សហរដ្ឋអាមេរិក ៖ ទូរស័ព្ទ iPhone 17 Air ដែលជាម៉ូដែលស្មាតហ្វូនថ្មី របស់ក្រុមហ៊ុន Apple ចាប់ផ្តើមចូលទៅក្នុងដំណាក់កាលដំបូងនៃដំណើរការផលិតហើយ។ ចំណុចលេចធ្លោនៃទូរស័ព្ទនេះ គឺការរចនាតួរបស់វា ដែលសង្កត់ធ្ងន់ទៅលើភាពស្តើងបំផុត។
តាមប្រភព DigiTimes បានរាយការណ៍នៅថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២៤ ថា iPhone 17 Air បានចូលដល់ដំណាក់ កាលដំបូង នៃការណែនាំផលិតផលថ្មី យោងតាមផែនទីបង្ហាញផ្លូវរបស់ក្រុមហ៊ុន Apple ឬ New Product Introduction (NPI) ដែលជាដំណាក់កាលដំបូងនៃការឈានចូលដំណើរការផលិត។ មុនពេលចេញលក់ជាផលិតផលនេះ Apple និងអ្នកផ្គត់ផ្គង់ បានធ្វើការរួមគ្នា ដើម្បីវាយតម្លៃលទ្ធភាពដែលផលិតកម្មនឹងជួប នឹងការរចនា ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស្វករ Foxconn ដើម្បីវាយតម្លៃវិធីសាស្រ្តផលិត និងការផ្គុំឧប ករណ៍។
ការចេញលក់ iPhone 17 Air ត្រូវបានគេរំពឹងថា នឹងដើរតាមម៉ូដែលដូចគ្នានឹង iPhone 17, iPhone 17 Pro និង iPhone 17 Pro Max ។
នាពេលកន្លងមក ក្រុមហ៊ុន Apple បានធ្វើការពិសោធន៍ក្នុងការផ្តល់ជូននូវផលិតផលទាំងទំហំអេក្រង់តូចនិងធំ ដូចជាម៉ូដែល mini និង Plus ប៉ុន្តែម៉ូដែលទាំងពីរនេះ មិនទទួលបានជោគជ័យនោះទេ។ រហូតដល់គេជឿថា នៅឆ្នាំ 2025 Apple ទំនងជាមិនមានម៉ូដែល Plus ម្តងទៀតទេ។ វាត្រូវបានជំនួសដោយម៉ូដែល iPhone 17 Air ដែលជាការផ្លាស់ប្តូរថ្មីទី៣ របស់ក្រុមហ៊ុន Apple ដោយការសង្កត់ធ្ងន់ពិសេសលើភាពស្តើង។
iPhone 17 Air ត្រូវបានគេរំពឹងថានឹងមានទំហំប្រហាក់ប្រហែលនឹង iPhone 16 Plus ប៉ុន្តែកម្រាស់នឹងខុសគ្នាខ្លាំង។ វាមានកម្រាស់ប្រហែល ៦មិល្លីម៉ែត្រ ដែលស្តើងជាងម៉ូដែលស្តង់ដារ ប្រហែល ២៥ភាគរយ។
បើនិយាយពីលក្ខណសម្បត្តិវិញ iPhone 17 Air មានលក្ខណៈលើស iPhone 17 ស្តង់ដារ និង iPhone 17 Pro ដែលមានកាមេរ៉ាក្រោយតែមួយប៉ុណ្ណោះ។ ប៉ុន្តែទំនងជា iPhone 17 Air នឹងមានតម្លៃថ្លៃណាស់ តែ Apple ជឿថា អ្នកនិយម iPhone មួយចំនួនធំ នៅតែហ៊ានចំណាយសម្រាប់ទូរស័ព្ទទំនើប ម៉ូដែលថ្មីនេះ៕