ខេត្តបាត់ដំបង ៖ ក្មេងប្រុសជាសិស្សសាលា ១ក្រុម បានគេចម៉ោងរៀនសូត្រ ទៅប្រមូលផ្តុំគ្នាបង្ហោះម៉ូតូលេងតាមដងផ្លូវយ៉ាងអនាធិបតេយ្យ និងត្រូវបានសមត្ថកិច្ចជំនាញ ចុះបង្ក្រាបដោយឃាត់បាន ៦នាក់ យកមកអប់រំណែនាំ និងដកហូតម៉ូតូ ចំនួន ៣គ្រឿង រក្សាទុករយៈពេល៣ខែ។
ករណីសិស្សគេចសាលា ទៅបង្ហោះម៉ូតូនេះ បានកើតឡើង កាលពីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៩ ភូមិស៊ុង១ ឃុំស៊ុង និង ឃុំតាសាញ ស្រុកសំឡូត។
សិស្សទាំង៦នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១-ឈ្មោះហាំ មន្នី ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ រស់នៅភូមិអូរទន្ទឹម ឃុំតាសាញ ស្រុកសំឡូត។ ទី២-ឈ្មោះហ៊ិន ដារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១០ រស់នៅភូមិដូនត្រិត ឃុំតាសាញ ស្រុកសំឡូត។ ទី៣-ឈ្មោះគឹម សុផានិត ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ រស់នៅភូមិដូនត្រិត ឃុំតាសាញ ស្រុកសំឡូត ទី៤-ឈ្មោះស្រេង ប្រាវីត ភេទប្រុស អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ រស់នៅភូមិដូន ត្រិត ឃុំតាសាញ ស្រុកសំឡូត។ ទី៥-ឈ្មោះព្រុច ពិសិទ្ធ ភេទប្រុស អាយុ១៥ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៩ រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត និងទី៦-ឈ្មោះពឿន ណាវីន ភេទប្រុស អាយុ១៣ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៨ រស់នៅភូមិអន្លង់ពួក ឃុំតាសាញ ស្រុកសំឡូត។
តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កម្លាំងផ្នែកនគរបាលយុត្តិធម៌ រួមជាមួយកម្លាំងបុស្តិ៍នគរបាលរដ្ឋបាលស៊ុង និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ នៃអធិការដ្ឋាននគរបាលស្រុកសំឡូត ដឹកនាំដោយលោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានចុះប្រមូល សិស្សគេចសាលា (មិនចូលរៀន ទៅបង្ហោះម៉ូត) បានចំនួន៦នាក់ រួចក៏នាំយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកសំឡូត។
កម្លាំងនគរបាលស្រុក បានធ្វើកិច្ចសន្យាលើក្មេងទំនើង ទាំង៦នាក់ខាងលើ ដោយធ្វើការអប់រំឱ្យបញ្ឈប់សកម្ម ភាពនេះតទៀត រួចអនុញ្ញាតឱ្យអាណាព្យាបាល មកធានាយកត្រឡប់ទៅសហគមន៍វិញ ដើម្បីអប់រំបន្ត។ ចំណែកម៉ូតូ បានដកហូតរក្សាទុករយៈពេល៣ខែ នៅអធិការដ្ឋាននគរបាលស្រុកសំឡូត៕