ខេត្តសៀមរាប ៖ អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ដោយ បញ្ជាក់ឱ្យដឹងថា សាលាដំបូងខេត្តសៀមរាប បានទទួលចំណាត់ការសំណុំរឿងព្រហ្មទណ្ឌ លេខ១៥៧៦ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹង ករណីក្រុមក្មេងទំនើង ចំនួន១ក្រុម និងឃាត់ខ្លួនបានម្នាក់ ឈ្មោះខ្លួន ខ្លា ភេទប្រុស អាយុ១៨ឆ្នាំ និងជនត្រូវចោទ ៤នាក់ផ្សេងទៀត ដែលបានគេចខ្លួន មានទី១-ឈ្មោះម៉េង ហុង ភេទប្រុស អាយុប្រហែល១៨ឆ្នាំ។ ទី២-ឈ្មោះដុន បណ្ឌិត ភេទប្រុស អាយុ១៧ឆ្នាំ។ ទី៣-ឈ្មោះណាង សុវណ្ណារិទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ និងទី៤-ឈ្មោះហេង ភេទប្រុស។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបន្តថា ជនដែលត្រូវចោទទាំង៥នាក់ខាងលើ ត្រូវបានចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយប្រើអាវុធ និងមានមនុស្សច្រើននាក់) និងបទធ្វើឱ្យខូច ខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រព្រឹត្តដោយបុគ្គលច្រើនរូប) ប្រព្រឹត្តនៅចំណុចស្ថានីយប្រេងឥន្ធនៈ ភីធីធី (PTT) ក្នុងភូមិវត្តបូណ៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០ ២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា២១៨ និងមាត្រា៤១១នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ក្រោយពីបានសួរចម្លើយជនត្រូវចោទ និងបានពិនិត្យភ័ស្តុតាងក្នុងសំណុំរឿង ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទដែលឃាត់ខ្លួនបាន ឈ្មោះ ខ្លួន ខា ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី៕