Thursday, December 12, 2024
Homeព័ត៌មានអន្តរជាតិសភាកូរ៉េខាងត្បូង អនុម័តសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥  មិនរង់ចាំការអនុម័តពីរដ្ឋាភិបាល

សភាកូរ៉េខាងត្បូង អនុម័តសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២៥  មិនរង់ចាំការអនុម័តពីរដ្ឋាភិបាល

កូរ៉េខាងត្បូង ៖ គណបក្សប្រឆាំងកូរ៉េខាងត្បូង ដែលកាន់កាប់កៅអីភាគច្រើននៅក្នុងសភា បានបោះឆ្នោតអនុម័តច្បាប់ថវិកា ឆ្នាំ២០២៥ ដោយមិនមានការយល់ព្រមពីរដ្ឋាភិបាល ជាលើកដំបូង។

តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ថា រដ្ឋសភាកូរ៉េខាងត្បូង បាន បោះឆ្នោតអនុម័តច្បាប់ថវិការដ្ឋាភិបាល ឆ្នាំ២០២៥ ដែលមានតម្លៃ ៦៧៣.៣ពាន់ពាន់លានវ៉ុន នៅថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ ដោយមានសំឡេងគាំទ្រ ១៨៣ទល់នឹង ៩៤ប្រឆាំង។

សេចក្តីព្រាងច្បាប់នេះ គឺជាកំណែវិសោធនកម្មដែលស្នើឡើងដោយគណបក្សប្រជាធិបតេយ្យ (បក្សប្រឆាំង) ដែលផ្តល់ថវិកាតិចជាងសំណើដើមរបស់រដ្ឋាភិបាល ដែលមានចំនួន ៦៧៧.៤ពាន់ពាន់លានវ៉ុន បន្ទាប់ពីការកាត់បន្ថយការចំណាយជាផ្នែកទុនបម្រុងរបស់រដ្ឋាភិបាល និងការចំណាយសកម្មភាពពិសេសទៅការិយាល័យប្រធានាធិបតី ជាមួយទីភ្នាក់ងារសន្តិសុខជាតិ រួមមានការិយាល័យរដ្ឋអាជ្ញា ការិយាល័យសវនកម្ម និងនាយក ដ្ឋានប៉ូលិស។

នេះជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង ដែលរដ្ឋសភា អនុម័តច្បាប់ថវិកា ដោយគណបក្សប្រឆាំង និងរដ្ឋាភិបាល មិនបានឯកភាពគ្នា។ តាមច្បាប់កូរ៉េខាងត្បូង សេចក្តីព្រាងច្បាប់ថវិកា ប្រធានាធិបតី មិនអាចវេតូ ឬជំទាស់បានទេ វាខុសពីសេចក្តីព្រាងច្បាប់ផ្សេងទៀត។

គណបក្សប្រជាធិបតេយ្យ កំពុងជំរុញឲ្យមានការកាត់បន្ថយទំហំនៃច្បាប់ថវិកា របស់រដ្ឋាភិបាល ដែលអនុម័តដោយគណៈកម្មាធិការថវិកាសភា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តក្នុងកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សា កាលពីសប្តាហ៍មុន ដើម្បីបំពេញតាមកាលកំណត់ស្របច្បាប់។

យ៉ាងណាក៏ដោយ លោកវូ វ៉ុនសិក (Woo Won-sik) ប្រធានរដ្ឋសភា បានសម្រេចផ្អាកការអនុម័តសេចក្តីព្រាងច្បាប់ សម្រាប់ពេលនេះ និងស្នើឱ្យគណបក្សប្រឆាំង និងរដ្ឋាភិបាល ឈានដល់កិច្ចព្រមព្រៀងមួយ នៅថ្ងៃអង្គារ ទី១០ ខែធ្នូ។ ប៉ុន្តែការប្រកាសប្រើច្បាប់អាជ្ញាសឹក របស់ប្រធានាធិបតី យុន សឹកយឹល (Yoon Seok-yeol) កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ បានរំខានដល់កិច្ចពិភាក្សាថវិកា រវាងភាគីទាំងពីរ ហើយនៅទីបំផុត គណបក្សប្រឆាំង បានសម្រេចអនុម័តច្បាប់ថវិកាជាតិ ជាឯកតោភាគី ដោយប្រើសំឡេងភាគច្រើនក្នុងសភា ដែលពួកគេកាន់កាប់។

មេដឹកនាំគណបក្សប្រជាធិបតេយ្យ លោក លី ចែម្យុង (Lee Jae-myung) បាននិយាយថា ការអនុម័តច្បាប់ថវិកា យ៉ាងឆាប់រហ័ស នឹងជួយដោះស្រាយភាពមិនសុខស្រួល និងវិបត្តិបច្ចុប្បន្ន។ ប៉ុន្តែរដ្ឋាភិបាល អះអាងថា ការកាត់បន្ថយថវិកា នឹងធ្វើឲ្យមុខងារមូលដ្ឋានរបស់រដ្ឋាភិបាល ខូច ឬដើរទៅមុខមិនរួច រារាំងដល់ការឆ្លើយតបទៅនឹងបញ្ហាប្រឈមខាងក្រៅ ហើយការបង្កើតវិធានការផ្សេងៗ សម្រាប់អាជីវកម្មខ្នាតតូច និងក្រុមមនុស្សងាយរងគ្រោះ នឹងត្រូវបានពន្យារពេល។ យ៉ាងណាក៏ដោយ លោក ប៉ាក សាន់ថែ សមាជិកសភាជាន់ខ្ពស់ មកពីគណបក្សប្រជាធិបតេយ្យ បានលើកឡើងថា បើរដ្ឋាភិបាល ពិតជាចង់បានលុយចាយ ដើម្បីសុខុមាលភាពប្រជា ពលរដ្ឋ បញ្ហាអាចត្រូវបានដោះស្រាយនៅពេលក្រោយ ដោយការចេញថវិកាពិសេសបន្ថែម។

សេដ្ឋវិទូ បានបញ្ជាក់ថា ការកាត់បន្ថយថវិការបស់រដ្ឋាភិបាល បែបនេះ ត្រូវបានចាត់ទុកថាជាជំហានថយក្រោយសម្រាប់សេដ្ឋកិច្ចកូរ៉េខាងត្បូង ដែលបានរួចផុតពីការធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច ក្នុងត្រីមាសទី៣ ចំពេលមានការធ្លាក់ចុះនៃការនាំចេញ និងការងើបឡើងវិញនៃតម្រូវការក្នុងស្រុក ដែលនៅតែខ្សោយ។

អ្នកវិភាគមកពី Siti Group វាយតម្លៃថា ការកាត់បន្ថយថវិកាជាតិ របស់បក្សប្រឆាំង នឹងធ្វើឱ្យសេដ្ឋកិច្ចកូរ៉េខាងត្បូង កើនឡើងទាបជា ០.០២% ក្នុងអំឡុងពេល ១ឆ្នាំខាងមុខ៕

RELATED ARTICLES