ភ្នំពេញ៖មាស សុខសោភា គ្មានគម្រោងច្រៀងSolo Concerts ទេនៅចុងឆ្នាំ២០២៤ នេះ ខណៈដែលឱក សុគន្ធកញ្ញា ធ្លាប់ជាគូប្រជែងរបស់ខ្លួនជាង១០ឆ្នាំ មកហើយនោះត្រឹមតែរយៈពេលជាង៣ខែនាងមានគម្រោងច្រៀងSolo Concerts ៣ដង នោះគឺបានច្រៀងរួចហើយ២លើកគឺទី១៖ថ្ងៃទី១៤ ខែកញ្ញា នៅកោះពេជ្រ ,លើកទី២ ៖ថ្ងៃទី៣០ ខែ១១ នឹងត្រៀមច្រៀងលើកទី៣នៅខេត្តកំពង់ចាមនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ។អ្នកគាំទ្រមាស សុខសោភា ថានាងជាតារាស្រីសាកសមបំផុតក្នុងការច្រៀងSolo Concerts ព្រោះមានបទចម្រៀងល្បីៗរាប់រយបទទៅហើយ ប៉ុន្ដែបែជាមិនអាចច្រៀងប្រភេទConcerts ម្នាក់ឯងទៅវិញ ។បញ្ហានេះត្រូវបានអ្នកជំនាញសិល្បៈលើកឡើងថាព្រោះតែលោកអ៊ឹត រ៉ាដា ស្វាមីមាស សុខសោភា ដែលជាអ្នកដឹកនាំសម្ដែងMVនិងរៀបចំឲ្យនាងច្រៀងនោះមិនដូចស្វាមីឱក សុគន្ធកញ្ញា លោកអ៊ឹង សុខលី ដែលលោករិះរកមធ្យោបាយគ្រប់បែបយ៉ាងទាំងអស់ដើម្បីឲ្យភរិយាលោកស្ទុះឡើងវិញក្រោយមានកូន២នាក់ដែលមនុស្សជាច្រើនថានាងមិនអាចទៅរួចនោះ។ប៉ុន្ដែលោករ៉ាដា គ្មានផែនការណ៍រៀបចំឲ្យប្រពន្ធលោកច្រៀងSolo Concerts ឡើយ ដែលធ្វើឲ្យសោភា នៅតែច្រៀងតាមកម្មវិធីធម្មតាៗដូចមុនតាមPub ,ក្លឹប និងឆាកតន្រ្ដីប៉ុស្ដិ៍ទូរទស្សន៍ ។តែគេជឿថាសម្ថភាពដូចសុខសោភា ដែលមានបទល្បីៗផ្ទាល់ខ្លួនជាច្រើនក្នុងកណ្ដាប់ដៃនោះប្រសិនបើប្ដីនាងសហការណ៍ជាមួយក្រុមហ៊ុនភេសជ្ជៈ ឬស្រាបៀរណាមួយនោះនឹងអាចតំណើរការSolo Concerts នោះបានភ្លាម បើទោះជាស្វាមីនាងគ្មានសម្ភារៈនិងឧបករណ៍ឆាកតន្រ្ដីទំនើបៗក្នុងដៃដូចប្ដីសុគន្ធកញ្ញា ក៍ដោយ។
សូមបញ្ជាក់ថាមាស សុខសោភា ក្រោយដើរចេញពីផលិតកម្មរាម នាងច្រៀងផលិតកម្មខ្លួនឯងCamtrax ២ឆ្នាំមកហើយ ដែលភាគច្រើនពេលឡើងឆាកនាងយកបទល្បីៗពីមុនកែភ្លេងថ្មី ធ្វើឲ្យកេរ្តិ៍ឈ្មោះនាងនៅទ្រឹង ពោលគឺមិនស្ទុះទៅមុខទៀត ហើយក៍មិនធ្លាក់កូដខ្លាំងដែរ ព្រោះនាងចេញច្រៀងតាមការប្រគុំតន្រ្ដីជាច្រើនក្នុង១ខែៗ រួមទាំងរកលុយបានពីស្ពតពាណិជ្ជកម្មស្រាក្នុង១ឆ្នាំៗជាច្រើនម៉ឺនដុល្លារផងដែរ ។ប៉ុន្ដែសោភា ដែលគេចពីហង្សមាស ,Galaxy និងថោន នោះពេលនេះនាងនៅតែគ្មានដៃគូតារាចម្រៀងប្រុសណាច្រៀងជាមួយនាងឡើយ ខណៈដែលបើសិនជានាងព្រមប្ដូរចិត្តទៅGalaxy នោះព្រាប សុវត្ថិ ,ខេម និងខេមរៈ សិរីមន្ដ នឹងក្លាយទៅជាដៃគូនាងទាំងអស់ ដែលពេលនោះអ្នកដែលប្រឈមធ្លាក់កូដខ្លាំងគឺជានាងតន់ ច័ន្ទសីម៉ា ។តែសោភា ក៍ដូចជាតារាស្រីល្បីៗផ្សេងទៀតមិនចង់ចូលGalaxy ដោយសារតែពួកគេបារម្ភខ្លាចមិនស្ថិតក្នុងចំណោមតារាដែលថៅកែឡង់សេ ទើបសុខចិត្តគេចពីផលិតកម្មនេះដូចគ្នា ដែលធ្វើឲ្យនាងច័ន្ទសីម៉ា នៅតែជាតួឯក ។
គេកត់សម្គាល់ថាក្រៅពីអត់ក្វល់ច្រៀងSolo Concerts មាស សុខសោភា និងស្វាមីក៍ត្រៀមខ្លួនធ្វើពិធីខួបអាពាហ៍ ពិពាហ៍ គម្រប់ខួប១៥ឆ្នាំ (២០០៩-២០២៤)នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះដែរ ពោលគឺចំថ្ងៃឱក សុគន្ធកញ្ញា ច្រៀងSolo Concerts លើកទី៣ តែម្ដង បន្ទាប់ពីនាងបានចាប់ដៃលោកអ៊ឹត រ៉ាដា ១៧ឆ្នាំ និងបានរៀបការ២លើកសុទ្ធតែធ្វើដោយលាក់លៀមទាំងអស់គឺរៀបការលើកទី១៖ការតាមបែបគ្រីស្ទាន ឆ្នាំ២០០៨ និងលើកទី២៖ការតាមប្រពៃណីខ្មែរ ស្រដៀងសែនព្រេន ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០០៩ ។សោភា ដែលមិនធ្លាប់បង្ហាញថានាងមានផ្ទៃពោះនោះក៍ប្រកាសថានាងមានកូនប្រុស១ឈ្មោះBovee Hundley អាយុ១៧ឆ្នាំ តែគ្មានដំណឹងនាងយកកូនទី២នោះទេ ។យ៉ាងណាគេចាំមើលថានៅឆ្នាំ២០២៥ ខាងមុខនេះសុខសោភា នឹងបន្ដច្រៀងនៅផលិតកម្មគ្រប់គ្រងដោយប្ដីនិងបងប្រុសនាងទៀត ឬក៍នាងពិចារណា ស្វែងរកទ្រនុំទី៨ ?