Saturday, December 21, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រកឃើញកំណប់ឈើប្រណិត ឈ្មួញលាក់ក្នុងដី

 រកឃើញកំណប់ឈើប្រណិត ឈ្មួញលាក់ក្នុងដី

ខេត្តមណ្ឌលគិរី ៖  ប្រជាសហគមន៍ និងសកម្មជនកាពារព្រៃឈើ ដឹកនាំដោយលោក តាន់ គឹមសួរ បានរកឃើញទីតាំងឈ្មួញលាក់ទុកឈលប្រណីត ដោយកប់ក្នុងដី ហើយបានសហការជាមួយជំនាញរដ្ឋបាលព្រៃឈើ និងដែនជម្រកសត្វព្រៃ នៅក្នុងខេត្តមណ្ឌលគិរី ចុះធ្វើការត្រួតពិនិត្យ រកឃើញឈើប្រណីត (បេង) ជាច្រើនដុំ។ករណីរកឃើញកំណប់ឈើប្រណីតនេះ គឺនៅចំណុចភូមិជីក្លប់ ឃុំសុខសាន្ត  ស្រុកកោះញែក ខេត្តមណ្ឌលគិរី មានឈើឃ្លុំជាច្រើនដុំ ប្រភេទឈើប្រណីត (បេង) ត្រូវបានឈ្មួញទុច្ចរិត កប់នៅក្នុងដី ដើម្បីត្រៀមដឹកជញ្ជូនយកទៅលក់នៅតាមដេប៉ូនានា និងទៅក្រៅប្រទេស ប៉ុន្តែផែនការរបស់ក្រុមឈ្មួញនេះ ត្រូវបានបរាជ័យ ដោយ សារតែប្រជាសហគមន៍ និងក្រុមអ្នកដែលស្រឡាញ់ធនធានធម្មជាតិ ដឹកនាំដោយលោកតាន់ គឹមសួរ សកម្មជនការពារព្រៃឈើ បានដឹង និងប្រទះឃើញ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។

ឈើឃ្លុំរាប់សិបដុំ ជាប្រភេទឈើប្រណីត (បេង) ដែលក្រុមឈ្មួញបានយកមកលាក់ទុកក្នុងដីនេះ ត្រូវបានប្រមូលយកទៅរក្សាទុកនៅដែនជម្រកសត្វព្រៃ កោះញែក ។

លោកតាន់ គឹមសួរ សកម្មជនព្រៃឈើ ដែលបានរកឃើញកំណប់ឈើខាងលើនេះ បានបញ្ជាក់នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ថា លោកមានច្រមុះទិព្វ ទោះជាពួកឈ្មួញទុច្ចរិត ខំយកឈើទៅលាក់នៅកន្លុកកន្លៀតណា ក៏អាចរកឃើញដែរ។

លោកតាន់ គឹមសួរ បានថ្លែងថា «ទាំងអាជ្ញាធរ ទាំងឈ្មួញឈើ មានការឆ្ងល់យ៉ាងខ្លាំងថាហេតុអ្វីខ្ញុំអាចរកឃើញឈើលាក់ទុកក្នុងដីបានបែបនេះ? តើខ្ញុំមានភ្នែកទិព្វ និងច្រមុះទិព្វ ឬយ៉ាងណា? អត់ប្រាប់ ទុកឲ្យឆ្ងល់»។លោកខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ថា សកម្មភាពចុះបង្ក្រាបករណីសន្និធិឈើខុសច្បាប់ នៅអតីតដីសម្បទានសេដ្ឋកិច្ច មួយកន្លែង នៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីសេចក្តីរាយការណ៍អំពីការលួចសន្និធិឈើខុសច្បាប់ នៅចំណុចស្រែតាអង ភូមិសាស្ត្រ ភូមិជីក្លប់ ឃុំសុខសាន្ត ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

អ្នកនាំពាក្យ បានបញ្ជាក់ថា មន្ត្រីឧទ្យានុរក្ស នៃការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចូលរួមជាមួយមន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃ ភ្នំព្រេច សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះទៅដល់ទីកន្លែងកើតហេតុខាងលើ ហើយបានរកឃើញទីតាំងលាក់ឈើ ចំនួន៣ន្លែង ដែលជនសង្ស័យបានលួចលាក់ទុកក្នុងដី។

សមត្ថកិច្ចមានការសង្ស័យជំហានដំបូងថា ជនល្មើសអាចកប់ចោលឈើក្នុងដី ក្នុងអំឡុងពេលដែលមានគណៈកម្មាធិការថ្នាក់ជាតិ ចុះការបង្ក្រាប កាលពីឆ្នាំ២០១៥។ ជាលទ្ធផល ក្រុមការងារបានបង្ក្រាប និងដកហូតឈើ ដូចខាងក្រោម ៖

ទី១-ទីតាំងដែលជនសង្ស័យបានទុកចោលក្នុងព្រៃល្បោះ ឃើញមានឈើមូល ប្រភេទឈ្លីច ចំនួន១២កំណាត់ ស្មើនឹង១,៩២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ ២០ទៅ២៥ភាគរយ។

ទី២-ទីតាំងខាងលើ ជាអតីតរោងស្នាក់នៅរបស់កម្មករ នៃអតីតក្រុមហ៊ុនសម្បទាន មានឈើអារប្រភេទសុក្រំ ចំនួន ១៣០សន្លឹក ស្មើ ៣,៥២ម៉ែត្រត្រីគុណ ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ ៣០ភាគរយ។

ទី៣- ទីតាំងដែលជនស្ស័យបានកប់ក្នុងដី ក្រុមការងារបានធ្វើការជីកកកាយរកឃើញឈើមូល ចម្រុះ ចំនួន១៩កំណាត់ ស្មើនឹង ១៣៨៣ម៉ែត្រគូប ដែលមានស្ថានភាពពុកផុយ គុណភាពប្រមាណ ២០ភាគរយ។

លោកអនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងពេលចុះធ្វើ ប្រតិបត្តិការ កម្លាំងសមត្ថកិច្ចពុំបានប្រទះឃើញជនសង្ស័យនៅកន្លែងកើតហេតុនោះទេ។ ក្រុមការងារបានប្រមូលវត្ថុតាង មករក្សាទុកនៅស្នាក់ការរងនៃដែនជម្រកសត្វព្រៃ ភ្នំព្រេច ដើម្បីចាត់ការតាមនីតិវិធី៕

RELATED ARTICLES