Thursday, November 28, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមពលរដ្ឋរិះ.../គន់ ស្មៀនឫ---/កធំជាងមេឃុំ សម្លុ.../តពលរដ្ឋ

ពលរដ្ឋរិះ…/គន់ ស្មៀនឫ—/កធំជាងមេឃុំ សម្លុ…/តពលរដ្ឋ

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋនៅឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង បានចោទប្រកាន់ស្មៀនឃុំ មួយរូប ថាបម្រើសេវាសាធារណៈមានភាពយឺតយ៉ាវ បង្កការរាំងស្ទះដល់សេវាតម្រូវការ មិនតែប៉ុណ្ណោះ ប្រើពាក្យសម្តីមិនសមរម្យ សម្លុតប្រជាពលរដ្ឋថែមទៀតផង។

ករណីនេះ ប្រធានក្រុមប្រឹក្សាស្រុក តម្រូវឱ្យស្មៀនឃុំ ធ្វើការកែប្រែចរិតឆ្កាំឆ្គងនេះចេញ ហើយប្រឹងប្រែងសា ជាថ្មី ខិតខំបម្រើប្រជាពលរដ្ឋ ទៅតាមសំណូមពរ តែបើនៅតែមិនកែប្រែ គណៈបញ្ជាការឯកភាពស្រុក នឹងប្រជុំក្រុមប្រឹក្សាដាក់ពិន័យរដ្ឋបាល ឬត្រូវធ្វើការផ្លាស់ប្តូរ។

ក្នុងកិច្ចប្រជុំជាមួយរដ្ឋបាលឃុំ និងប្រជាពលរដ្ឋនៅសាលាឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកអ៊ុក ចាន់ថន ប្រធានក្រុមប្រឹក្សាស្រុក បានបញ្ជាក់ថា ប្រការនេះមានប្រជាពលរដ្ឋបានសរសេរសំបុត្រដាក់ក្នុងប្រអប់ការិយាល័យប្រជាពលរដ្ឋ ក្នុងពេលដែលគាត់មកធ្វើសំបុត្រកំណើត នៅសាលាឃុំក្បាលរមាស អស់រយៈពេល២០ថ្ងៃ ធ្វើមិនបាន។

លោកបន្តថា ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ មានសារសំខាន់ណាស់ ហើយបើស្មៀន ធ្វើឫកធំជាងមេឃុំ ហើយប្រើប្រាស់ពាក្យសម្តីមិនពីរោះទៅលើប្រជាពលរដ្ឋ តើការងាររដ្ឋបាលនេះ វាទៅជាយ៉ាងណា? និងឱ្យប្រជាជនសង្ឃឹមលើអ្នកណា? ហើយយើងកុំខឹងនឹងគាត់ យើងត្រូវរកហេតុផល រកចំណុចខ្សោយរបស់យើង តើពិតប្រាកដ ឬមិនពិតប្រាកដ? បើសិនណាការចោទប្រកាន់របស់គាត់ពិតប្រាកដ ត្រូវតែកែលម្អ ។

លោកសៃ ស៊ូឃិត ស្មៀនឃុំក្បាលរមាស បានទទួលយកការណែនាំនេះ និងធ្វើការកែប្រែដើម្បីរួមគ្នាជាមួយរដ្ឋបាលឃុំ និងសមាជិកក្រុមប្រឹក្សាឃុំទាំងអស់ ខិតខំបម្រើប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព និងមិនរើសអើង។

ស្មៀនឃុំក្បាលរមាស រូបនេះ បានប្តេជ្ញាយ៉ាងដូច្នេះថា “ចាប់ពីពេលនេះតទៅ ខ្ញុំមិនឱ្យមានបញ្ហានេះកើតឡើងទៀតទេ ហើយនៅពេលប្រជាពលរដ្ឋគាត់ចូលមក ខ្ញុំនឹងទទួលគាត់គ្រប់ពេលវេលា មិនឱ្យគាត់មានការអន់ចិត្តរឿងផ្តល់សេវាជូនគាត់ទៀតទេ”។

គួរបញ្ជាក់ថា ករណីរឿងស្មៀនឃុំ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុកតែងតែធ្វើការណែនាំជារឿយៗរួចមកហើយ ឱ្យផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អឆាប់រហ័ស។ តែនៅមានស្មៀនមួយចំនូន មិនទាន់បានធ្វើការកែប្រែនៅឡើយ៕

RELATED ARTICLES