ប្រេស៊ីល ៖ យន្តហោះធុនតូច ១គ្រឿង បានធ្លាក់ចូលហាងក្នុងទីក្រុងទេសចរណ៍មួយ របស់ប្រេស៊ីល បណ្តាលឲ្យផ្ទុះឆេះ មនុស្សនៅលើយន្តហោះទាំងអស់ ចំនួន ១០នាក់ បានស្លាប់ និងមនុស្សរាប់សិបនាក់នៅលើដី បានរងរបួស។
តាមប្រភពទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី២៣ ខែធ្នូឆ្នា២០២៤ ថា យន្តហោះតូចមួយគ្រឿង ដែលមានអ្នកដំណើរ ១០នាក់ នៅលើយន្តហោះនោះ បានធ្លាក់ចូលទៅក្នុងហាងមួយ នៅកណ្តាលទីក្រុង ហ្គ្រាម៉ាដូ (Gramado) ដែលជាទីក្រុងទេសចរណ៍មួយនៅភាគខាងត្បូងប្រទេសប្រេស៊ីល កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០២៤។
លោកអេឌូអារដូ ឡេតេ (Eduardo Lete) អភិបាលរដ្ឋ រីអូហ្គ្រែនដូស៊ុល (Rio Grande do Sul) បានបញ្ជាក់ថា តាមរបាយការណ៍ដំបូង គ្មានអ្នកដំណើរណាម្នាក់នៅរស់រានមានជីវិតនោះទេ។
ការិយាល័យសន្តិសុខសាធារណៈ រដ្ឋរីអូហ្គ្រែនដូស៊ុល បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១៥នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងទីក្រុង ភាគច្រើននៃពួកគេ ត្រូវបានរងផលប៉ះពាល់ដោយការស្រូបផ្សែងពីភ្លើងដែលឆេះយន្តហោះធ្លាក់។
បើតាមរបាយការណ៍ផ្លូវការ យន្តហោះបានបុកអគារមួយ បន្ទាប់មកបានបុកជាន់ទី២ នៃផ្ទះមួយទៀត មុនពេលធ្លាក់ចូលទៅក្នុងហាងលក់គ្រឿងសង្ហារិម ផ្ទុះឆេះ ហើយបំណែករបស់យន្តហោះ បានខ្ទាតទៅដល់សណ្ឋាគារក្បែរនោះ។
គួរបញ្ជាក់ថា ទីក្រុងហ្គ្រាម៉ាដូ (Gramado) គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុត នៅក្នុងរដ្ឋរីអូហ្គ្រែនដូស៊ុល (Rio Grande do Sul) ដែលថ្មីៗនេះត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយទឹកជំនន់ដែលមិនធ្លាប់មានពីមុនមក បណ្តាលឲ្យមានមនុស្សស្លាប់រាប់សិបនាក់ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានបំផ្លាញ និងប៉ះពាល់សេដ្ឋ កិច្ចរបស់រដ្ឋយ៉ាងខ្លាំង៕