បារាំង ៖ កោះម៉ាយ៉ូត (Mayotte) ទឹកដីបារាំង នៅមហាសមុទ្រឥណ្ឌា បានប្រឈមមុខនឹងព្យុះស៊ីក្លូនធ្ងន់ធ្ងរបំផុត ក្នុងរយៈពេលជិត ១០០ឆ្នាំ បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ និងរាប់រយនាក់ បានរងរបួស។
តាមប្រភពទីភ្នាក់ងារព័ត៌មានបរទេស បានរាយការណ៍នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ថា ព្យុះស៊ីក្លូន ជីដូ (Chido) បានបោកបក់មកលើកោះម៉ាយ៉ូត (Mayotte ) ទឹកដីប្រទេសបារាំង នៅមហាសមុទ្រឥណ្ឌា កាលពីថ្ងៃសៅរ៍ ទី១៤ ខែធ្នូ ឆ្នាំ២០២៤ បណ្តាលឱ្យមានខ្យល់បក់ខ្លាំងក្នុងល្បឿនជាង ២២៥គីឡូម៉ែត្រ ក្នុងមួយម៉ោង ក្រោយមកសាកសព ១១នាក់ ត្រូវបានរកឃើញ ប៉ុន្តែចំនួនពិតប្រាកដ អាចខ្ពស់ជាងនេះ។
ប្រធានាធិបតីបារាំង លោកអេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា ប្រទេសបារាំង នឹងផ្តល់ការគាំទ្រ និងជំនួយដល់ប្រជាជន នៅកោះម៉ាយ៉ូតe ។ តាមប្រភពមន្ត្រីបារាំង បានឲ្យដឹងថា អ្នកពន្លត់អគ្គិភ័យ និងទាហានប្រហែល ២៥០នាក់ ត្រូវបានបញ្ជូនទៅកោះម៉ាយ៉ូត ដើម្បីជួយសង្គ្រោះជនរងគ្រោះ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក ប៊្រុយណូ រ៉ឺតៃយ៉ូ (Bruno Retailo) បាននិយាយថា រាល់ផ្ទះបណ្តោះ អាសន្ននៅលើកោះម៉ាយ៉ូត ត្រូវបានបំផ្លាញទាំងស្រុង ហើយគាត់បារម្ភថា នឹងមានអ្នកស្លាប់ជាច្រើន។ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ដោយដកស្រង់ព័ត៌មានពីមន្ទីរពេទ្យថា យ៉ាងតិចមានមនុស្ស ១១នាក់ បានស្លាប់ និង ២៤៦នាក់ផ្សេងទៀតបានរងរបួស។ ចំណែកទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់ប្រភពសន្តិសុខថា អ្នកស្លាប់ មានចំនួន ១៤នាក់។
គួរបញ្ជាក់ថា កោះម៉ាយ៉ូត (Mayotte) ជាដែនដីប្រទេសបារាំង ស្ថិតនៅភាគពាយ័ព្យនៃប្រទេសម៉ាដាហ្គាស្ការ រួមមានកោះធំមួយ ហ្គ្រង់ទែរ (Grand-Terre) និងកោះតូចៗជាច្រើន មានប្រជាជនប្រហែល ៣០០ ០០០នាក់ ដែលភាគច្រើនរស់នៅក្នុងលំនៅឋានអន្តរកាល មើលទៅដូចជាខ្ទមដែលមានដំបូលស័ង្កសី។
ព្យុះស៊ីក្លូន ជីដូ (Chido) បានធ្វើឱ្យអ្នកស្រុកនៅកោះម៉ាយ៉ូត រាប់ម៉ឺននាក់ បាត់បង់ផ្ទះសម្បែងរបស់ពួកគេ ខណៈពេលដែលប្រព័ន្ធអគ្គិសនី ការផ្គត់ផ្គង់ទឹក និងអ៊ីនធឺរណិត ទាំងអស់ ត្រូវបានកាត់ផ្តាច់។ អាជ្ញាធរបារាំង បានបញ្ជូនយន្តហោះដឹកជញ្ជូនយោធា ផ្គត់ផ្គង់ស្បៀងអាហារ និងបុគ្គលិកសង្គ្រោះបន្ទាន់ ទៅកាន់កោះខាងលើ។ រដ្ឋមន្ត្រីដឹកជញ្ជូនបារាំង ស្តីទី លោក ហ្វ្រង់ស័រ ឌុយរ៉ូវ្រាយ (Francois Durovray) បាននិយាយថា ព្រលានយន្តហោះប៉ាម៉ង់ហ្ស៉ី (Pamandzi) នៅលើកោះម៉ាយ៉ូត បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅប៉មបញ្ជា។ ប៉ុន្តែចរាចរណ៍ផ្លូវអាកាស បានចាប់ផ្តើមដំណើរការឡើងវិញ ជាមួយនឹងការមកដល់នៃយន្តហោះយោធា។ ទន្ទឹមនឹងនោះដែរ កប៉ាល់ជាច្រើនទៀត កំពុងធ្វើដំណើរដើម្បីបញ្ជូនគ្រឿងឧបភោគ-បរិភោគ ផ្គត់ផ្គង់ដល់ជនរង គ្រោះនោះលើកោះកើតហេតុ៕