ខេត្តកំពង់ស្ពឺ ៖ ស្ត្រីម្នាក់ ជាកម្មការិនីរោងចក្រ តែងជិះរថយន្តដឹកកម្មករ ចេញពីផ្ទះ សំដៅទៅធ្វើការងាររោងចក្រ ជារៀងរាល់ថ្ងៃ លុះក្រោយមក ស្រាប់តែបុរសជាប្តីបានឃើញប្រពន្ធរបស់ខ្លួនចេញទៅធ្វើការ ដោយយួរកាបូបខោអាវធំមួយ ទៅជាមួយ ក៏សួរនាំ តែប្រពន្ធប្រាប់ថា យកខោអាវទៅឱ្យគេ រួចក៏ចាកចេញទៅបាត់ លែងឃើញត្រឡប់មកផ្ទះវិញរហូត ទើបធ្វើឱ្យបុរសជាប្តីភ័យឆោឡោ តាមរក៣-៤ថ្ងៃ នៅតែមិនឃើញ ក៏ប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍។
ករណីបាត់ប្រពន្ធនេះ បានកើតឡើត តាំងពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចភូមិគោករវាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។
ស្ត្រីជាប្រពន្ធដែលបាត់ខ្លួន មានឈ្មោះហឿន សារ៉េត អាយុ២២ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ហ៊ីណូតា ស្ថិតនៅភូមិរំលាងសង្កែ ឃុំវល្លិស ស្រុកសំរោងទង និងមានលំនៅក្នុងភូមិគោករវាយ ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ។
តាមប្រភពបុរសឈ្មោះសុខ គា អាយុ២២ឆ្នាំ ត្រូវជាប្តីរបស់ស្ត្រីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់សមត្ថ កិច្ចថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ប្រពន្ធរបស់ខ្លួន បានរៀបចំចេញ ទៅធ្វើការរោងចក្រដូចសព្វដង ប៉ុន្តែលើកនេះ ហាក់ប្លែកនៅត្រង់ថា ប្រពន្ធគាត់បានយួរកាបូបដាក់ខោអាវធំ១ ទៅជាមួយ ទើបខ្លួនជាប្តី នឹកឆ្ងល់ ក៏សួរថា “យកកាបូបទៅណាធំម៉្លេះ?” ពេលនោះប្រពន្ធបានឆ្លើយប្រាប់ថា “យកខាអាវទៅឱ្យគេ” រួចក៏ឡើងជិះឡានឈ្នួលដឹកកម្មករ ចាកចេញពីផ្ទះបាត់ទៅ។ ស្រាប់តែល្ងាចឡើង ដល់ម៉ោងចេញពីធ្វើការ មិនឃើញប្រពន្ធត្រឡប់មកផ្ទះវិញសោះ ទើបនឹកឆ្ងល់ ក៏ទូរស័ព្ទសួរ តែមិនចូល ហើយភ្លាមនោះ ក្រុមគ្រួសារក៏បានចែកផ្លូវគ្នាតាមរកដែរ តែមិនឃើញ។
បុរសជាប្តី បន្តថា ដោយសារតែតាមរកប្រពន្ធអស់រយៈពេល ៣-៤ថ្ងៃទៅហើយ នៅតែមិនមានដំណឹង ទើបនៅវេលាម៉ោង ៩ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ខ្លួនសម្រេចចិត្តមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តែម្តង៕