Thursday, December 19, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រុម.../ឆ្កែ៤ កា---/ប់ម៉ូតូគេដល់ក្នុងផ្ទះ ជា.../ប់ខ្នោះ៧

ក្រុម…/ឆ្កែ៤ កា—/ប់ម៉ូតូគេដល់ក្នុងផ្ទះ ជា…/ប់ខ្នោះ៧

ភ្នំពេញ ៖ ក្មេងទំនើងឈាមរាវ ១ក្រុម ដែលមានរហស្សនាមថា (D4) ឬក្រុមឆ្កែ៤ បានធ្វើសកម្មភាពហិង្សាដោយចេតនា សម្រុកចូលកាប់បំផ្លាញម៉ូតូ ជាច្រើនគ្រឿង និងកាប់ផ្តាច់យកស្លាកលេខម៉ូតូ ចំនួន២ នៅក្នុងបុរី HP ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពី យប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ត្រូវបានបង្ហោះព្រោងព្រាតពេញបណ្តាញសង្គម ទីបំផុតត្រូវបានសមត្ថកិច្ចជំនាញបើកការស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាប ឃាត់ខ្លួនបានចំនួន៧នាក់ ខណៈដែលបក្ខពួកមួយចំនួនទៀតកំពុងរត់គេចខ្លួន។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបុរី HP ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។ រហូតមកដល់វេលាម៉ោង ១រសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៧នាក់។

 តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹង និងមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការបញ្ជាដឹកនាំដោយផ្ទាល់ពីសំណាក់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ និងសមត្ថកិច្ចនគរ បាលប៉ុស្តិ៍រដ្ឋបាលព្រៃស ព្រមទាំងកម្លាំងជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ ទោ ជាង ហុកសែ ជាអធិការរង សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ឈានដល់ការចាប់ឃាត់ខ្លួនបានក្រុមក្មេងទំនើងជាជនសង្ស័យ ចំនួន៧នាក់ កាលពីវេលាម៉ោង១រសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងថា «ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្ងៃនេះយើងបានបង្ហាញលទ្ធផលការងាររបស់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលដឹកនាំបញ្ជាដោយលោក វរសេនីយ៍ឯក ជឹម ស៊ីថា ជាអធិការខណ្ឌបានសហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងមានការចង្អុលបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ជាស្នងការរង ហើយនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចបានធ្វើការបង្ហាញក្រុមជនសង្ស័យចំនួន៧នាក់ ជាក្មេងទំនើងបង្កហិង្សាចូលកាប់ម៉ូតូរបស់ជនរងគ្រោះ យកស្លាកលេខ ម៉ូតូចំនួន២ ហើយក្រោយមកសមត្ថកិច្ចយើងក៏បានសហការស្រាវជ្រាវឃាត់ខ្លួនបានជាបន្ត បន្ទាប់ ចំនួន៧នាក់»។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បន្តថា ក្នុងរយៈពេលតែ១០ម៉ោងប៉ុណ្ណោះ ក្រោយកើតហេតុ និងទទួលបានបញ្ជាពីលោកស្នងការភ្លាម លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានដឹកនាំចុះស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់។ នេះជាកិច្ចការងាររហ័សបំផុតរបស់សមត្ថកិច្ចដែល មានភាពវៃឆ្លាត កំណត់បាននូវមុខសញ្ញាភ្លាម ហើយឈានដល់បង្ក្រាបតែម្តង។

លោកបន្តថា ក្នុងរយៈពេល៣ខែចុងក្រោយនេះ សមត្ថកិច្ចបានបង្ក្រាបក្រុមក្មេងទំនើង បាន៣១ករណី ក្នុងចំ ណោម ៣២ករណី និងជនសង្ស័យ ១៤៤នាក់ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ដោយឡែកលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ក៏បានបញ្ជាក់បន្ថែមថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្នុងការដឹកនាំបង្ក្រាបក្រុមក្មេងទំនើងបណ្តាភូមិសាស្ត្រនីមួយៗ ហើយក្រោយពីប៉ុស្តិ៍រដ្ឋបាលនគរបាលព្រៃស ទទួលបានព័ត៌មានពីជនរងគ្រោះថា មានក្មេងទំនើង ១ក្រុម បានចូលមកវាយកាប់បំផ្លាញម៉ូតូរបស់ខ្លួនដល់ក្នុងផ្ទះដែលពួកគាត់ជួលស្នាក់នៅ ក្រោយមកម៉ោងជិត ១០ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចបង្ក្រាបបានជន សង្ស័យម្នាក់ នៅជិតវត្តសំបួរ និងនាំមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាលព្រៃស បន្ទាប់មក សមត្ថកិច្ចបានសហការឈាន ដល់ឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុបចំនួន៧នាក់ នៅម្តុំទួលពង្រ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា បានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនក្រុមនេះបានហើយ ជនរង គ្រោះម្ចាស់ម៉ូតូ មានឈ្មោះសុខ ស្រីណែត ភេទស្រី អាយុ២២ឆ្នាំ មុខរបរលក់អនឡាញ ស្នាក់នៅផ្ទះកើតហេតុ បានមកចង្អុលថា ពិតជាក្រុមនេះមែន ហើយក្រុមជនសង្ស័យនេះ ក៏បាននិយាយថា ពួកគេមានរហស្សនាម (D4) ហៅក្រុមឆ្កែ៤ និងមានការចងក្រងជាផេកទៀតផង ដើម្បីងាយស្រួលពួកគេទាក់ទងគ្នា។

 លោកអធិការបញ្ជាក់ថា ទោះបីជាយ៉ាងនេះក្តី សមត្ថកិច្ចនឹងមិនរាថយទេ នឹងដឹកនាំបង្ក្រាបឱ្យអស់ឫសគល់ តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេ នីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ៕

RELATED ARTICLES