ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងបុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរ បាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ បានចុះប្រមូលសិស្សគេចសាលា ចំនួន៤នាក់ ដែលគេចម៉ោងរៀនសូត្រ ទៅសម្ងំជក់បារី និងលេងទូរស័ព្ទ នៅចំណុចផ្ទះ ១កន្លែង ស្ថិតក្នុងក្រុមទី៦ ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង។
សិស្សសាលាទាំង៤នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់យកមកអប់រំ រួមមាន ទី១-ឈ្មោះដឹង តុងជីន ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សរៀននៅអនុវិទ្យាល័យបឹងរាំង រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។ ទី២-ឈ្មោះសុខ បុត្រស័ក្ក ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សរៀននៅអនុវិទ្យាល័យបឹងរាំង រស់នៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។ ទី៣-ឈ្មោះចាន់ ផានិត ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សរៀននៅអនុវិទ្យាល័យបឹងរាំង រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង និងទី៤-ឈ្មោះពេជ្រ សុខនទ្រីរ៉ាឌី ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សរៀននៅអនុវិ ទ្យាល័យបឹងរាំង រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។
ក្រោយឃាត់ខ្លួន នាំមកកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង ដើម្បីធ្វើការសាកសួរ សិស្សសាលាទាំង៤នាក់ខាងលើ បានសារភាពថា ពួកខ្លួនមិនបានចូលរៀនទេ ហើយបាននាំគ្នាទៅលេងផ្ទះរបស់ឈ្មោះម៉ៅ ប៊ុនថន ភេទប្រុស រួចបាននាំគ្នាជក់បារី និងលេងទូរស័ព្ទដៃ នៅទីនោះប្រាកដមែន ។
ជុំវិញករណីនេះ កម្លាំងនគរបាលស្រុក បានធ្វើកិច្ចសន្យាលើសិស្សសាលាទាំង៤នាក់ និងអប់រំឱ្យបញ្ឈប់សកម្មភាពនេះតទៀត រួចអនុញ្ញាតឱ្យអាណាព្យាបាលមកធានាយកត្រឡប់ទៅផ្ទះវិញ ដើម្បីអប់រំបន្ត៕