ខេត្តព្រះសីហនុ ៖ ឃ្លាំងស្តុបសម្ភារ: និងអេតចាយ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យខូចខាតប្រមាណ៦០ភាគរយ និងត្រូវបានសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ ដោយប្រើប្រាស់ទឹក អស់១៥ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅត្រង់ចំណុចបរិវេណក្រុមហ៊ុន ជេ នេ រ៉ល ថាយអឺរថេកណឡជី (ខេមបូឌា) ឯ.ក មានទីតាំងស្ថិតនៅចំណុចភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់។
យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឌិន លីក្រូ ស្នងការរងនគរបាលខេត្តព្រះសីហនុ ទទួលផែន បង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា ម្ចាស់ឃ្លាំងខាងលើ មានឈ្មោះ YUAN YANWEI ភេទប្រុស អាយុ៤១ឆ្នាំ ជាជនជាតិចិន មុខរបរអ្នកគ្រប់គ្រងផ្នែកសុវត្ថិភាពរោងចក្រ។ ចំពោះការឆេះខូចខាត រួមមាន សម្ភារ:ប្រើប្រាស់ ១ទឹក និងកាកសំណល់អេតចាយ ឆេះអស់ប្រហែល ៦០ភាគរយ។ ចំណែកមូលហេតុ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវនៅឡើយ។
លោកស្នងការរង បានបញ្ជាក់ថា នៅក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន៦គ្រឿង ដោយបានប្រើប្រាស់ទឹក អស់ចំនួន ១១ឡាន ស្មើនឹង ៧៦ម៉ែត្រគូប និងមានការសហការពីរថយន្តពន្លត់អគ្គិភ័យរបស់បញ្ជាការដ្ឋានកងរាជ អាវុធហត្ថក្រុង និងខេត្តព្រះសីហនុ ចំនួន២គ្រឿងប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១០ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់អង្គភាព៩១១ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៤ម៉ែត្រគូប សរុបប្រើប្រាស់ទឹកបាញ់ពន្លត់អស់ ចំនួន ១៥ឡាន ទើបអាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង។
យ៉ាងណា នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើ មិនបណ្តាលឱ្យមានការឆេះរាលដាល និងមិនបង្កឱ្យមនុស្ស ណាម្នាក់រងគ្រោះថ្នាក់ឡើយ៕