ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាធ្វើសកម្មភាពឆបោក ក្រោមរូបភាពកម្ចីអនឡាញ ត្រូវបានសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់ បន្ទាប់ពីធ្វើសកម្មភាពឆបោកជនរងគ្រោះ សរុប១១នាក់ និងទទួលបាន ប្រាក់ប្រមាណ ២ម៉ឺន៥ពាន់ដុល្លារ។
តាមប្រភពព័ត៌មាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់ តាមបណ្តាញសង្គម ក្រោមរូបភាពទិញ-លក់ទំព័រហ្វេសប៊ុក និងកម្ចីប្រាក់អនឡាញ ផ្ទេរប្រាក់តាមគណនីធនាគារផ្សេងៗ។
ប្រភពដដែល បន្តថា ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានចាប់ខ្លួនជនសង្ស័យ ១រូប ឈ្មោះ ប.ន ភេទប្រុស ជនជាតិខ្មែរ មានលំនៅក្នុងខេត្តកំពង់ចាម ជាអ្នកបង្កើតគណនីផ្សព្វផ្សាយកម្ចីប្រាក់ និងបង្កើតទំព័របណ្តាញសង្គម លក់ ដែលបានធ្វើការឆបោកទៅលើជនរងគ្រោះ ចំនួន១១នាក់ ក្នុងទំហំទឹកប្រាក់ ២ម៉ឺន៥ពាន់ដុល្លារ។
តាមការស្រាវជ្រាវ និងសួរចម្លើយ ចំនួនជនរងគ្រោះ និងទំហំទឹកប្រាក់ អាចមានចំនួនច្រើនជាងចំនួនខាងលើ។នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេធ្លាប់បានប្រព្រឹត្តបទល្មើសឆបោកប្រាក់ តាមបណ្តាញសង្គម តាំងពីអំឡុងឆ្នាំ២០២២ មកម៉្លេះ ដោយបង្កើតគណនីទំនាក់ទំនងសង្គមក្លែងក្លាយ ផ្សព្វផ្សាយពីការផ្តល់ប្រាក់កម្ចីតាមអនឡាញ និងការទិញ-លក់ទំពរ័ហ្វេសប៊ុក ក្រោយពីទទួលបានប្រាក់ពីជនរងគ្រោះដែលចង់ស្នើសុំប្រាក់កម្ចី ឬទិញទំព័រហ្វេសប៊ុក ពីរូបគេ គេបានផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះតែម្តង។ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋាន សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមឱ្យមានការប្រុងប្រយ័ត្នក្នុងការដាក់ស្នើសុំកម្ចីប្រាក់តាមប្រព័ន្ធអនឡាញ ពីស្ថាប័ននានា ដែលគ្មានប្រភពច្បាស់លាស់ តាមបណ្តាញទំនាក់ទំនងសង្គម និងការទិញ-លក់ទំនិញនានាតាមប្រព័ន្ធអនឡាញ ពីគណនីហ្វេសប៊ុក ឬទំព័រហ្វេសប៊ុក ដែលគ្មានប្រភពច្បាស់លាស់ ដែលអាចប្រឈមនឹងបញ្ហានានា ព្រមទាំងខាតបង់ផលប្រយោជន៍និងទ្រព្យសម្បត្តិទៀតផង៕