ភ្នំពេញ៖សារ៉ាយ សក្ខណា ដែលមានកូន៣នាក់ទៅហើយនោះត្រូវផលិតកម្មTwo River International ផ្ដល់តំណែងជាតួឯករឿង«ទាយាទ ធ្មប់ » ដែលបានសម្ពោធកាលពីថ្ងៃទី៧ ខែ១២ នឹងត្រៀមដាក់បញ្ចាំងនៅថ្ងៃទី១២ ខែ ១២ ឆ្នាំ២០២៤ ។
សារ៉ាយ សក្ខណា បានឲ្យដឹងថាជាលើកទី១ ក្នុងអាជីពដែលនាងលេងជាតួធ្មប់ បើទោះជានាងធ្លាប់សម្ដែងជាតួខ្មោចជាច្រើនរឿងមកហើយក្ដី ។យ៉ាងណានាងថាការលេងតួធ្មប់ ពិបាកបំផុតសម្រាប់រូបនាងពិសេសឈុតឆាបវិញ្ញាណចូលខ្លួនដែលធ្វើឲ្យនាងប្រឹងប្រែង និងខំខ្លាំងណាស់ទើបធ្វើបានតាមអ្នកដឹកនាំរឿងចង់បាន ។នាងថាក្នុងមួយរឿងនាងលេងតួធ្មប់ផង គ្រូទាយផង តែតួធ្មប់ពិបាកជាង ព្រោះតែគ្រូទាយយើងធ្លាប់ឃើញធ្លាប់ឭមកហើយថាយ៉ាងម៉េច ចឹងមិនសូវជាបញ្ហាចោទទេ តែតួធ្មប់គឺមិនងាយសម្ដែងទេ បើទោះជាពេលថតមិនបានជួបហេតុការណ៍អាក្រក់ឬឧបទ្ទហេតុណាមួយកើតឡើងក្ដី ។សក្ខណា ដែលប្រឡូកអាជីពសម្ដែងជាង១០ឆ្នាំមកហើយ នោះក៍បានផ្ដល់បទពិសោធន៍ដល់ប្អូនៗជំនាន់ក្រោយថាដើម្បីចាប់អាជីពមួយនេះឲ្យបានល្អគឺទី១៖មើលសាច់រឿងឲ្យច្បាស់លាស់ ទី២៖ចាំ ប៉ារ៉ូល និងទី៣៖បើអ្នកដឹកនាំរឿងចង់បាន១០ យើងត្រូវបានធ្វើឲ្យបាន២០ ពោលគឺបន្ថែមខ្លួនឯង១០ ទៀត។
សារ៉ាយ សក្ខណា ជាតារាម្នាក់ដែលមានស្វាមីនៅអាមេរិក ហើយប្ដីឲ្យបន្ដអាជីពចាស់ដូចអ្នកនាងអម្ពរ ទេវី និងសុគន្ធ និសា ដែរ ។សម្រាប់សក្ខណា វិញទោះជាពេលនេះនាងមានកូន៣នាក់មែន តែនៅរក្សាររាងបានស្វែល ដដែល និងមិនឡើងគីឡូជ្រុលដូចតារាមួយចំនួនដែលមានប្ដី និងកូនទេ ហើយតាមដំណឹងថានាងបំបៅកូនទី៣ ដោយទឹកដោះផ្ទាល់ខ្លួនទៀតផង មុននាំកូនទៅលេងអាមេរិក ។
សារ៉ាយ សក្ខណា ប្រាប់ថា«ក្រោយសម្រាលកូនបាន១ខែ សព្វថ្ងៃខ្ញុំមានសុខភាពធម្មតា និងមានខ្លះគេសួរខ្ញុំថាម៉េចបានស្រកគីឡូលឿនម៉ែស ?ខ្ញុំហាត់ប្រាណជាប្រចាំ សម្រកក្បាលពោះបានខ្លះដែរ ។សម្រាប់កូនទី៣នេះខ្ញុំឲ្យបៅទឹកដោះខ្ញុំ ហើយបើនៅមានទឹកដោះចង់ឲ្យបៅដល់១ឆ្នាំ តែបើមិនមានទឹកដោះគ្រប់គ្រាន់មានតែទឹកដោះគោដូចគេដែរ ។នៅពេលកូនប្រុសធំបន្ដិចក៍ខ្ញុំយកគេទៅលេងយាយតាគេនៅអាមេរិកដែរ តែពេលនេះគ្នានៅតូចពេកទើបតែបាន១ខែ ពិបាកជិះយន្ដហោះ ចឹងមិនទាន់ប្រាកដថានាំកូនទៅអាមេរិកពេលណាទេ»។
សារ៉ាយ សក្ខណា សម្រាលកូនប្រុសថ្ងៃទី១ ខែ១១ ឆ្នាំ២០២៤ ដោយដាក់ឈ្មោះថាកែវ សុវណ្ណណាបុត្រ ហៅChandrik ខណៈកូនទី១ស្រីឈ្មោះMataysia អាយុជាង៨ឆ្នាំ និងកូនទី២ ប្រុសឈ្មោះព្រីនស្ទីន អាយុជាង៣ឆ្នាំ ។សក្ខណា បានរៀបការជាមួយអាណិកជនខ្មែរមកពីអាមេរិកលោកមេធាវីកែវ ប៊ុនមេត្រី កាលពីឆ្នាំ២០១៣ ហើយទៅរស់នៅអាមេរិកជាង១០ឆ្នាំ ដោយចុះឡើងៗមកខ្មែរ ព្រោះនាងមានហាងគ្លីនិកមួយនៅម្ដុំទូលគោក ។ប៉ុន្ដែជាង២ឆ្នាំចុងក្រោយនេះសក្ខណា មករស់នៅស្រុកខ្មែរជាប្រចាំ ដោយបន្ដអាជីពចាស់ តែនាងគ្មានគម្រោងយកកូនទី៤ ឡើយ ។ក្នុងអាជីពសម្ដែងជាង១០ឆ្នាំ សក្ខណា បានសម្ដែងគ្រប់រសជាតិទាំងអស់ ហើយនាងជាតារាសម្ដែងឈានដល់ចំណុចកំពូលឆ្នាំ២០១០-២០១៣ ប៉ុន្ដែសម្រាប់តួធ្មប់ជាលើកទី១សម្រាប់រូបនាង ទើបប្រឹងរហូតដល់ថ្នាក់ប៊ិសសម្លប់ទៅហើយ៕