ភ្នំពេញៈ ក្រោយបើកកិច្ចប្រជុំ ក្រោមការដឹកនាំរបស់លោកកឹម សុខា កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ បានចេញសេចក្ដីថ្លៃងការណ៍ បញ្ជាក់ថា មិនគាំទ្រលើសំណើធ្វើវិសោធនកម្មស្ដីពីគណបក្សនយោបាយ ដែលស្នើឡើងដោយក្រុមតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជា នោះទេ ៕ ដូច្នេះក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិ សម្រេចមិនចូលប្រជុំសភាជាវិសាមញ្ញ ដើម្បីពិនិត្យ និងអនុម័តសេចក្ដីស្នើច្បាប់នេះ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ ។
សេចក្ដីថ្លែងការណ៍ របស់ក្រុមសាមាជិកសភាគណបក្សសង្រ្គោះជាតិ បានបញ្ជាក់បន្ថែមថា មូលហេតុមិនគាំទ្រលើសំណើធ្វើវិសោធនកម្មច្បាប់ស្ដីពី គណបក្សនយោបាយនេះ មាន៤ចំណុច គឺ១. សេចក្ដីស្នើច្បាប់នេះ នឹងបង្ក ឲ្យមានការបែកបាក់ឯកភាពជាតិ យ៉ាងធ្ងន់ធ្ងរ ។ ២. ខ្លឹមសារក្នុងសេចក្ដីូស្នើច្បាប់មានលក្ខណៈផ្ទុយពីគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។ ៣. សំណើវិសោធនកម្មនេះធ្វើឡើងផ្ទុយពីឆន្ទៈប្រជាពលរដ្ឋខ្មែរ ។ ៤. វិសោធនកម្មនេះគឺធ្វើឡើងដោយប្រញាប់ប្រញាល់ ហើយអាចយកមកបម្រើ ដើម្បីគាបសង្កត់ និងបំផ្លាញគណបក្សប្រជែង ៕