Tuesday, April 7, 2026
Homeសង្គម និងជីវិតផ្នូរខ្មោច សែន៦០ឆ្នាំ គេព័ទ្ធរបងមិនឱ្យចូល

ផ្នូរខ្មោច សែន៦០ឆ្នាំ គេព័ទ្ធរបងមិនឱ្យចូល

ខេត្តកណ្តាល ៖ ជារឿងដ៏គួរភ្ញាក់ផ្អើល សម្រាប់ក្រុមគ្រួសារបុរសចំណាស់ វ័យ៨០ឆ្នាំប្លាយ មួយរូប ខណៈដែលនាំក្រុមគ្រួសារមករៀបចំសែនផ្នូរ (ឆេងម៉េង) នៅផ្នូរដូនតារបស់ខ្លួន ដែលធ្លាប់មកសែនព្រេន ជារៀងរាល់ឆ្នាំ អស់រយៈពេលជាង ៦០ឆ្នាំមកហើយ ស្រាប់តែនៅឆ្នាំនេះ បែរជាត្រូវគេសង់របងថ្មហ៊ុមព័ទ្ធផ្នូរ មិនអនុញ្ញាតឱ្យចូល ដោយអះអាងថា ជាដីកម្មសិទ្ធិរបស់គេ ដោយម្ចាស់ដី ថែមទាំងមានប្លង់រឹងកាន់កាប់ត្រឹមត្រូវទៀតផង ធ្វើឱ្យក្រុមគ្រួសារបុរសចំណាស់ដែលជាម្ចាស់ផ្នូរ កើតទុក្ខមិនសុខចិត្ត ស្នើសុំឱ្យអាជ្ញាធរ ជួយរកយុត្តិធម៌។

រឿងរ៉ាវដ៏ចម្រូងចម្រាសនេះ បានកើតឡើងនៅក្នុងភូមិសាស្ត្រភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លោកតា ឡា សុខវេង វ័យជាង៨០ឆ្នាំ ដែលជាម្ចាស់ផ្នូរខាងលើ បានរៀបរាប់ប្រាប់ថា ផ្នូរនេះ គឺជាទីតាំងបញ្ចុះ សពជីដូនរបស់គាត់ ហើយជារៀងរាល់ឆ្នាំ គាត់តែងតែនាំកូននិងចៅ រហូតដល់សព្វថ្ងៃមានទាំងចៅទួតផង មកគោរពសំពះ សែនផ្នូរជីដូនរបស់គាត់ ដែលបានសាង សង់ឡើងតាំងពីឆ្នាំ១៩៦៤ មកម៉្លេះ ប៉ុន្តែអ្វីដែលធ្វើឱ្យគាត់និងក្រុមគ្រួសារ មានការភ្ញាក់ផ្អើល និងស្រងាកចិត្តខ្លាំងបំផុតនោះ គឺកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ កន្លង ទៅ ខណៈដែលគាត់បាននាំកូនចៅ មករៀបចំសែនផ្នូរជីដូនដូចសព្វដង ស្រាប់តែប្រទះឃើញមានរបងថ្មីសន្លា ង ទើបនឹងសាងសង់មិនទាន់រួចរាល់នៅឡើយ កំពុងត្រូវបានគេសាងសង់ព័ទ្ធជុំវិញដីផ្នូរជីដូនរបស់គាត់។

បុរសវ័យចំណាស់ បានបន្តថា តាមពិត ទីតាំងដីផ្នូរជីដូនរបស់គាត់នេះ គឺជាទីតាំងដីសហគមន៍ សម្រាប់បញ្ចុះ សព តាំងពីរាប់សិបឆ្នាំមកហើយ ពោលគឺតាំងពីគាត់នៅក្មេងៗម៉្លេះ រហូតដល់សព្វថ្ងៃ គាត់មានវ័យ ៨០ឆ្នាំប្លាយទៅហើយ ហេតុដូចម្តេចទើបបានជានៅសុខៗ ទីតាំងខាងលើ ប្រែក្លាយទៅជាដីមានម្ចាស់កម្មសិទ្ធិកាន់កាប់ ដោយមានប្លង់រឹងទៅវិញ?

បុរសចំណាស់ខាងលើ បញ្ជាក់ថា “សព្វថ្ងៃ ឪពុកម្តាយ បងប្អូនខ្ញុំ ស្លាប់អស់ហើយ ហើយខ្ញុំ ១ឆ្នាំៗ មកសែននៅផ្នូរនេះ សង្ឃឹមថា ព្រលឹងដូនតា ឪពុកម្តាយ បងប្អូន នឹងមកជុំគ្នាក្នុងផ្នូរហ្នឹង ហើយបើសិនជាវ៉ៃបែកទៀត ខ្ញុំអស់រលីង…”។

លោក ឡា សុខគ្រី ត្រូវជាចៅទួតរបស់សពដែលបញ្ចុះនៅទីតាំងផ្នូរខាងលើ បានរៀបរាប់ពីសាវតារផ្នូរយាយទួតរបស់ខ្លួនថា “ផ្នូរហ្នឹង គឺធ្វើនៅឆ្នាំ១៩៦៤ ផ្នូរលើហ្នឹង គឺផ្លាកព្រលឹងហ្នឹង នៅលើហ្នឹង មានឆ្នាំធ្វើហើយ បើគិតដល់ឥឡូវ ៦០ឆ្នាំជាង ឪពុកខ្ញុំ (ឡា សុខវេង) គាត់សែន តាំងពីជំនាន់គាត់នៅតូច ហើយតាំងពីខ្ញុំអត់ទាន់កើត ដល់ពេលតកូនតចៅ ៣-៤ជំនាន់ហើយ អត់ដែលមានបញ្ហាអីសោះ ទើបតែថ្មីៗនេះ ដែលខ្ញុំមកសែន ថ្ងៃទី២៨ ថ្ងៃសៅរ៍-អាទិត្យ មុនហ្នឹង ក៏ភាគីជាម្ចាស់ដី គាត់ចូលមក គាត់ឆោឡោ គាត់ខឹងយកហ្មង គាត់ចូលមក គាត់អត់ មានជជែកជាមួយពួកយើងស្រួលទេ គាត់ថា “ពួកអ្ហែងអាណាគេ? ចូលមកដីអញ អត់មានសុំអនុញ្ញាតពីអញអ៊ីចឹង?” ពួកខ្ញុំក៏និយាយប្រាប់គាត់ តាមសម្រួលថា ផ្នូរហ្នឹង ប៉ាខ្ញុំ មកសែន តាំងពីគាត់នៅក្មេង ហើយនៅលើផ្នូរ ក៏មានបញ្ជាក់ពីអាយុកាលផ្នូរនេះដែរ តែបុរសជាម្ចាស់ដី ដែលតាមខាងអាជ្ញាធរឃុំប្រាប់ថា ឈ្មោះហ៊ី ណារិន បានខឹងសម្បា រហូតគំរាមថា ផ្នូរនៅលើដីរបស់គាត់ ចង់គាត់ឈូសចោល វ៉ៃចោល ពេលណាក៏បាន និងថែមទាំងនិយាយស្តីដោយពាក្យអសុរោះ ជាច្រើនទៀតផង…”។

លោក ឡា សុខគ្រី បានបន្តថា ជារៀងរាល់ឆ្នាំ ឪពុករបស់លោក តែងមកសែនផ្នូរយាយរបស់គាត់ នៅទីនេះ មិនដែលខានឡើយ ខកខានតែអំឡុងសម័យសង្គ្រាម (ប៉ុល ពត) លុះក្រោយប៉ុល ពត ដួលរលំ ឪពុកលោក បានតាមមករកផ្នូរជីដូនគាត់ឃើញ រួចក៏ចាប់ផ្តើមនាំកូនចៅ មកសែនព្រេនបន្ត រហូតមក ហើយទើបតែសម័យកូវីដ ក្រុមគ្រួសារគាត់ ក៏ខកខានមកសែនផ្នូរ ២ឆ្នាំ ប៉ុន្តែក្រោយចប់កូវីដ ឪពុកគាត់ ក៏ដឹកនាំកូនចៅ មកសែនបន្ត ទោះបីសព្វថ្ងៃ គាត់កាន់តែជរា ដើរសឹងមិនរួច ក៏នៅតែឱ្យកូនចៅជូនគាត់មកសែនផ្នូរដែរ។ ស្រាប់តែពេលនេះ បែរជាមានគេអះអាងថា ជាម្ចាស់ដី ហើយមិនត្រឹមតែរារាំងមិនឱ្យពួកគាត់ជាកូនចៅ ចូលទៅសែនព្រេន តាមទម្លាប់ទេ តែភាគីដែលអះអាងថាជាម្ចាស់ដី បានព្រមានវាយកម្ទេចផ្នូរបស់ដូនតាគាត់ចោលថែមទៀតផង ធ្វើឱ្យពួកគាត់ជាកូនចៅនិងចៅទួត កើតទុក្ខមិនសុខចិត្តឡើយ និងសុំឱ្យស្ថាប័នពាក់ព័ន្ធ ជួយរកយុត្តិធម៌សម្រាប់គ្រួសាររបស់លោកផង។

ជុំវិញរឿងរ៉ាវដ៏ចម្រូងចម្រាសខាងលើនេះ “នគរធំ” មិនអាចទាក់ទងសុំការបំភ្លឺពីភាគីម្ចាស់ដីឈ្មោះ ហ៊ី ណារិន បានទេ កាលពីម្សិលមិញ។ យ៉ាងណាយើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ដោយឡែក នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ មន្ទីរសុរិយោដីខេត្តកណ្តាល បានចេញសេចក្តីបំភ្លឺមួយ ដោយបញ្ជាក់ថា ទីតាំងដីវិវាទខាងលើ មានម្ចាស់ ឈ្មោះ ហ៊ី ណារិន និងប្រពន្ធឈ្មោះ ឈុន ជូ ដែលបានទិញពីឈ្មោះ ហូ សាឡាត់ តាមកិច្ចសន្យាលក់ផ្តាច់ តាំងពីឆ្នាំ២០០៥។ លុះដល់ឆ្នាំ២០១២ ម្ចាស់ដី បានចូលរួមចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ហើយទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ទំហំ ១៩៨៧ម៉ែត្រការ៉េ។

សេចក្តីបំភ្លឺព័ត៌មានរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល មានខ្លឹមសារទាំងស្រុងថា «មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកណ្តាល សូមធ្វើការបំភ្លឺព័ត៌មានបន្ថែម ជូនសាធារណជន មេត្តាជ្រាប អំពីករណីបណ្តាញសារព័ត៌មានបង្ហោះផ្សាយថា “ធ្វើប្លង់រឹងក្តោបយកម៉ុងខ្មោច និងធ្វើរបងបិទ មិនឲ្យចូលសែន… ដីនៅភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល…”។ពាក់ព័ន្ធករណីនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី ខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបណ្តាញផ្សព្វផ្សាយព័ត៌មានទាំងអស់ ឱ្យបានជ្រាបថា ៖

តាមការស្រាវជ្រាវរបស់មន្ទីរ និងរដ្ឋបាលស្រុកស្អាង ដីខាងលើ មានម្ចាស់ឈ្មោះហ៊ី ណារិន និងប្រពន្ធ ឈ្មោះឈុន ជូ ដែលបានទិញពីឈ្មោះហូ សាឡាត់ តាមកិច្ចសន្យាលក់ផ្តាច់ និងមានការបញ្ជាក់ពីអាជ្ញាធរភូមិ-ឃុំ ចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០០៥។ បន្ទាប់មក ឈ្មោះហ៊ី ណារិន និងប្រពន្ធ បានចូលរួមចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ហើយទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ០៨១០០៨០១-០៤៧១ មានទំហំ ១ ៩៨៧ m2 នៅឆ្នាំ២០១២។ នៅលើដីនេះ មានម៉ុងមួយ ដែលបានសាងសង់តាំងពីទសវត្ស៦០ មានម្ចាស់ម៉ុង ឈ្មោះឡា សុខវេង ដែលជារៀងរាល់ឆ្នាំ គាត់តែងតែមកសែន។ ថ្មីៗនេះ ម្ចាស់ដីបានហាមឃាត់ម្ចាស់ម៉ុង មិនឱ្យចេញចូលដីនោះទៀតឡើយ ហើយបាននិងកំពុងសាងសង់របងបិទ ដែលបង្កជាជម្លោះកើតឡើង។

នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរឃុំព្រែកគយ ស្រុកស្អាង បានអញ្ជើញតួភាគីទាំងពីរ មកធ្វើការសម្រុះសម្រួល ប៉ុន្តែភាគី ហ៊ី ណារិន (ម្ចាស់ដី) មិនបានចូលរួម។

ឈ្មោះ ឡា សុខវេង (ម្ចាស់ម៉ុង) ក៏បានស្នើសុំឲ្យអាជ្ញាធរស្រុក បន្តជួយសម្រុះសម្រួលដោះស្រាយ។

នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ នេះ លោកអភិបាលស្រុក បានបញ្ជាក់ថា អាជ្ញាធរស្រុក នឹងធ្វើ លិខិតអញ្ជើញគូភាគី មកធ្វើការសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទ នៅថ្ងៃពុធ ទី៨ ខែមេសា ឆ្នាំ២០២៦ ខាងមុខ»៕ ដារិទ្ធ

RELATED ARTICLES