កូរ៉េខាងត្បូង ៖ ក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បានហាមប្រធានាធិបតីកូរ៉េខាងត្បូង លោកយុន សឹកយឹល (Yoon Seok-yeol) ចាកចេញពីប្រទេស បន្ទាប់ពីបានប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹក ចំពេលមានការអំពាវនាវឱ្យគាត់លាលែងពីតំណែង។
តាមប្រភពបណ្តាញព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ថា មន្ត្រីក្រសួងយុត្តិធម៌កូរ៉េខាងត្បូង បានឲ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោកយុន សឹកយឹល (Yoon Seok-yeol) ត្រូវបានហាម ឃាត់មិនឱ្យចាកចេញពីប្រទេសឡើយ។
តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ចាប់តាំងពីពេលនោះមក លោកយុន សឹកយឹល បានសុំទោស ចំពោះការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកបរាជ័យ ហើយបាននិយាយថា លោកកំពុងប្រគល់ជោគវាសនា នយោបាយនិងផ្លូវច្បាប់ ទៅឲ្យគណបក្សអំណាចប្រជាជន (PPP) ដែលកំពុងកាន់អំណាច។ ប៉ុន្តែលោកមិន ទាន់លាលែងពីតំណែងនៅឡើយ។ ទន្ទឹមនឹងនេះ គាត់គឺជាគោលដៅនៃការស៊ើបអង្កេតឧក្រិដ្ឋកម្ម។
បើតាមក្រសួងការពារជាតិកូរ៉េខាងត្បូង លោក យុន សឹកយឹល នៅតែជាអគ្គមេបញ្ជាការ ប៉ុន្តែការក្តាប់អំណាចរបស់គាត់ ត្រូវបានចោទសួរ ដោយមន្ត្រីយោធាជាន់ខ្ពស់ ចាប់ផ្តើមបង្ហាញការមិនយល់ស្របកាន់តែច្រើនឡើងជាមួយគាត់ ហើយគណបក្សកាន់អំណាច PPP បាននិយាយ ថា ក្រុមការងារនឹងត្រូវបានបង្កើតឡើង ដើម្បីដោះស្រាយការលាលែងពីតំណែងរបស់លោកយុន សឹកយឹល។
លោកអូហ៍ ដុងវុន (Oh Dong-woon) ប្រធានការិយាល័យស៊ើបអង្កេតអំពើពុករលួយសម្រាប់មន្ត្រីជាន់ខ្ពស់ បាននិយាយថា លោកបានហាមឃាត់លោក យុន សឹកយឹល មិនឲ្យធ្វើដំណើរទៅក្រៅប្រទេស។ នៅពេលត្រូវបានសួរនៅក្នុងសវនាការសភាថា តើមានចំណាត់ការបែបណាប្រឆាំងនឹងប្រធានាធិបតី យុន សឹកយឹល? មន្ត្រីក្រសួងយុត្តិធម៌ បាននិយាយថា ៖ គណៈកម្មាធិការមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២១ ដើម្បីស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់ រួមទាំងប្រធានាធិបតី និងសមាជិកគ្រួសារ ប៉ុន្តែគ្មានសិទ្ធិអំណាចកាត់ទោសប្រធានាធិបតីទេ។ ប៉ុន្តែយោងទៅតាមច្បាប់ គណៈកម្មាធិការ ត្រូវបញ្ជូនរឿងនេះទៅការិយាល័យរដ្ឋអាជ្ញា។
បើទោះបីជាលោក យុន សឹកយឹល បានរួចផុតពីការបោះឆ្នោតដកតំណែង និងចោទប្រកាន់ក្នុងសភា កាលពីថ្ងៃសៅរ៍ សប្តាហ៍មុនក៏ដោយ។ ប៉ុន្តែការសម្រេចចិត្តរបស់គណបក្ស ក្នុងការប្រគល់អំណាចប្រធានាធិបតី ទៅឲ្យនាយករដ្ឋមន្ត្រី បានធ្វើឱ្យកូរ៉េខាងត្បូង ធ្លាក់ចូលទៅក្នុងវិបត្តិរដ្ឋធម្មនុញ្ញ។ លោកយុន សឹកយឹល បានបដិ សេធលាលែងពីតំណែង ។
ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា លោកយុន សឹកយឹល កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតព្រហ្មទណ្ឌ ពីបទក្បត់ជាតិ។ រដ្ឋអាជ្ញា បានចាប់ខ្លួនអតីតរដ្ឋមន្ត្រីការពារជាតិ គីម យ៉ុងយុន (Kim Young-hyun) កាលពីថ្ងៃអាទិត្យ ទី០៨ ខែធ្នូ ឆ្នាំ២០២៤ និងត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធក្នុងការប្រកាសប្រើច្បាប់អាជ្ញាសឹក កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ ។ លោកយុន សឹកយឹល បានផ្តល់អំណាចគ្រាអាសន្នដល់យោធា កាលពីថ្ងៃចន្ទ សប្តាហ៍មុន ដើម្បីបង្ក្រាបអ្វីដែលលោកហៅថា “ក្រុមភេរវករ” និង “កងកម្លាំងប្រឆាំងរដ្ឋ” ប៉ុន្តែបន្ទាប់ពីសមាជិកសភាបក្សប្រឆាំង បានបោះឆ្នោតជំទាស់ លោកប្រធានាធិបតី យុន សឹកយឹល បានដកច្បា់អាជ្ញាសឹកនេះចេញវិញ ក្រោយចេញបញ្ជាឲ្យប្រើ ។
គណបក្សប្រជាធិបតេយ្យ ដែលជាគណបក្សប្រឆាំងដ៏សំខាន់ វាបានអំពាវនាវឲ្យលោក យុន សឹកយឹល ដកចេញនូវការគ្រប់គ្រងរបស់យោធា ហើយគណបក្សនេះ ក៏បានអំពាវនាវឲ្យមានការចាប់ខ្លួនលោក យុន សឹក យឹល និងមន្ត្រីយោធាណាម្នាក់ពាក់ព័ន្ធនឹងការបរាជ័យនៃការប្រើច្បាប់អាជ្ញាសឹក។ អ្នកនាំពាក្យលោក យុន សឹកយឹល បានថ្លែងនៅថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២៤ ថា គណបក្សអំណាចប្រជាជន បានបង្កើតអង្គភាពពិសេសមួយ ដើម្បីដោះស្រាយបញ្ហា ដូចជាការរក្សាស្ថិរភាពនយោបាយ ក្រោយការប្រកាសច្បាប់អាជ្ញាសឹក និងការលាលែងពីតំណែងមុនកាលកំណត់របស់លោកប្រធានាធិបតី យុន សឹកយឹល ។ កាលពីថ្ងៃអាទិត្យ កន្លងទៅ លោកហាន់ ដុងហ៊ុន (Han Dong-hun) មេដឹកនាំគណបក្ស PPP បាននិយាយថា ប្រធានាធិបតី នឹងត្រូវដកសិទ្ធិពីការបំពេញកាតព្វកិច្ចនៅបរទេសរបស់គាត់៕