Wednesday, December 18, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមជំពាក់លុយមិនសង បើកឡានដេញបុ.../ក

ជំពាក់លុយមិនសង បើកឡានដេញបុ…/ក

ភ្នំពេញ ៖ រថយន្តតូយ៉ូតា ព្រូស ១គ្រឿង បានបើកបប្រដេញតាមស្ទាក់រថយន្តកាមរី ១គ្រឿង ពាក់ស្លាកលេខរដ្ឋ តាំងពីខណ្ឌឫស្សីកែវ រហូតដល់បង្កជាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ទើបផ្អើលដល់សម ត្ថកិច្ច ឃាត់សាកសួរ ទើបដឹងថា មូលហេតុផ្តើមចេញពីជម្លោះរឿងលុយកាក់ ជំពាក់មិនសង។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តកាមរី ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ រដ្ឋ 06 2-0259 បើកបរដោយបុរសម្នាក់រួមដំណើរដោយជនបរទេសម្នាក់ ជាជនជាតិបង់ក្លាដែស និងមានស្ត្រីម្នាក់ រួមទាំងក្មេងតូចទៀត ដោយ រថយន្ត ១គ្រឿងនេះ បានបើកបរតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ក្នុងទិសដៅពីជើង ទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញមានរថយន្ត ១គ្រឿងទៀត ម៉ាកតូយ៉ូតា ព្រូស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7160 បើកបរដោយបុរសម្នាក់ រួមដំណើរដោយមិត្តភក្តិម្នាក់ទៀត បានបើកដេញតាមរថយន្តស្លាកលេខរដ្ឋ ពីក្រោយ រហូតស្ទាក់ពីមុខ បណ្តាលឱ្យរថយន្តស្លាកលេខរដ្ឋ ជ្រុលទៅបុក បង្កជាគ្រោះថ្នាក់ចរាចរណ៍តែម្តង ។

ក្រោយកើតហេតុ ពេលសមត្ថកិច្ចសាកសួរនាំទើបដឹងថា ជាបញ្ហាលុយកាក់ ដោយភាគីរថយន្តព្រូស បានដេញតាមរថយន្តពណ៌ស ពាក់ស្លាកលេខរដ្ឋ បានលើកឡើងថា ជនបរទេសនៅក្នុងរថយន្តនោះ ជំពាក់ប្រាក់គេមិនព្រមសង រួចបើករថយន្តបុកនារីរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ បញ្ជូនទៅពេទ្យ ទើបរថយន្តព្រូស ខាងលើ បើកដេញតាមឃាត់ដូច្នេះ។

តាមប្រភពជនបរទេសខាងលើ បានឱ្យដឹងថា មានជនបរទេស ២នាក់ បានលួចលុយគាត់ចំនួន៣ពាន់ដុល្លារ ពេលគាត់តាមទារវិញ ក៏ត្រូវក្រុមនោះព្រួតវាយគាត់ឲ្យរបួស ទើបគាត់ប្តឹងប៉ូលិសសង្កាត់ច្រាំងចំរេះទី១ ឱ្យជួយដោះស្រាយគ្នា តែគាត់ទទួលបានសំណងត្រឹម ១៥០០ដុល្លារ ដោយដោះស្រាយគ្នាបញ្ចប់រឿង។ បន្ទាប់ពីទទួលបានលុយរួច គាត់បានជិះរថយន្តស្លាកលេខរដ្ឋខាងលើចេញ ស្រាប់តែមានរថយន្តព្រូស ដេញតាមស្ទាក់គាត់ ទំនងជាក្រុមដែលកាងឱ្យជនបរទេសខាងលើ មកតាមរករឿងគាត់។

ដោយសារតែសាច់រឿងពាក់ព័ន្ធជាមួយលុយកាក់ផង គ្រោះថ្នាក់ចរាចរណ៍ និងបង្ករបួសស្នាមផង សមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ បាននាំខ្លួនភាគីទាំងសងខាង ទៅប៉ុស្តិ៍ ដើម្បីសាកសួរនាំនិងអនុវត្តបន្តតាមនីតិវិធី។ចំណែករថយន្តទាំង២គ្រឿងខាងលើ ត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយគ្នា៕

RELATED ARTICLES