ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសថាបានសម្រេចផ្តន្ទាទោសអតីតឧកញ៉ា ស្រី ស៊ីណា ឃាតករបាញ់សម្លាប់ជនរងគ្រោះ ២នាក់គូដណ្តឹង ដាក់គុក ចំនួន៣១ឆ្នាំ និងបង្គាប់ឲ្យសងសំណង ២លានដុល្លារ ដល់ជនរងគ្រោះដែលស្លាប់ រួមជាមួយសំណង ៥០ម៉ឺនដុល្លារផ្សេងទៀត ដល់អ្នករងរបួស។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបួងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំ រឿងព្រហ្មទណ្ឌ ចំនួន៣ ពាក់ព័ន្ធនឹងជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ហើយ ក្រុមប្រឹក្សាជំនុំជម្រះ បានសម្រេចការផ្តន្ទាទោសក្នុងកម្រិតអតិបរមានៃទោស ទៅលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងទាំង០៣ សម្រេចដាក់ពន្ធនាគារ សរុប ៣១ឆ្នាំ។
សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៣ ខែធ្នូឆ្នាំ២០២៤ ស្តីពីការផ្តន្ទាទោសជនជាប់ចោទ ស្រី ស៊ីណា ពាក់ព័ន្ធករណីឃាតកម្ម, ប៉ុនប៉ងឃាតកម្ម, ប្រើប្រាស់អាវុធដោយគ្មានការអ នុញ្ញាត និងរំលោភលើលំនៅឋាន មានខ្លឹមសារទាំងស្រុងថា «អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃសា លាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ ចំនួន ០៣ ពាក់ព័ន្ធនឹងជន ជាប់ចោទឈ្មោះ ស្រី ស៊ីណា គឺសំណុំរឿងទី១ ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត, សំ ណុំរឿងទី២ ពីបទប៉ុនប៉ងឃាតកម្មនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងសំណុំរឿងទី៣ ពីបទរំលោភលើលំនៅឋាន។ ក្រោយពីបានធ្វើកិច្ចពិភាក្សាដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុ តាង អង្គហេតុនិងអង្គច្បាប់ ក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌ នៃសំណុំ រឿងទាំង ០៣ ខាងលើ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ នេះ មានដូចខាងក្រោម ៖
១. សាលក្រមព្រហ្មទណ្ឌលេខ ១៣៥២ ក្រ៦ “ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទឃាតកម្មនិងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌ ដែលមានចែងនិងផ្តន្ទាទោសតាមមាត្រា ១៩៩ ក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះ ស្រី ស៊ីណា សងសំណងជំងឺចិត្តចំនួន ១ 000 000 (មួយលាន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ម៉ាំង បូណា ត្រូវជាឪពុកជនរងគ្រោះឈ្មោះ ឃីន កញ្ចនា ដែលបានស្លាប់ និងបង្គាប់ឱ្យសងសំណងជំងឺចិត្ត ចំនួ ១ ០០០ ០០០ (មួយលាន) ដុល្លារអាមេរិក ទៀត ទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយជនរងគ្រោះឈ្មោះ ឡុង លីសុង ដែលបានស្លាប់។
២. សាលក្រមព្រហ្មទណ្ឌលេខ ១៣៥៣ ក្រ៦ ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់ រយៈពេល ១៥ (ដប់ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទប៉ុនប៉ងឃាតកម្មនិងប្រើប្រាស ប្រាស់អាវុធដោយគ្មានការអនុញ្ញាត បទល្មើសព្រហ្មទណ្ឌ ដែលមានចែងនិងផ្តន្ទាទោសតាមមាត្រា២៧ មាត្រា១៩៨, ១៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ ជាតិផ្ទុះ និងគ្រាប់រំសេវ និងបានបង្គាប់ឱ្យឈ្មោះស្រី ស៊ី ណា សងសំណងជំងឺចិត្ត ចំនួន ៣០០ ០០០ (សាមសិបម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ សុខុម ចរណៈ ដែលជាអ្នករងរបួស និងចំនួន ២០០ ០០០ (ម្ភៃម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ហុង រិទ្ធារ័ក្ស ដែលជាអ្នករងរបួស។
៣. សាលក្រមព្រហ្មទណ្ឌលេខ ៥២៣០ “ជ១” បានសម្រេចផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ភេទប្រុស អាយុ ៥១ឆ្នាំ ដាក់ពន្ធនាគារកំណត់រយៈពេល ០១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ ចំនួន ២ ០០០ ០០០ (ពីរលាន) រៀល ពីបទរំលោភលើលំនៅឋាន បទល្មើសព្រហ្មទណ្ឌដែលមានចែងនិងផ្តន្ទាទោស តាមមាត្រា ២៩៨ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងបានបង្គាប់ឱ្យឈ្មោះស្រី ស៊ីណា សងសំណងជំងឺចិត្ត ចំនួន ៥០ ០០០ (ប្រាំម៉ឺន) ដុល្លារអាមេរិក ទៅដើមបណ្តឹងរដ្ឋប្បវេណី ឈ្មោះ ជា អញ្ជលី ត្រូវជាម្តាយ ម្ចាស់ផ្ទះ។
ប្រព្រឹត្តនៅចំណុចបុរីប៉េងហួត បឹងស្នោ ផ្ទះលេខ២៦ ផ្លូវលេខP-10F ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់បន្ថែមទៀតថា ការផ្តន្ទាទោសរបស់ក្រុមប្រឹក្សាជំនុំជម្រះ លើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងទាំង០៣ ខាងលើ គឺជាការផ្តន្ទាទោសក្នុងកម្រិតអតិបរមានៃទោស។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន»៕ ខៀវទុំ