ភ្នំពេញ ៖ សង្ឃទ្រុស្តសីល ចំនួន២អង្គ បាននាំគ្នាទិញស្រាបៀរ និងសាច់គោ យកមកលាក់ទុកនៅក្នុងកុដិ លុះដល់កណ្តាលយប់ នាំគ្នាផឹកស្រា ក្លែមសាច់គោអាំង ទឹកប្រហុក យ៉ាងសប្បាយក្អាកក្អាយ ស្រាប់តែជះក្លិនដល់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត មានការសង្ស័យ ក៏នាំគ្នាសម្រុកចូលវត្ត ទូងស្គរប្រកាសអាសន្ន ផ្អើលទាំង កណ្តាលយប់ និងចាប់បានជាក់ស្តែង ឃើញលោកសង្ឃល្មើសវិន័យទាំង២អង្គ ត្រូវស្រាបៀរចូលព្រះកាយ ព្រះភក្រ្តប្រែពណ៌ក្រហម មានទាំងកំប៉ុងស្រាបៀរផឹករួច និងក្លាស្សេ ព្រមទាំងសាច់គោអាំង ទឹកប្រហុក ឈ្ងុយពេញកុដិ។
ករណីពុទ្ធបរិស័ទ ចាប់បានព្រះសង្ឃ ២អង្គ លួចឆាន់ស្រាបៀរ ក្លែមសាច់គោអាំង ក្នុងកុដិនេះ បានកើតមានការផ្អើលឡើង កាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចកុដិមួយ ស្ថិតក្នុងបរិវេណវត្តពោធិញ្ញាណ មានទីតាំងស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
បន្ទាប់ពីកើតមានករណីខាងលើនេះភ្លាម មានកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងកម្លាំងអាវុធហត្ថ បានចុះទៅកន្លែងកើតហេតុភ្លាមៗផងដែរ ដើម្បីការពារកុំឱ្យកើតមានបាតុភាពចលាចល ឬអំពើហិង្សាណាមួយជាយថាហេតុ។តាមប្រភពប្រជាពលរដ្ឋពុទ្ធបរិស័ទ បានឱ្យដឹងថា វត្តខាងលើ មិនទាន់មានគណៈកម្មការណាមួយមកគ្រប់គ្រង់នៅឡើយទេ បើគិតមកដល់សព្វថ្ងៃនេះ ទើបធ្វើឱ្យព្រះសង្ឃកំហូច ទាំង២អង្គខាងលើ បែកគំនិតហ៊ានដល់ថ្នាក់លួចឆាន់ស្រា ក្លែមសាច់គោអាំង នៅក្នុងកុដិបែបនេះ។
ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុ មានពុទ្ធបរិស័ទ បានដើរកាត់កុដិរបស់សង្ឃកំហូចទាំង២អង្គ ខាងលើ បានធុំក្លិនឈ្ងុយសាច់អាំង ទើបសង្ស័យ ក៏លបមើល ស្រាប់តែឃើញសង្ឃ ២អង្គនោះ កំពុងអង្គុយជល់កែវផឹកស្រា ក្លែមសាច់គោអាំង នៅក្នុងកុដិ យ៉ាង រំភើយ ទើបបានទៅប្រាប់ពុទ្ធបរិស័ទចំណុះជើងវត្ត រួចនាំគ្នាសម្រុកចូលវត្ត ទូងស្គរប្រកាសអាសន្ន ផ្អើលពេញវត្ត រួចក៏ចូលទៅឆែកក្នុងកុដិខាងលើ ដោយចាប់បានភ័ស្តុតាងជាក់ស្តែង ផ្ទាល់ភ្នែក មានទាំងកំបុងស្រាបៀរដែលផឹករួច ខ្លះនៅសល់ស្រាបៀរក្នុងកំប៉ុង និងមានកំប៉ុងស្រាបៀរថ្មីៗ (មិនទាន់គាស់) ជាច្រើន នៅក្នុងធុងក្លាស្សេ ពណ៌ត្រួយចេក ព្រមទាំងមានសាច់គោអាំង ទឹកប្រហុក ១ប្រអប់ទៀតផង។ ចំណែកមុខសង្ឃទាំង ២អង្គនោះ ក្រហមរងាលដូចរងើកភ្លើងតែម្តង។
ក្រោយកើតមានបាតុភាពខាងលើ ព្រះចៅអធិការវត្ត និងព្រះលេខាធិការអនុគណខណ្ឌមានជ័យ បាននាំសង្ឃកំហូចទាំង២អង្គ ទៅសាកសួរ ហើយសង្ឃទាំង២អង្គ បានទទួលស្គាល់កំហុសរបស់ខ្លួនថា ពិតជាបានលួចផឹកស្រា ក្លែមសាច់គោអាំង ទឹកប្រហុក ប្រព្រឹត្រខុសវិន័យ ព្រះពុទ្ធសាសនា (ឆាន់ស្រា ក្លែមសាច់) ប្រាកដមែន។ បន្ទាប់មក ព្រះចៅអធិការ សម្រេចផ្សឹកសង្ឃកំហូចទាំង២អង្គ តាមច្បាប់វិន័យសង្ឃ រួចប្រគល់ជូនកម្លាំងអាវុធហត្ថខណ្ឌមានជ័យ នាំយកទៅចាត់ការបន្ត។
សូមបញ្ជាក់ថា នេះជាទង្វើរបស់បុគ្គលជាសង្ឃទ្រុស្តសីលប៉ុណ្ណោះ មិនអាចនិយាយបូករួមទាំងអស់បានទេ ហើយក៏សូមអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ ជាពុទ្ធសាសនិក កុំដាក់បន្ទុករួមដល់ព្រះសង្ឃទូទៅ ព្រោះនេះជាការប្រព្រឹត្តរបស់បុគ្គលតែប៉ុណ្ណោះ៕