ខេត្តសៀមរាប ៖ សពស្ត្រីវ័យចំណាស់ជាមនុស្សអនាថាម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្បែរផ្លូវយ៉ាងអាណោចអាធ័ម រហូតដល់សពហើមស្អុយទៅហើយ បង្កឱ្យមាន ការភ្ញាក់ផ្អើលឡើង កាលពីវេលាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចត្រពាំងដូនរស់ តាមផ្លូវក្រុមហ៊ុន អិចសែល ស្ថិតក្នុងភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ។
ស្ត្រីចំណាស់រងគ្រោះ ដែលដេកស្លាប់ក្បែរ ចិញ្ចើមផ្លូវ មានឈ្មោះមាស អាយុប្រមាណ ជាង៧០ឆ្នាំ ជាមនុស្សអនាថា និងមានសតិ មិនប្រក្រតី។
តាមប្រភពពីលោកមេភូមិជប់រំដេង បាន បញ្ជាក់ថា ស្ត្រីរងគ្រោះខាងលើនេះ គឺជាមនុស្ស វិកលចរិត ដើរគ្មានគោលដៅ និងធ្លាប់និយាយ ប្រាប់គេឯងថា គាត់ឈ្មោះមាស អាយុជាង ៧០ឆ្នាំហើយ តែមិនដឹងជារស់នៅភូមិណា នោះទេ។ នៅមុនពេលកើតហេតុ គេតែងឃើញ ស្ត្រីរងគ្រោះដើរចុះឡើងនៅតាមភូមិសាស្ត្រ ខាងលើ ជួនចូលវត្តសុំបាយហូប និងស្នាក់នៅ ជួនអ្នកភូមិអាណិតហុចបាយទឹកនំចំណីឱ្យហូប គ្រាន់បានរួចខ្លួនមួយពេលៗដែរ។
ប្រភពដដែលបន្តថា លុះក្រោយមក ក៏ បាត់ស្ត្រីរងគ្រោះខាងលើ មិនឃើញដើរចេញ ចូលភូមិទៀតសោះ ស្រាប់តែមកដល់ថ្ងៃកើតហេតុក៏មានគេប្រទះឃើញសពស្ត្រីរងគ្រោះ ដេកស្លាប់ក្បែរចិញ្ចើមផ្លូវតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ស្ត្រីរងគ្រោះ បានស្លាប់ដោយសារតែកើតអាការខ្យល់គរ ឬ ដាច់បាយស្លាប់ ព្រោះតែជាមនុស្សវិកលចរិត ដើរគ្មានទិសដៅ រហូតដាច់បាយទឹកស្លាប់ដល់ ហើមស្អុយបែបនេះតែម្តង។
ដោយសារតែសពមិនមានសាច់ញាតិមក ទទួលយកទៅធ្វើបុណ្យ តាមប្រពៃណីត្រឹមត្រូវ ហេតុនេះ អាជ្ញាធរមូលដ្ឋានបានសម្រេចបូជា សពនៅនឹងកន្លែងកើតហេតុតែម្តង ព្រោះសព មានសភាពហើមស្អុយទៅហើយ មិនអាចទុក យូរបានទៀតទេ៕