ខេត្តបន្ទាយមានជ័យ ៖ ជនជាតិឥណ្ឌូនេស៊ី ចំនួន៣នាក់ (ស្រី១) បានអះអាងថា ពួកខ្លួនមកធ្វើការឆ្ងាយ នឹកស្រុក ណាមួយកូនឈឺផង ទើបសុំថៅកែ ត្រឡប់ទៅស្រុកកំណើតវិញ តែថៅកែបដិសេធ ទើបសម្រេចរាយ ការណ៍ប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ជួយរំដោះចេញពីកន្លែងធ្វើការទាំង៣នាក់។

កិច្ចអន្តរាគមន៍នេះ បានធ្វើឡើងកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចអគារស្នាក់នៅ១កន្លែង ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានស្នើសុំកិច្ចអន្តរាគមន៍ពីជនជាតិឥណ្ឌូនេស៊ី ទាំង៣រូប ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានផ្តល់ព័ត៌មានភ្លាមជូនលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងត្រូវបានលោកស្នងការ បញ្ជាកម្លាំងជំនាញចម្រុះ នៃក្រុមប្រតិបត្តិការស៊ើប អង្កេតស្រាវជ្រាវបណ្តាញនាំមនុស្សឆ្លងដែនខុសច្បាប់ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលផ្ទាល់ពីលោកសំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះអនុវត្តវិធានការស៊ើបអង្កេត តាមរយៈប្រព័ន្ធ GPS ដែលមានក្នុងបណ្តឹង។
ជាលទ្ធផល សមត្ថកិច្ចបានរកឃើញទីតាំងជនរងគ្រោះ ទាំង៣នាក់ នៅអគារស្នាក់នៅ ១កន្លែង ក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និងបានសម្រួលជនជាតិឥណ្ឌូនេស៊ីចំនួន៣នាក់ (ក្នុងនោះមានស្រី១នាក់) ចេញ ពីទីតាំងនោះ ប្រកបដោយសុវត្ថិភាព។ ភ្លាមៗបន្ទាប់ពីការរំដោះ នៅថ្ងៃដដែលនោះ កម្លាំងជំនាញបាននាំខ្លួនជនជាតិបរទេស ទាំង៣នាក់ ទៅកាន់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីបន្តនីតិវិធីសាកសួរ និងស្តាប់ការបំភ្លឺ ជុំវិញករណីនេះ។
នៅចំពោះមុខសមត្ថកិច្ច ជនជាតិឥណ្ឌូនេស៊ី ទាំង៣នាក់ បានឱ្យដឹងថា ពួកគេបានចូលមកប្រទេសកម្ពុជា ដោយស្របច្បាប់ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីបម្រើការងារជាបុគ្គលិកហាងបាយ នៅក្នុងអគារខាងលើ។ ជនរងគ្រោះ បានបន្តថា ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការ គឺពុំមានការបង្ខិតបង្ខំ ធ្វើទារុណកម្ម ឬការគំរាមកំហែងណាមួយឡើយ ប៉ុន្តែមូលហេតុដែលនាំឱ្យមានការប្តឹងសុំកិច្ចអន្តរាគមន៍សង្គ្រោះនេះ គឺដោយសារពួកគេនឹកស្រុកកំណើតខ្លាំង និងមានកូនតូចកំពុងឈឺ នៅឯស្រុក ទើបចង់ត្រឡប់ទៅប្រទេសឥណ្ឌូនេស៊ី វិញ។
ជនជាតិឥណ្ឌូនេស៊ី ទាំង៣នាក់ ដែលត្រូវបានរំដោះ រួមមាន ទី១-ឈ្មោះ JUNI TINUNGKI ភេទប្រុស អាយុ៣៤ឆ្នាំ (កើតថ្ងៃទី៨ ខែមិថុនា ឆ្នាំ១៩៩២) កាន់លិខិតឆ្លងដែនលេខ X6088054។ ទី២។ ឈ្មោះ RIO DWI PUTRA LUMINTANG ភេទប្រុស អាយុ៣០ឆ្នាំ (កើតថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩៦) កាន់លិខិតឆ្លងដែនលេខ E4401875 និងទី៣-ឈ្មោះ JESIKA ANGGREINI SIAGE ភេទស្រី អាយុ២៩ឆ្នាំ (កើតថ្ងៃទី២៥ ខែកក្កដា ឆ្នាំ១៩៩៧)កាន់លិខិតឆ្លងដែនលេខ X6088055 ៕