ស៊ីរី ៖ ក្រុមឧទ្ទាមស៊ីរី បានចូលលុកលុយ ដុតបំផ្លាញផ្នូររបស់ឪពុកលោកបាស្ហារ អាល់-អាសសាដ (Bashar al-Assad) អតីតប្រធានាធិបតីស៊ីរី បន្ទាប់ពីបានផ្តួលរំលំរដ្ឋាភិបាល ខណៈដែលសហរដ្ឋអាមេរិក រៀបចំគាំទ្ររដ្ឋាភិបាលថ្មីរបស់ប្រទេសស៊ីរី ប៉ុន្តែមានលក្ខខណ្ឌ។
តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១២ ខែធ្នូឆ្នាំ២០២៤ ថា យុទ្ធជនឧទ្ទាមស៊ីរី បានវាយឆ្មក់ចូល និងដុតបំផ្លាញផ្នូររបស់អតីតប្រធានាធិបតីស៊ីរី ដែលត្រូវជាឪពុករបស់លោកបាស្ហារ អាល់-អាសសាដ គឺលោកហាហ្វេស អាល-អាសសាដ (Hafez al-Assad) បន្ទាប់ពីបានផ្ដួលរំលំរដ្ឋាភិបាលអាសសាដ កាលពីចុងសប្តាហ៍មុន។
ឃ្លីបវីដេអូដែលបានផ្សព្វផ្សាយតាមអ៊ីនធឺរណិត បង្ហាញបុរសប្រដាប់អាវុធជាច្រើន ដើរជុំវិញទីបញ្ចុះសពលោកហាហ្វេស អាល-អាសសាដ ដែលត្រូវបានដុត នៅទីក្រុងការដាហា (Cardaha) ខេត្តឡាតាគីយ៉ា (Latakia) ភាគពាយ័ព្យប្រទេសស៊ីរី។
ក្រុមឧទ្ទាមដឹកនាំដោយ Hayat Tahrir al-Sham (HTS) បានវាយលុកយ៉ាងរហ័សចូលទីក្រុងធំៗក្នុងប្រទេសស៊ីរី ហើយផ្តួលរំលំរដ្ឋាភិបាលដែលគ្រប់គ្រងដោយគ្រួសារលោកអាសសាដ អស់រយៈពេល ៥៤ឆ្នាំ ក្នុងរយៈ ពេលតែពីរសប្តាហ៍ប៉ុណ្ណោះ ដែលបណ្តាលឲ្យប្រធានាធិបតី បាស្ហារ អាល់-អាសសាដ (Bashar al-Assad) ភៀសខ្លួនទៅប្រទេសរុស្ស៊ី ជាមួយគ្រួសារ។
ការដួលរលំនៃរដ្ឋាភិបាលលោកអាសសាដ គឺជាការបញ្ចប់នៃសង្គ្រាមស៊ីវិលដែលបានចាប់ផ្តើមក្នុងឆ្នាំ២០១១ ដែលបានធ្វើឱ្យមនុស្សជាង ៥០០ ០០០នាក់ បានស្លាប់ និង ១២លាននាក់ ត្រូវផ្លាស់លំនៅ ឬត្រូវធ្វើអន្តោប្រវេសន៍ទៅបរទេស។
លោកហាហ្វេស អាល-អាសសាដ (Hafez al-Assad) បានគ្រប់គ្រងប្រទេសស៊ីរី ដោយច្បាប់ដែក (ផ្តាច់ការ) ពីឆ្នាំ១៩៧១ រហូតដល់គាត់ស្លាប់នៅឆ្នាំ២០០០ នៅពេលដែលកូនប្រុសរបស់គាត់ បាស្ហារ អាល់-អាសាដ បានឡើងកាន់អំណាចបន្តពីឪពុក។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា តំណាងក្រុមឧទ្ទាម បានចុះហត្ថលេខាលើឯកសារសង្កត់ធ្ងន់លើភាពចម្រុះសាសនា និងវប្បធម៌នៅក្នុងប្រទេសស៊ីរី ខណៈដែលមុននេះ មេដឹកនាំ HTS លោក អាប៊ូ ម៉ូហាមមេដ អាល់-ចូឡានី (Abu Mohammed al-Jolani) ដែលមានឈ្មោះពិតថា អាហ៍មេដ អាល់-ស្ហារ៉ា (Ahmed al-Sharaa) បានសន្យាទទួលយកភាពចម្រុះខាងសាសនា និងសហគមន៍នៅស៊ីរី ។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា ទីក្រុងវ៉ាស៊ីងតោន នឹងទទួលស្គាល់យ៉ាងពេញទំហឹង និងគាំទ្ររដ្ឋាភិបាលណាមួយនាពេលអនាគត នៅក្នុងប្រទេសស៊ីរី ដរាបណាជារដ្ឋាភិបាលដែលកើតចេញពីដំណើរ ការដែលអាចទុកចិត្តបាន រួមបញ្ចូលនិងគោរពសិទ្ធិជនជាតិភាគតិច៕