Friday, May 1, 2026
Homeនយោបាយកឹម សុខា សាលាឧទ្ធរណ៍តម្កល់ទោស ដាក់គុក២៧ឆ្នាំ បន្ថែម៥ឆ្នាំ ហាមចេញក្រៅប្រទេស

កឹម សុខា សាលាឧទ្ធរណ៍តម្កល់ទោស ដាក់គុក២៧ឆ្នាំ បន្ថែម៥ឆ្នាំ ហាមចេញក្រៅប្រទេស

ភ្នំពេញ ៖ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ បានប្រកាសសាលដីកាសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស» របស់លោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំង (អតីតគណបក្សសង្គ្រោះជាតិ) ដែលបានផ្តន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគារ ចំនួន២៧ឆ្នាំ (ឃុំខ្លួនក្នុងផ្ទះ) ដដែល និងបន្ថែមទោសហាមចេញទៅក្រៅប្រទេស រយៈពេល៥ឆ្នាំ។

តំណាងទូតពីសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា និងអង្គការសហប្រជាជាតិ បានចូលស្តាប់ការប្រកាសសាលដីកា ខណៈក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាច្រើនស្ថាប័ន អ្នកគាំទ្រមកពីគណបក្សនានា និងប្រជាពលរដ្ឋផង បានរង់ចាំនៅពីខាងមុខសាលាឧទ្ធរណ៍ភ្នំពេញ តាំងពីក្បួនរថយន្តរបស់លោក កឹម សុខា មិនទាន់មកដល់។ ក្បួនរថយន្តដែលដឹកលោក កឹម សុខា បានចូលមកដល់បរិវេណសាលាឧទ្ធរណ៍ នៅវេលាម៉ោងប្រមាណ ៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ហើយបានចេញពីតុលាការវិញ នៅវេលាម៉ោងប្រមាណ ៩និង៣០នាទីព្រឹក ថ្ងៃដដែល ក្រោយសាលាឧទ្ធរណ៍ បញ្ចប់ការប្រកាសសាលាដីកា។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយចេញពីបរិវេណសាលាឧទ្ធរណ៍ លោក ផែង ហេង សហមេធាវីការពាក្តីលោក កឹម សុខា បានបញ្ជាក់ថា លោក​ កឹម សុខា ត្រូវបានសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពីបទក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស» តែសាលា ឧទ្ធរណ៍ភ្នំពេញ បានបន្ថែមទោសលើលោកកឹម សុខា ដោយហាមឃាត់ចេញទៅក្រៅប្រទេស ក្នុងរយៈពេល៥ឆ្នាំ។

លោកមេធាវី ផែង ហេង បានថ្លែងថា “សភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ គាត់បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ហើយគាត់បន្ថែមមួយចំណុចទៀត គឺហាមឃាត់ឯកឧត្តម កឹម សុខា មិនឱ្យចេញក្រៅប្រទេស រយៈពេល ៥ឆ្នាំ ការបន្ថែម ៥ឆ្នាំនេះ គឺគាត់ថា យល់ឃើញការស្នើរបស់តំណាងអយ្យការ ក៏ដូចជាតំណាងរបស់មេធាវីរដ្ឋាភិបាល។ យើងសម្តែងនូវការសោកស្តាយ ហើយយើងមិនដឹងថា ឯកឧត្តម កឹម សុខា នឹងសម្រេចប្តឹងសាទុក្ខ ឬក៏បញ្ចប់ត្រឹមនេះ ព្រោះយើងមើលទៅស្ថានភាពពេលនេះ គួរតែរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ស្វែងរកការផ្សះផ្សាជាតិ ប៉ុន្តែឃើញសាលដី ការបស់សាលាឧទ្ធរណ៍ ថ្ងៃនេះ វាមិនដូចការរំពឹងទុក។ យើងគិតថា រាជរដ្ឋាភិបាល នឹងស្វែងរកការផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ តាមរយៈការដោះស្រាយរឿងទាំងឡាយណាដែលពាក់ព័ន្ធអ្នកនយោបាយ ពាក់ព័ន្ធនឹងសកម្ម ជនសិទ្ធិមនុស្ស ក៏ដូចជាអ្នកដែលធ្វើកិច្ចការដើម្បីសង្គម តែយើងបានឃើញសាលដីកា នៅថ្ងៃនេះ ហាក់ដូចជាផ្ទុយពីអ្វីដែលយើងគិតថា រាជរដ្ឋាភិបាល នឹងគិតគូរដល់ការផ្សះផ្សា និងពង្រឹងឯកភាពជាតិ ក្នុងខណៈដែលប្រ ទេសថៃ កំពុងតែធ្វើទុក្ខបុកម្នេញមកលើយើង នៅតាមព្រំដែន…”។

លោកមេធាវី ផែង ហេង បានបន្តថា “យើងចាំមើលជួបកូនក្តី ដើម្បីពិភាក្សាថា តើគាត់នឹងសម្រេចបញ្ចប់នៅត្រឹមប៉ុននេះ មិនប្តឹងសាទុក្ខ ឬក៏គាត់នៅប្តឹងសាទុក្ខ យើងមិនទាន់ដឹងទេ។  ក្នុងនីតិវិធីប្រកាសសាលក្រម គ្រប់ភាគី អត់មានអ្នកណាមានសិទ្ធិបញ្ចេញមតិអីទេ ក្រៅពីស្តាប់ក្រុមប្រឹក្សា គាត់អាន ឬគាត់ប្រកាស។ ឯកឧត្តម កឹម សុខា គាត់មានអារម្មណ៍ស្រងូតស្រងាត់ និងមានភាពរបៀបមិនសូវនឹងសប្បាយចិត្តនឹងការសម្រេចបែប នេះ ក្នុងនាមជាមេធាវី  យើងនឹងជួបឯកឧត្តម កឹម សុខា ដើម្បីជជែកគ្នាសិន ព្រោះមិនអាចឆ្លើយជំនួសគាត់បានទេ…”។

លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅខាងមុខសាលាឧទ្ធរណ៍ នៅថ្ងៃដដែលនោះថា “ករណីនេះ គឺជាការសម្រេចរបស់សាលាឧទ្ធរណ៍ ទៅហើយ ប៉ុន្តែខ្ញុំមើលទៅករណីនេះ យើងឃើញថា ការសម្រេចរបស់តុលាការ វាជារឿងមួយ ប៉ុន្តែគ្រាន់តែថា យើងជាអង្គការសង្គមស៊ីវិលហ្នឹង យើងចង់ឃើញថា អ្នកនយោបាយខ្មែរ គាត់មានបន្តនូវវប្បធម៌សន្ទនា និងការចរចា ដើម្បីរកដំណោះស្រាយមួយ ចេញដូចពីមុនៗមក គឺការចរចាគ្នា ហើយអាចនឹងមានការដោះស្រាយផ្នែកនយោបាយ មានការបន្ធូរ បន្ថយ ឬក៏អាចនឹងមានច្រកចេញតាមណាមួយ ដើម្បីឱ្យក្លាយទៅជាការមានសាមគ្គីភាពជាតិ ឯកភាពជាតិ ហើយនិងខ្មែរតែមួយ ហើយអ្នកនយោបាយទាំងអស់ គឺយើងតម្កល់ឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ពល រដ្ឋ ជាធំ អាហ្នឹងវាជាច្រកមួយទៀត ក្រៅតែអំពីយើងដំណើរការនៅតាមតុលាការ…”។

លោក អំ សំអាត បានបន្ថែមថា “ពាក្យថា ទោសបន្ថែម បានន័យថា ក្រៅពីការសម្រេចមុន អ៊ីចឹងការសម្រេចក្រោយនេះ គឺជាទោសបន្ថែមទៀត ខ្ញុំគិតថា ឧទាហរណ៍ថា គាត់អនុវត្តទោស តាមសាលក្រម ២៧ឆ្នាំ ពីព្រោះនៅក្នុង ២៧ឆ្នាំហ្នឹង គេហាមចាកចេញក្រៅផ្ទះទេ អ៊ីចឹងទោសបន្ថែមហ្នឹង គឺរយៈពេល ៥ឆ្នាំបន្តទៀត គឺមិនអាចចាកចេញពីប្រទេសទេ ទោះបីជាគាត់មានសេរីភាពក៏ដោយ…”។

ដោយឡែក លោក យ៉ែម បុញ្ញឫទ្ធិ អតីតសហការីរបស់លោកកឹម សុខ ដែលបច្ចុប្បន្នជាប្រធានគណបក្សប្រជាធិតេយ្យជឿនលឿន ដែលមានវត្តមាននៅខាងមុខសាលាឧទ្ធរណ៍ នៅថ្ងៃប្រកាសសាលដីកានេះដែរបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានថា “យើងពិតជាមានការខកចិត្ត និងសោកស្តាយយ៉ាងខ្លាំង ពីព្រោះការតស៊ូមតិរបស់យើង ការធ្វើនយោបាយរបស់ឯកឧត្តមប្រធាន កឹម សុខា គាត់តែងតែព្យាយាមការពារ លើកកម្ពស់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ គឺការគោរពសិទ្ធិមនុស្ស ហើយការចោទប្រកាន់នេះ វាគ្មានមូលហេតុណាមួយឱ្យជាក់លាក់ពិតប្រាកដច្បាស់លាស់ ដូច្នេះយើងមានការខកចិត្ត ហើយនិងសោកស្តាយជាទីបំផុត…”។

លោក យ៉ែម បុញ្ញឫទ្ធិ បន្តថា “មិនថាតែជាអង្គទូត ឬមួយក៏មតិយោបល់អ្នកវិភាគនយោបាយ អ្នកនយោបាយ ឬក៏ប្រជាពលរដ្ឋទេ លោកតែងតែលើកឡើង គឺចង់ឱ្យមានតម្លាភាព ចង់ឱ្យមានសិទ្ធិសេរីភាពក្នុងការបញ្ចេញ មតិ សិទ្ធិសេរីភាពនៃការជួបជុំ ហើយនិងសិទ្ធិសេរីភាពនៃការចូលរួមនយោបាយដោយពេញលេញ ដោយគ្មានការរើសអើង ហើយនៅពេលដែលមានការកាត់ក្តីបែបនេះ ទៅលើប្រធានគណបក្សមួយ ឱ្យជាប់ទោសយ៉ាងធ្ងន់ធ្ងរជាទីបំផុត ដែលពួកយើងយល់ឃើញថា គាត់មិនបានប្រព្រឹត្តខុសផងនោះ វាធ្វើឱ្យមានសម្ពាធផ្លូវចិត្តទៅលើប្រជាពលរដ្ឋយ៉ាងខ្លាំង ដូចយើងឃើញហើយ តម្កល់សាលក្រមសាលាដំបូង ហើយមិនត្រឹមតែប៉ុណ្ណោះ បន្ថែមបម្រាម ៥ឆ្នាំ មិនឱ្យចេញទៅក្រៅប្រទេសទៀត។ ដូច្នេះមិនត្រឹមតែជាសារនយោបាយមួយបង្ហាញថា គេតម្កល់សាលក្រមតុលាកាសាលាដំបូងទេ គឺមានទាំងបន្ថែមទៀត។ ដូច្នេះជាចិត្តសាស្ត្រ ធ្វើឱ្យប្រជាពលរដ្ឋមាន ការប៉ះពាល់ដល់ទឹកចិត្តយ៉ាងខ្លាំង ក្នុងការកាត់ក្តីនេះ។ ហេតុនេះទាល់តែរៀបចំប្រព័ន្ធតុលាការ កំណែទម្រង់ ដូចយើងយល់ឃើញថា ឱ្យតុលាការឯករាជ្យពិតប្រាកដ ផ្តល់ភាពយុត្តិធម៌ ហើយស្មើមុខគ្នាចំពោះមុខច្បាប់ នោះគឺជារឿងមួយដែលសំខាន់ គេអាចមើលឃើញថា សង្គមរបស់យើង មានបញ្ហាអីខ្លះ? Online Scams ការឆបោកអនឡាញ បញ្ហាប្រជាពលរដ្ឋ លោករងគ្រោះដោយសាររឿងដីធ្លី អីជាដើម គឺរឿងច្រើនណាស់ ក៏ប៉ុន្តែជាដំណោះស្រាយជាហូរហែ យើងតែងសង្កេតឃើញភាពយុត្តិធម៌ពុំបានទៅខាងជនរងគ្រោះប៉ុន្មានទេ…”។

បន្ថែមពីលើនេះ គណបក្សប្រជាធិបតេយ្យជឿនលឿន (DEMOCRATIC PROGRESSIVE PARTY) ដែលមានលោក យ៉ែម បុញ្ញឫទ្ធិ ជាប្រធាន បានចេញសេចក្តីថ្លែងការណ៍ ចុះថ្ងៃព្រហស្បតិ៍ ១៤កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ដែលមានខ្លឹមសារទាំងស្រុងថា «គណបក្សប្រជា ធិបតេយ្យជឿនលឿន ខកចិត្តនិងសោកស្តាយយ៉ាងខ្លាំង ចំពោះសាលដីការបស់សាលាឧទ្ធរណ៍ ដែលបានសម្រេចតម្កល់ទុកសាលក្រមរបស់សាលាដំបូងទុកជាបានការ លើករណីលោក កឹម សុខា។

គណបក្សប្រជាធិបតេយ្យជឿនលឿន យល់ឃើញថា ការវិនិច្ឆ័យក្តី គួរតែផ្អែកលើនីតិវិធី អង្គហេតុ ភ័ស្តុតាង ច្បាស់លាស់ រឹងមាំ និងអាចទុកចិត្តបាន ដែលពុំគួរផ្អែកតែលើភ័ស្តុតាងក្នុងឃ្លីបវីដេអូខ្លីៗ ដែលអាចត្រូវបានកាត់ត និងតាមការបកស្រាយខុសៗគ្នានោះទេ។ យើងយល់ឃើញថា ការណ៍នេះ អាចបង្កឱ្យមានការបាត់បង់ជំនឿចិត្តយ៉ាងធ្ងន់ធ្ងរចំពោះភាពយុត្តិធម៌ និងឯករាជ្យភាពនៃប្រព័ន្ធតុលាការ។

គណបក្សប្រជាធិបតេយ្យជឿនលឿន ព្រួយបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីសម្រេចនេះ ដែលអាចបង្កផលប៉ះពាល់យ៉ាងធ្ងន់ដល់បរិយាកាសនយោបាយ និងអាចត្រូវបានមើលឃើញថា ជាការគំរាមកំហែងលើសិទ្ធិនយោបាយ និងលម្ហប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងបរិបទបច្ចុប្បន្ន ប្រទេសកម្ពុជា កំពុងប្រឈមមុខនឹងបញ្ហាសំខាន់ៗជាច្រើន ដូចជាបញ្ហាឈ្លានពានរបស់បរទេស បញ្ហាឆបោកអនឡាញ និងបញ្ហាជីវភាពប្រជាពលរដ្ឋ។ ដូច្នេះជាអាទិភាព គួរតែជាការរួបរួមជាតិ ឯកភាពជាតិ សាមគ្គីគ្នារវាងខ្មែរ និងខ្មែរ ដើម្បីដោះស្រាយបញ្ហាជាតិ ជាបន្ទាន់។

ក្នុងន័យនេះ គណបក្សប្រជាធិបតេយ្យជឿនលឿន សូមអំពាវនាវឱ្យមានការលើកលែងការចោទប្រកាន់ចំពោះលោក កឹម សុខា និងសកម្មជននយោបាយ សង្គម និងសកម្មជនបរិស្ថានផ្សេងទៀត ព្រមទាំងធានាឱ្យមានការអនុវត្តច្បាប់ ដោយយុត្តិធម៌ តម្លាភាព ស្អាតស្អំ មិនលម្អៀង ព្រមទាំងបើកលម្ហនយោបាយ សិទ្ធិសេរីភាព ឱ្យបានទូលំទូលាយ និងសូមឱ្យមានវប្បធម៌សន្ទនា រវាងខ្មែរនិងខ្មែរ ដោយមានការរួមចំណែកពីគ្រប់ភាគី ដើម្បីដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយ ជាពិសេស ការការពារទឹកដីជាតិមាតុភូមិ កេរ្តិ៍រឈ្មោះជាតិសា សន៍យើង ដើម្បីអនាគតរបស់កូនខ្មែរ និងជាតិមាតុភូមិ»។

ដោយឡែក គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត បានចេញសេចក្តីថ្លែងការណ៍រួម សម្តែងការសោកស្ដាយនិងខកចិត្តជាខ្លាំងចំពោះសាលដីកា របស់សាលាឧទ្ធរណ៍ ដែលបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសលោក កឹម សុខា ឲ្យជាប់គុក ២៧ឆ្នាំ ហើយបន្ថែមទោស ហាមចេញទៅក្រៅប្រទេស ៥ឆ្នាំ ថែមទៀតនេះផងដែរ។

សេចក្តីថ្លែងការណ៍រួម របស់គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ចុះថ្ងៃព្រហស្បតិ៍ ១៤ កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ មានខ្លឹមសារទាំងស្រុងថា «គណបក្សភ្លើង ទៀន និងគណបក្សឆន្ទៈខ្មែរ មានសេចក្តីសោកស្តាយនិងខកចិត្តជាខ្លាំង ចំពោះសាលដីការបស់សាលាឧទ្ធរណ៍ តម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿងលោក កឹម សុខា ព្រមទាំងហាមឃាត់ មិនឲ្យចេញក្រៅប្រទេស រយៈពេល៥ឆ្នាំ។

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ យល់ឃើញថា ការរក្សាទោសដ៏ធ្ងន់ធ្ងរនេះ គឺជាការបោះបង់ចោលនូវឱកាសដ៏សំខាន់ក្នុងការស្តារឡើងវិញនូវឯកភាពជាតិ និងការបង្រួបបង្រួមជាតិ ដែលជាបំណងប្រាថ្នាតែមួយគត់ របស់ប្រជាពលរដ្ឋខ្មែរ។ លើសពីនេះ ការបន្តរឹតត្បិតលើសេរីភាពនយោបាយនិងសិទ្ធិមនុស្ស គឺជាឧបសគ្គនៃដំណើរការប្រជាធិបតេយ្យ ដែលជាឆ្អឹងខ្នងនៃការអភិវឌ្ឍសេដ្ឋកិច្ច និងយុត្តិធម៌សង្គមនៅកម្ពុជា។

គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ សូមអំពាវនាវឲ្យដោះលែងនិងទម្លាក់ចោលបទ ចោទនានា ប្រឆាំងលោក កឹម សុខា ក៏ដូចជាអ្នកនយោបាយនិងសកម្មជនផ្សេងៗទៀត ដែលកំពុងជាប់ឃុំឃាំង ដោយសារបញ្ហានយោបាយ។ ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងជួបប្រទះបញ្ហាសេដ្ឋកិច្ច ការរំលោភបំពានបូរណភាពទឹកដី ពីសំណាក់ប្រទេសជិតខាង និងបញ្ហាសំខាន់ៗជាច្រើនដែលរារាំងការអភិវឌ្ឍប្រទេសជាតិ យើងខ្ញុំសូមអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជា ជំរុញការបើកលំហប្រជាធិបតេយ្យ ដើម្បីឧត្តមប្រយោជន៍ជាតិ របស់យើងទាំងអស់ គ្នា»។

ចំណែកគណបក្សកម្លាំងជាតិ ក៏បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃដដែលនោះ ដែលមានខ្លឹមសារទាំងស្រុងថា «គណបក្សកម្លាំងជាតិ មានការសោកស្តាយ និងខកចិត្តយ៉ាងខ្លាំង ចំពោះសាលដីកា របស់សាលាឧទ្ធរណ៍ភ្នំពេញ ដែលបានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ និងបន្ថែមទោសលើលោក កឹម សុខា ៥ឆ្នាំទៀត ដោយមិនឱ្យចេញទៅក្រៅប្រទេស យ៉ាងអយុត្តិធម៌ ជាទីបំផុត នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦។គណបក្សកម្លាំងជាតិ យល់ឃើញថា សាលដីការបស់សាលាឧទ្ធរណ៍ភ្នំពេញ បង្ហាញអំពីគម្លតរវាងខ្មែរនិងខ្មែរ ដែលមិនអាចរកការផ្សះផ្សានិងឯកភាពជាតិបានឡើយ។ លើសពីនេះ ធ្វើឱ្យ ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងនយោបាយការទូតកម្ពុជា ហើយជាតិខ្មែរ និងប្រជាពលរដ្ឋ ជាអ្នកទទួលរងគ្រោះដ៏ធ្ងន់ធ្ងរបំផុត ព្រមទាំងផ្ទុយពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ដែលចង់ឱ្យមានការរួបរួម សាមគ្គី ឯកភាពជាតិខ្មែរ។

ដើម្បីតម្កល់ផលប្រយោជន៍ជាតិ ជាធំ គណបក្សកម្លាំងជាតិ សូមឱ្យរាជរដ្ឋាភិបាល ពិនិត្យនិងពិចារណាលើកលែងការចោទប្រកាន់ទាំងអស់ ចំពោះលោក កឹម សុខា ឱ្យមានសិទ្ធិសេរីភាព ពេញលេញឡើងវិញ»។

លោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី ដែលជាអតីតសហការីលោក កឹម សុខា បានបង្ហាញនូវទស្សនៈបុគ្គលរបស់លោក ជុំវិញការប្រកាសសាលដីកា របស់សាលាឧទ្ធរណ៍ លើសំណុំរឿងលោកកឹម សុខា ខាងលើនេះថា តើនេះជាយុត្តិធម៌ ឬជាល្បែងអំណាចនៃការមិនដោះលែងលោក កឹម សុខា ក្នុងសាលដីកាឧទ្ធរណ៍ ថ្ងៃនេះ? លោកសួរត្រង់ៗទៅថា តើករណីលោក កឹម សុខា នេះគឺច្បាប់ ឬនយោបាយ? បើមានភ័ស្តុតាង ដាក់ទោសឱ្យច្បាស់ បើគ្មាន ដោះលែងភ្លាម។ តើហេតុអ្វីត្រូវអូសបន្លាយឆ្នាំហើយ ឆ្នាំទៀត? ឬព្រោះ «ភាពមិនច្បាស់» នេះ ជាឧបករណ៍អំណាច?

 លោក មាជ សុវណ្ណារ៉ា បានសរសេរក្នុងគណនី និងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោកថា «ទស្សនៈបុគ្គលខ្ញុំ ៖ តើនេះជាយុត្តិធម៌ ឬជាល្បែងអំណាច នៃការមិនដោះលែងលោក កឹម សុខា ក្នុងសាលដីកាឧទ្ធរណ៍ ថ្ងៃនេះ?

សួរត្រង់ៗទៅ តើករណីលោក កឹម សុខា នេះគឺច្បាប់ ឬនយោបាយ? បើមានភ័ស្តុតាង ដាក់ទោសឱ្យច្បាស់ បើគ្មាន ដោះលែងភ្លាម។ តើហេតុអ្វីត្រូវអូសបន្លាយឆ្នាំហើយឆ្នាំទៀត? ឬព្រោះ «ភាពមិនច្បាស់» នេះ ជាឧប ករណ៍អំណាច?

កុំបំភាន់ថា នេះគឺជាការរក្សាសន្តិភាព ការរក្សាមនុស្សម្នាក់ ក្នុងភាពពាក់ព័ន្ធមិនច្បាស់ មិនមែនសន្តិភាពទេ វាជាសម្ពាធនយោបាយ ។

អ្នកនិយាយថា «គោរពច្បាប់» តែការអនុវត្តវិញ ជ្រើសរើសតាមអំណាច។  អ្នកនិយាយថា «ស្ថិរភាព» តែស្ថិរភាពគ្មានយុត្តិធម៌ គ្រាន់តែជាការស្ងប់ស្ងាត់ក្រោមសម្ពាធ។

សំណួរសួរថា ៖ ប្រព័ន្ធខ្លាំង ពិតជាចាំបាច់ត្រូវខ្លាចមនុស្សម្នាក់មែនឬទេ? ឬក៏កំពុងបង្ហាញថាខ្លួនឯងមិនប្រា កដចិត្តលើភាពត្រឹមត្រូវ?

ពិភពលោក មិនមើលតែពាក្យស្លោកទេ ពិភពលោក មើលលទ្ធផល ហើយលទ្ធផលថ្ងៃនេះ គឺ ករណីមិនចប់ យុត្តិធម៌មិនច្បាស់ ទំនុកចិត្តកំពុងរលាយ ។

ការដោះលែងលោក កឹម សុខា មិនមែនជាការសុំទាន មិនមែនជាការចរចា តែជាការត្រូវធ្វើ បើនៅតែអះអាងថា មានយុត្តិធម៌។ បើមិនដោះលែង សារមួយនឹងនៅសល់ «ច្បាប់ មិនមែនសម្រាប់យុត្តិធម៌ទេ តែសម្រាប់គ្រប់ គ្រងអ្នកមិនយល់ព្រម»។

រីឯមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍ សម្តែងនូវការសោកស្តាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ លើសំណុំរឿងលោក កឹម សុខា នេះផងដែរ។

សេចក្តីថ្លែងការណ៍ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានខ្លឹមសារទាំងស្រុងថា «មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) មានការសោកស្តាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃនេះ លើសំណុំ រឿងលោក កឹម សុខា អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ ដោយសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ឱ្យមានទោសជាប់ឃុំក្នុងផ្ទះ រយៈពេល២៧ឆ្នាំ ក្រោមបទចោទ «សន្ទិដ្ឋភាពជាមួយបរទេស» តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌកម្ពុជា និងមានទោសបន្ថែម ហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា រយៈពេល ៥ឆ្នាំ។

ក្នុងអំឡុងពេលប្រកាសសាលដីកានេះ មានអ្នកសង្កេតការណ៍មកពីស្ថានទូត ភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងអង្គការមិនមែនរដ្ឋាភិបាល ជាតិនិងអន្តរជាតិ បានចូលរួមឃ្លាំមើលសវនាការនេះផងដែរ។ ចំណែកឯនៅខាងក្រៅបរិវេណតុលាការវិញ វិធានការសន្តិសុខត្រូវបានរឹតបន្តឹង ជាមួយនឹងវត្តមានមន្ត្រីនគរបាលនិងអាជ្ញាធរស្លៀកពាក់ស៊ីវិល។

ម.ស.ម.ក សូមអំពាវនាវដល់អាជ្ញាធរកម្ពុជា ធានានូវការគោរពសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ឱ្យបានពេញលេញ ដូចបានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោ បាយ ដែលកម្ពុជា បានផ្តល់សច្ចាប័ន និងមានកាតព្វកិច្ចត្រូវលើកកម្ពស់»។

ក្រៅពីការសម្តែងមតិប្រតិកម្ម និងសោកស្តាយចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ មិនដោះលែងលោកកឹម សុខា ហើយថែមទាំងបន្ថែមទោស ហាមឃាត់ចាកចេញទៅក្រៅប្រទេស ៥ឆ្នាំ ថែមទៀត ពីសំណាក់មេធាវី អ្នកនយោបាយ អ្នកការពារសិទ្ធិមនុស្ស ជាដើមនោះ ស្ថានទូតបរទេសមួយចំនួន ប្រចាំនៅកម្ពុជា រួម មានដូចជា ស្ថានទូតអូស្រ្តាលី ស្ថានទូតកាណាដា ស្ថានទូតអាល្លឺម៉ង់ ស្ថានទូតអង់គ្លេស និងស្ថានទូតសហ ភាពអឺរ៉ុប ជាដើម ក៏បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្ដាយនិងខកចិត្តជាខ្លាំងចំពោះសាលដីកា របស់សាលាឧទ្ធរណ៍ ដែលបានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ កាត់ទោសលោក កឹម សុខា ឲ្យជាប់គុក ២៧ឆ្នាំ ហើយបន្ថែមទោស ហាមចេញទៅក្រៅប្រទេស ៥ឆ្នាំ ថែមទៀតនេះផងដែរ។

ជុំវិញសាលដីកាសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញ លើសំណុំរឿងលោក កឹម សុខា ខាងលើនេះដែរ ក៏ដូចជាការចេញសេចក្តីថ្លែងការណ៍ប្រតិកម្មព្រោងព្រាត ដូចខាងលើនេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំ នាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងតាមគណនីនិងទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ថា «បើភាគីលោក កឹម សុខា និងភាគីខាងអយ្យការ ទទួលយកការសម្រេចរបស់តុលាការឧទ្ធរណ៍ ការងារតាមផ្លូវតុលាការ ក្នុងរឿងក្ដីលោក កឹម សុខា គឺចប់ហើយ បន្ទាប់ពីប្រើពេលជិតមួយទសវត្សរ៍។ ការងារបន្ត គឺការងារខាងនយោបាយ ដែលអាស្រ័យលើគតិបណ្ឌិតរបស់ប្រមុខរាជរដ្ឋាភិបាល ព្រោះប្រតិកម្មរបស់ប្រទេសបស្ចិមលោកទាំងនេះ មិនអាចគ្មានចម្លើយសោះនោះទេ។ ក្នុងស្ថាន ភាពដែលសណ្ដាប់ធ្នាប់ពិភពលោក មិនប្រាកដប្រជា សំឡេងខាងក្រៅនិងភាពរឹងមាំខាងក្នុង ពិតជាចាំបាច់ ណាស់»៕ ខៀវទុំ

RELATED ARTICLES