងក្រសួង មហាផ្ទៃ ដែលជាមេធំ ហើយអាចដាក់និងធានាឱ្យគ្រួសារនាងខ្ញុំចូលក្របខ័ណ្ឌនគរបាលជាតិបានគ្រប់ខេត្ត-ក្រុង ដោយអូតូ ១០០ភាគរយ។ បន្ទាប់មក ស្ត្រីឈ្មោះរ៉ាំង ភិរម្យ បានណែនាំឱ្យ គ្រួសារនាងខ្ញុំ ឈ្មោះទី ប្រាថ្នា ទាក់ទងចរចាតាមឆាត ជាមួយប្តីខ្លួនឈ្មោះសម្បត្តិ កុសល ដោយគាត់បាននិយាយអះអាង ធានានិងសន្យាថា រូបខ្លួនអាចដាក់គ្រួសារខ្ញុំ ឱ្យចូលជាប់ក្នុងក្របខ័ណ្ឌនគរបាលជាតិ ពិតមែន ក្នុងទឹកប្រាក់តម្លៃ ២០ក្រាស់ ទៅ៣០ (៣ម៉ឺនដុល្លារ)។ ឈ្មោះសម្បត្តិ កុសល បានបន្ថែមថា “ចង់បានធូរថ្លៃ ប្រយ័ត្នប៉ះអ្នកបោក គ្នីគ្នារបស់ខ្លួនជាអ្នកស៊ីនស៊ីន ១ដឹង១តែម្តង” និងបាននិយាយបន្ថែមទៀតថា “បើគ្រួសារខ្ញុំអត់បរិញ្ញាបត្រ គាត់អាចធ្វើឱ្យបាន ក្នុងតម្លៃ ១០០០ដុល្លារជាង បានស័ក្តិ១ តែម្តង”។ តែអំឡុងពេលនោះក្របខ័ណ្ឌនៅខេត្តដែលប្តីនាងខ្ញុំចង់ចូល មិនទាន់មានទំនេរនៅឡើយ។ ពេលនោះ ឈ្មោះសម្បត្តិ កុសល បានព្យាយាមសួរចង់ដាក់ឈ្មោះគ្រួសារខ្ញុំ ទៅខេត្តព្រៃវែង វិញ ដោយបង្ខំថា “ចូលសិនទៅ ចាំប្តូរមកវិញ” តែគ្រួសារខ្ញុំបានបដិសេធ មិនព្រម។ យើងខ្ញុំសូមបញ្ជាក់ជូនឯកឧត្តមអភិសន្តិបណ្ឌិត បន្ថែមទៀតថា ក្នុងការឃោសនារបស់ឈ្មោះរ៉ាំង ភិរម្យ ខាងលើនេះ គឺលោកសម្បត្តិ កុសល មានបំណងចង់កាត់កងប្រាក់ដែលគ្រួសារគាត់ជំពាក់មកលើគ្រួសារនាងខ្ញុំ។
អង្គហេតុ ១ទៀត ដែលគ្រួសារលោកសម្បត្តិ កុសល ប្រព្រឹត្តអំពើរំលោភលើទំនុកចិត្តមកលើគ្រួសារយើងខ្ញុំ រហូតមកដល់ចុងឆ្នាំ២០២៣ គឺនៅថ្ងៃទី០៩ ខែកញ្ញា ឈ្មោះរ៉ាំង ភិរម្យ បានយកប្លង់ដី ១កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រែករពៅ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុ លេខ ០១០២០៩០៣ – ០១៤១ ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០១២ មកដាក់បញ្ចាំគ្រួសារនាងខ្ញុំ ដោយបានធ្វើកិច្ចសន្យាខ្ចីចងការប្រាក់ពីនាងខ្ញុំ មានទឹកប្រាក់ទាំងអស់ ចំនួន២២៩០០ដុល្លារ។ បន្ទាប់មក ឈ្មោះរ៉ាំង ភិរម្យ ក៏បានឆាតតាមរយៈហ្វេកបុក (Facebook) សុំខ្ចីដកយកប្លង់ដីដែលខ្លួនបានដាក់បញ្ចាំនៅលើដៃនាងខ្ញុំនោះ ត្រឡប់ទៅវិញសិន ដោយបានអះអាងថា “ខ្លួនយកទៅដាក់បញ្ចាំឱ្យអ្នកផ្សេងដែលផ្តល់ប្រាក់ច្រើនជាងនាងខ្ញុំ រួចនឹងយកលុយមកទូទាត់សងនាងខ្ញុំវិញ”។ នាងខ្ញុំក៏យល់ព្រម ផ្ញើប្លង់ដីនោះតាមរយៈឡានតាក់ស៊ី ប្រគល់ឱ្យទៅឈ្មោះរ៉ាំង ភិរម្យ ដោយសារតែនាងខ្ញុំនិងគាត់ ជាមិត្តនឹងគ្នាយូរហើយ ទើបទុកចិត្ត ផ្ញើឱ្យគាត់វិញ។ ចំពោះការប្រគល់ប្លង់ដីនេះនាងខ្ញុំមិនបានធ្វើលិខិតជាលាយលក្ខណ៍អ្វីនោះទេ តែមានរូបថតនិងឆាត ដែលនាងខ្ញុំឆាតឆ្លើយឆ្លងជាមួយឈ្មោះរ៉ាំង ភិរម្យ ដែលបញ្ជាក់ថា ឈ្មោះរ៉ាំង ភិរម្យ បានទទួលប្លង់ដីនោះវិញពិតមែន។ បន្ទាប់ពីបានទទួលប្លង់ដីរួចហើយ ឈ្មោះរ៉ាំង ភិរម្យ ពុំបានទូទាត់សងប្រាក់ និងប្រគល់ប្លង់ដីដែលបានយកទៅនោះ មកប្រគល់ឱ្យនាងខ្ញុំវិញទេ រហូតមកដល់សព្វថ្ងៃនេះ។ ទោះបីនាងខ្ញុំបានខិតខំព្យាយាមទាក់ទងទៅឈ្មោះរ៉ាំង ភិរម្យ ដើម្បីសួរនាំ និងស្នើសុំប្រគល់ប្លង់ដីត្រឡប់មកវិញក៏ដោយ ប៉ុន្តែមិនអាចទាក់ទងបាន ព្រោះគណនីហ្វេសប៊ុក និងលេខទូរស័ព្ទរបស់គាត់ ត្រូវបានលោកស្នងការរង ឈ្មោះសម្បត្តិ កុសល ដែលជាប្តីរបស់គាត់ គ្រប់គ្រងទាំងអស់។ បន្ទាប់មក នាងខ្ញុំ ក៏បានឆាតផ្ទាល់ទៅលោកសម្បត្តិ កុសល ដើម្បីសួរនាំពីរឿងប្រពន្ធគាត់ ឈ្មោះរ៉ាំង ភិរម្យ បាត់ដំណឹង និងទាក់ទងមិនបាន ហើយខ្ញុំក៏បានរៀបរាប់រឿងប្រាក់បំណុលដែលប្រពន្ធគាត់ជំពាក់ និងខ្ចីចងការនាងខ្ញុំ ដើម្បីឱ្យគាត់ជួយដោះស្រាយ ប្រគល់ប្លង់ដី និងសងប្រាក់មកនាងខ្ញុំវិញ តែគាត់មិនមានដំណោះស្រាយឱ្យនាងខ្ញុំទេ ថែមទាំងប្រាប់ថា ប្រពន្ធគាត់បានសម្លាប់ខ្លួនបាត់ហើយ។ នាងខ្ញុំបានរង់ចាំការដោះស្រាយពីលោក សម្បត្តិ កុសល មួយរយៈពេលដែរ តែនៅគ្មានដំណោះស្រាយ ទើបនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ នាងខ្ញុំបានសម្រេចចិត្តបង្ហោះដំណឹងស្វែងរកប្រពន្ធរបស់គាត់ ឈ្មោះរ៉ាំង ភិរម្យ ដោយភ្ជាប់ជាមួយរូបភាពដែលមានខ្លឹមសារ ៖ ដំណឹងស្វែងរកបុគ្គលខាងក្រោមនេះ បើបានឃើញផុសនេះហើយ សូមចូលមកដោះស្រាយរឿងលុយជាមួយនាងខ្ញុំ បើនៅតែគ្មានដំណឹងខ្ញុំនឹងធ្វើតាមផ្លូវច្បាប់។ ភ្លាមនោះ លោកស្នងការរង សម្បត្តិ កុសល ក៏បានឆាតមកនាងខ្ញុំ ដោយបានស្គ្រីនហ្សតសារខាងលើនោះ ផ្ញើមកនាងខ្ញុំ ហើយបន្ថែមថា “ចាំជួបគ្នានៅតុលាការ”។ ការឆាតរបស់គាត់ មកនាងខ្ញុំនេះ ក្នុងគោលបំណងគំរាមចង់ប្តឹងនាងខ្ញុំទៅតុលាការខេត្តសៀមរាប ដោយអាងខ្លួនមានឋានៈពាក់ផ្កាយ១ ជាស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ។
ក្រោយមក នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នាងខ្ញុំឃើញលោកសម្បត្តិ កុសល ផុសរូបខ្លួនដែលអង្គុយជាមួយលោកអនុប្រធានសាលាដំបូងខេត្តសៀមរាប ម្នាក់ នៅខាងមុខសាលាដំបូងខេត្តសៀមរាប ដែលពេលនោះ គឺគាត់បាននាំប្រពន្ធខ្លួន ឈ្មោះរ៉ាំង ភិរម្យ មកដាក់ពាក្យបណ្តឹង ប្តឹងរូបនាងខ្ញុំដែលជាម្ចាស់ប្រាក់ ហើយថែមទាំងបានថតពាក្យបណ្តឹងដែលគាត់បានប្តឹងនាងខ្ញុំ ឆាតទៅគំរាមម្ចាស់លុយដទៃទៀតដែលប្រពន្ធខ្លួនបានជំពាក់។ ទន្ទឹមនឹងនោះ ម្ចាស់ប្រាក់ទាំងនោះ បានថតពាក្យបណ្តឹង ផ្ញើមកឱ្យនាងខ្ញុំមើល ហើយបានប្រាប់ថា លោកស្នងការរង សម្បត្តិ កុសល បានឆាតនិយាយថា “គាត់ប្តឹងម្ចាស់បំណុលម្នាក់ហើយ” គឺចង់សំដៅលើនាងខ្ញុំ។ បន្ទាប់មក នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នាងខ្ញុំក៏បានទទួលបានដីកាកោះហៅពីតុលាការខេត្តសៀមរាប។ នាងខ្ញុំក៏បានចូលទៅបំភ្លឺ ទៅតាមកាលកំណត់របស់តុលាការ រួចរាល់ហើយដែរ។
ក្រោយមក នាងខ្ញុំក៏នៅតែបន្តឆាតទៅលោកសម្បត្តិ កុសល ម្តងហើយម្តងទៀត សុំឱ្យមានដំណោះស្រាយមកលើគ្រួសារនាងខ្ញុំ តែលោកស្នងការរងរូបនេះ បែរជាតបវិញថា «ខ្ញុំគ្មានពេលតបជាមួយប្អូនទេ បើចង់ទាមទារលុយ ទៅប្តឹងតាមផ្លូវច្បាប់ទៅ» ទាំងដែរគាត់ជានគរបាលថ្នាក់ឧត្តមសេនីយ៍ ១រូប គ្មានទំនួលខុសត្រូវ បែរជាកាងឱ្យប្រពន្ធ និងចេញមុខបិទបាំងអំពើល្មើស និងថែមទាំងរួមគំនិតកុហកបោកប្រាស់ ដើម្បីឱ្យប្រពន្ធខ្លួនគេចវេះមិនសងប្រាក់មកនាងខ្ញុំ។ លោកសម្បត្តិ កុសល បានចាត់ទុកការឆាតរបស់នាងខ្ញុំនេះ ជាទង្វើឆាតទៅរំខានរូបគាត់ និងជាការគំរាមមកលើរូបគាត់ទៅវិញ។ គាត់បានជំរុញនិងដេញនាងខ្ញុំឱ្យទៅប្តឹង និងរកច្បាប់ជួយទៅ។
ឯកឧត្តមអភិសន្តិបណ្ឌិត ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងដំណើររឿងនេះ យើងខ្ញុំមិនទាន់ហ៊ាន សម្រេចចិត្តដាក់ពាក្យបណ្តឹងទៅតុលាការខេត្តសៀមរាប នៅឡើយទេ ព្រោះដោយសារយើងខ្ញុំមើលឃើញលោកស្នងការរង សម្បត្តិ កុសល ផុសរូបជាមួយលោកអនុប្រធានសាលាដំបូង ម្នាក់ មានគោលបំណងប្រើប្រាស់ឥទ្ធិពលជាស្នងការរងនគរបាលខេត្តផង និងចៅក្រមផង ដែលមានឋានៈបុណ្យស័ក្តិខ្ពស់ទៀត ចង់បង្ហាញថា បើយើងខ្ញុំធ្វើតាមផ្លូវច្បាប់ និងតុលាការ មិនអាចប្តឹងឈ្នះរូបគាត់ឡើយ។
យើងខ្ញុំសូមស្នើសុំឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី មេត្តាមានចំណាត់ការតាមផ្លូវ ច្បាប់ លើលោកសម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ដោយត្រូវបញ្ចប់ និងបណ្តេញមន្ត្រីរូបនេះ ចេញពីក្របខ័ណ្ឌនគរបាលជាតិ ដើម្បីការពារកិត្តិយសមន្ត្រីនគរបាលជាតិ ព្រោះតែបានប្រើប្រាស់ឥទ្ធិពលជាមន្ត្រីនគរបាលជាតិ ប្រព្រឹត្តអំពើស៊ីសំណូក ជំនួញឥទ្ធិពលសកម្ម និងអសកម្ម មកលើគ្រួសារយើងខ្ញុំ និងអ្នកដទៃ…។
ជុំវិញករណីខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីសាមីខ្លួនលោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ និងប្រពន្ធ ឈ្មោះរ៉ាំង ភិរម្យ បានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
ដោយឡែកលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការរង និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយ មានជ័យ បានបានបញ្ជាក់ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ថា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានទទួលបណ្តឹងពីភាគីដើមបណ្តឹង ដែលបានប្តឹងឈ្មោះសម្បត្តិ កុសល ជាមន្ត្រីនគរ បាលខេត្តបន្ទាយមានជ័យ និងប្រពន្ធឈ្មោះរ៉ាំង ភិរម្យ ដែលបានចោទថា បានខ្ចីលុយ និងបោកប្រាស់ ហើយសំណុំរឿង ត្រូវបានបញ្ជូនទៅក្រសួងមហាផ្ទៃរួចរាល់ហើយ។
គួរបញ្ជាក់ដែរថា ករណីខាងលើនេះ ម្ចាស់បណ្តឹងខាងលើ ធ្លាប់បានទម្លាយតាមបណ្តាញសង្គម និងសារព័ត៌ មានពីមុនមកម្តងរួចកហើយ ដើម្បីឲ្យភាគីចុងចោទ (លោកឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល និងភរិយា) ចូល ខ្លួនដោះស្រាយ តែអស់ពេលជាច្រើនខែ មិនឃើញភាគីចុងចោទចូលខ្លួនមកទទួលខុសត្រូវ ទើបភាគីដើមបណ្តឹង និងជាម្ចាស់បំណុល សម្រេចដាក់ពាក្យបណ្តឹងចូលទៅលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅពេលនេះតែម្តង៕