ភ្នំពេញ ៖ បុរសម្នាក់ បានកើតមានជំងឺប្រចាំកាយ តែមិនហ៊ានទៅពេទ្យព្យាបាលទេ ដោយចេះតែផ្សំថ្នាំលេបរហូត ព្រោះចង់សន្សំលុយប្រាក់ខែសន្តិសុខ ផ្ញើទៅចិញ្ចឹមប្រពន្ធកូន នៅឯស្រុកកំណើត លុះអាការជំងឺធ្វើទុក្ខខ្លាំង បណ្តាលឱ្យដេកស្លាប់នៅក្នុងប៉ុស្តិ៍យាមយ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចការដ្ឋានកំពុងសាងសង់មួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះ មានឈ្មោះឈិន សំបូរ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរសន្តិសុខក្រុមហ៊ុន GIANTS SECURITY AGENT ស្នាក់នៅបណ្តោះអាសន្ន ត្រង់ចំណុចកើតហេតុខាងលើ និងមានស្រុកកំណើតនៅភូមិចម្ការថ្មី ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលលក់ដូរក្បែរកន្លែងកើតហេតុ បានបញ្ជាក់ប្រាប់ថា បុរសជនរងគ្រោះខាងលើ មិនស្រូវស្រួលខ្លួនប៉ុន្មានទេ និងចេះតែត្អូញត្អែរថា អត់លុយទៅពិនិត្យសុខភាព ចេះតែទៅផ្សំថ្នាំលេបរហូត លុះមានគេសួរនាំថា ម៉េចមិនទៅរកពេទ្យពិនិត្យ ព្យាបាលម្តងទៅ? ជនរងគ្រោះតែងឆ្លើយថា គាត់ចង់សន្សំលុយកាក់ប្រាក់ខែ ទុកផ្ញើឲ្យប្រពន្ធកូននៅឯស្រុកកំណើត ដែលកំពុងមានជីវភាពខ្វះខាត។
ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មានកម្មករនិងជាងសំណង់ ធ្វើការនៅក្នុងការដ្ឋានទីតាំងកើតហេតុខាងលើ បានកើតការភ្ញាក់ផ្អើលថា ប្រទះឃើញជនរងគ្រោះជាសន្តិសុខ បានដេកស្លាប់នៅប៉ុស្តិ៍យាម ដីឡូត៍ការដ្ឋានកំពុងសាងសង់ រួចក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ចុះមកពិនិត្យភ្លាមៗ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចបច្ចេកទេសកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះដល់ទីតាំងកើតហេតុ និងបានធ្វើការត្រួតពិនិត្យជាបឋម រួចសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារគាំងបេះដូង។
ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទងផ្តល់ដំណឹងទៅក្រុមគ្រួសារជនរងគ្រោះ ដើម្បីមកទទួលយកសព ដឹកទៅកាន់ស្រុកកំណើត រៀបចំធ្វើបុណ្យតាមប្រពៃណី។ ដោយឡែក ម៉ូតូ ១គ្រឿង របស់ជនរងគ្រោះ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២២ ពាក់ស្លាកលេខ ភ្នំពេញ 1JR-14351ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារជនរងគ្រោះវិញផងដែរ៕