ខេត្តព្រះសីហនុ ៖ ជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពលួចសត្វក្របីរបស់ប្រជាពលរដ្ឋ ចំនួន៣ក្បាល រួចដឹកតាមរថយន្ត ចំនួន៣គ្រឿង ចេញពីខេត្តព្រះសីហនុ បំណងយកទៅលក់នៅឯខេត្តព្រៃវែង តែត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ឃាត់ខ្លួនបាន២នាក់ ចំណែកបក្ខពួកផ្សេងទៀត បានគេចខ្លួនបាត់អស់។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រោយពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋថា មានករណីលួចសត្វក្របី ចំនួន៣ក្បាល នៅចំណុចភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាល ខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា បើកការស្រាវជ្រាវភ្លាមៗ។
ប្រភពដដែលបន្តថា បន្ទាប់ពីទទួលបានបញ្ជាពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា រួចមក លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា បានដឹកនាំកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងកម្លាំងអធិការដ្ឋាននគរ បាលស្រុកកំពង់សីលា បើកការស្រាវជ្រាវស៊ើបអង្កេត និង ដោយមានការសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានពន្លាតដែនសមត្ថកិច្ចដល់ខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង កម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង រហូតសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ និងដកហូតបានវត្ថុតាង សត្វក្របី ចំនួន៣ក្បាល និងរថយន្ត ចំនួន៣គ្រឿង។
ចំពោះករណីនេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានកសាងសំណុំរឿង និងបញ្ជូនជន សង្ស័យទៅកាន់សាលាដំបូង ខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី និងស្វែងរកចាប់ខ្លួនបក្ខពួកដែលនៅសេសសល់៕