Sunday, December 15, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគ្រួសារយុទ្ធជនពិការ ជាប់គុករឿងដីធ្លី តុលាការដោះលែងឲ្យនៅក្រៅឃុំ

គ្រួសារយុទ្ធជនពិការ ជាប់គុករឿងដីធ្លី តុលាការដោះលែងឲ្យនៅក្រៅឃុំ

ខេត្តកំពង់ឆ្នាំង ៖ គ្រួសារអតីតយុទ្ធជន និងជាយោធិនពិការ ដែលមានវ័យចាស់ៗណាស់ទៅហើយ ចំនួន៣នាក់ មានលំនៅក្នុងឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានធ្វើដំណើរទៅដល់ផ្ទះជួបជុំកូនចៅហើយ ក្រោយតុលាការ ខេត្តកំពង់ឆ្នាំង បានសម្រេចដោះលែងឱ្យនៅក្រៅឃុំ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

ពួកគាត់ទាំង៣នាក់ ត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ចេញដីកាបង្គាប់ឲ្យចាប់ដាក់ពន្ធ នាគារ កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ តាមបណ្តឹងរបស់មនុស្សម្នាក់ រស់នៅក្នុងឃុំជាមួយគ្នា។ ក្រុមគ្រួសារ រួមទាំងពលរដ្ឋនៅក្នុងមូលដ្ឋាន រំភើបរីករាយឥតឧបមា ស្ទើររកអ្វីមកថ្លែងពុំបាននោះឡើយ ដោយសារបានឃើញពួកគាត់ បានចេញមកនៅក្រៅឃុំជួបជុំកូនចៅ ម៉្យាងពួកគាត់ចាស់ៗអស់ទៅហើយ និងមានជំងឺប្រចាំកាយទៀតផង ដោយត្រូវការ ព្យាបាលជារៀងរាល់ថ្ងៃ។

លោកតាលោកយាយដែលទើបតែបានចេញពីពន្ធនាគារ បានថ្លែងប្រាប់ កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ថា ពួកគាត់សូមថ្លែងអំណរគុណថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកជីវ កេង ប្រធានតុលាការ កំពូល លោកស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោក គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោកឯក ស៊ុនរស្មី តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបានខ្នះខ្នែងយកចិត្តទុកដាក់គិតគូរទុក្ខលំបាក របស់គ្រួសារពួកគាត់ដែលជាអតីតយុទ្ធជន និងបានពន្លឿននីតិវិធីជួយសម្របសម្រួលឱ្យពួកគាត់ទាំង៣នាក់ បាននៅក្រៅឃុំជាបណ្តោះអាសន្ន។

សូមបញ្ជាក់ថា គ្រួសារអតីតយុទ្ធជនដែលត្រូវបានតុលាការឃុំខ្លួននៅក្នុងពន្ធនាគារខេត្តកំពង់ឆ្នាំង មានចំនួន៣នាក់ រួមមាន ទី១-ឈ្មោះព្រំ សាង ភេទប្រុស អាយុ៥៩ឆ្នាំ អតីតកងទ័ពបានចូលបម្រើក្នុងជួរកងទ័ព នៅឆ្នាំ១៩៨៣ ក្នុងកងពលលេខ១៩៦ វរសេនាតូច លេខ៨០ និងរងរបួសដាច់ដៃម្ខាងនៅក្នុងសមរភូមិសំឡូត ជាប់ព្រំ ដែនខ្មែរ-ថៃ។ ទី២-ឈ្មោះម៉ោញ ជន ភេទស្រី អាយុ៥៩ឆ្នាំ ត្រូវជាប្រពន្ធ  និងទី៣-លោកយាយ ម៉ោញ សុន អាយុ៧០ឆ្នាំ ជាស្ត្រីមេម៉ាយកូនមួយ ត្រូវជាបងថ្លៃស្រី។ ពួកគាត់ទាំង៣នាក់ រស់នៅក្នុងភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

លោកព្រំ សាង បានរៀបរាប់ប្រាប់ឱ្យដឹងថា ដីដែលត្រូវបានគេប្តឹងផ្តល់គាត់ ទៅតុលាការខាងលើនេះ គឺជាដីកេរប្រពន្ធរបស់គាត់ តាំងពីសង្គមចាស់ ហើយត្រូវបានឪពុកម្តាយចែកឱ្យប្រពន្ធគាត់។ លុះក្រោយមក លោកមិនចាំថ្ងៃខែ ឈ្មោះជឹម ជា ភេទប្រុស ត្រូវជាឪពុករបស់ឈ្មោះ ខាត់ ចាន់ បច្ចុប្បន្នរស់នៅភូមិតាកាប ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានមកខ្ចីដីរបស់គាត់ រស់នៅជាបណ្តោះអាសន្ន។

នៅពេលដែលឈ្មោះជឹម ជា បានរើផ្ទះចេញទៅរស់នៅកន្លែងផ្សេង គាត់ក៏បានជម្រាបលោកមេភូមិ និងមេឃុំ ដើម្បីចូលទៅគ្រប់គ្រងដីរបស់គាត់វិញ (មិនចាំខែឆ្នាំ)។ លុះនៅក្នុងអំឡុងឆ្នាំ២០១៧ ស្រាប់ឃើញមានឈ្មោះខាត់ ចាន់ នៅភូមិតាកាប ឃុំខ្លុងពពក បានប្តឹងពួកគាត់ទៅ នគរបាល និងប្តឹងបន្តទៅកាន់តុលាការពីបទ “ធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស” និងបានប្តឹងទាមទារសំណងពីពួកគាត់ក្នុង ម្នាក់ៗចំនួន១០លានរៀល ទៀតផង។

លោកជឹម ជា បានបញ្ជាក់ថា ការប្តឹងចោទប្រកាន់ពួកគាត់ថា បានធ្វើឱ្យខូចខាតដោយចេតនានោះគឺ ១-ចោទថា ពួកគាត់បានកាប់ដើមដូង និងដើមគ ដែលងាប់និងពុកផុយអស់ទៅហើយ និង២-បានប្តឹងចោទថាពួកគាត់ទាំង៣នាក់ រុះរបងគេ អស់ប្រវែង២៥ម៉ែត្រ។ តាមពិត របងនោះ គឺជារបងតាយាយជាអ្នកធ្វើ និងដើមឈើទាំងពីរដើមនោះ ក៏ដុះនៅក្នុងដីរបស់គាត់ដែរ តែត្រូវបានគេប្តឹងថាជាដីរបស់គេ។ ការប្តឹងចោទប្រកាន់របស់ឈ្មោះ ខាត់ ចាន់ ខាងលើនេះ គឺពុំពិតនោះទេ ព្រោះពួកគាត់ទាំង៣នាក់ ពុំបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។

លោកជឹម ជា បានបញ្ជាក់បន្ថែមទៀតថា នៅពេលដែលសមត្ថកិច្ចនិងតុលាការ កោះហៅពួកគាត់ទៅសួរនាំម្តងៗ គឺសួរតែអំពីការកាប់ដើមគ និងដើមដូង ទាំង២ដើមនោះតែប៉ុណ្ណោះ ចំណែកការរុះរើរបង ពុំដែលសួរនាំគាត់នោះឡើយ។ ចំពោះអ្នកដែលកាប់ដើមដូង និងដើមគងាប់ ទាំង២ដើមនោះដែរ ពួកគាត់ក៏បានឆ្លើយប្រាប់ចង្អុលបង្ហាញទៅតុលាការ និងសមត្ថកិច្ចនូវរៀងរាល់ពេលកោះហៅពួកគាត់ទៅសួរនាំម្តងៗផងដែរថា គឺឈ្មោះមែន សិក ដែលត្រូវជាក្មួយថ្លៃរបស់គាត់ទេ ដែលជាអ្នកកាប់ព្រោះខ្លាចដើមឈើងាប់ទាំងនោះ បាក់សង្កត់លើបង្គន់របស់គេ។

ម៉្យាងទៀត ក្រោយពីតុលាការសម្រេចឃុំខ្លួនពួកគាត់ទាំង៣នាក់ក្នុងពន្ធនាគារ ឈ្មោះខាត់ ចាន់ និងបក្ខពួក បានមកធ្វើរបងព័ទ្ធយកដីភូមិដែលបានប្តឹងគាត់ខាងលើនេះ។ មិនតែប៉ុណ្ណោះពួកគេបានធ្វើរបងព័ទ្ធយកទាំងដីស្រែ ចំនួន២ ដែលស្រែនោះកូនរបស់គាត់បានធ្វើស្រែ ជារៀងរាល់ឆ្នាំ ហើយពុំដែលមានទំនាស់ជាមួយនឹងឈ្មោះខាត់ ចាន់ នោះដែរ។ ពេលអាជ្ញាធរ និងមន្ត្រីភូមិបាល ចុះវាស់វែងដីនោះ បានដាក់ឈ្មោះអ្នកផ្សេងទៀតផង ដែលមានលេខក្បាលដី៣៩៩។

ដោយឡែកលោកម៉ែន សិក ដែលលោកព្រំ សាង និងប្រពន្ធ បានចង្អុលបង្ហាញប្រាប់សមត្ថកិច្ចនិងតុលាការថា ខ្លួនជាអ្នកកាប់ដើមគ និងដើមដូងងាប់ទាំង២ដើមខាងលើ បានបញ្ជាក់ប្រាប់ថា គាត់ពុំដែលត្រូវបានសមត្ថកិច្ច ឬតុលាការកោះហៅទៅសួរនាំពាក់ព័ន្ធនឹងការកាប់ដើមគ និងដើមដូងងាប់ ២ដើមនោះទេ។ ចំពោះដើមគ និងដើមដូងដែលងាប់ ទាំង២ដើមនោះដែរ គឺកូនប្រុសរបស់គាត់ជាអ្នកកាប់ ដោយខ្លាចរលំបាក់មកសង្កត់លើបង្គន់ ព្រោះទាំងពីរដើមនោះ មានសភាពពុកផុយអស់ទៅហើយ។

ជុំវិញករណីខាងលើនេះ កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ឆ្នាំង បានបើកសវនាការឡើងវិញ ជាលទ្ធផល ៖

– អង្គសវនាការសម្រេចលុបចោលសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ៤ (ខ) ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

– ទទួលយកបណ្តឹងជំទាស់របស់គ្រួសារអតីតយុទ្ធជនទាំង៣នាក់ និងបើកសវនាការនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

– ទទួលយកពាក្យស្នើសុំរបស់យាយតាទាំង៣នាក់ ដែលសុំនៅក្រៅឃុំ ។ អង្គសវនាការក៏សម្រេចឱ្យពួកគាត់ទាំង៣នាក់ បាននៅក្រៅឃុំ ជាបណ្តោះអាសន្ន កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

ជាចុងក្រោយ ក្រុមគ្រួសារអតីតយុទ្ធជនទាំង៣នាក់ គោរពស្នើសុំប្រធានតុលាការខេត្តកំពង់ឆ្នាំង និងព្រះរាជអាជ្ញា សូមមេត្តាផ្តល់យុត្តិធម៌ជូនពួកគាត់ នៅថ្ងៃសវនាការ ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដោយក្តីប្រណីមេត្តា ស្របទៅតាមភាពយុត្តិធម៌ និងសច្ចធម៌ ដោយក្តីអនុគ្រោះ ព្រោះពួកគាត់ទាំងអស់គ្នា មិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះឡើយ។

ជាមួយគ្នានេះពួកគាត់ទាំង៣នាក់ សូមអំពាវនាវដល់អភិបាលខេត្តកំពង់ឆ្នាំង ជួយស្វែងរកយុត្តិធម៌ និងចុះស្រាវជ្រាវរកការពិត ហើយ ប្រគល់ដីរបស់ពួកគាត់ត្រឡប់មកវិញ ដោយនៅពេលនេះ ឈ្មោះ ខាត់ ចាន់ និងបក្ខពួក បានធ្វើរបងឡោមព័ទ្ធអស់ទៅហើយ៕

RELATED ARTICLES