ខេត្តកណ្តាល ៖ បុរសម្នាក់ ឃើញគេកំពុងផឹកស៊ីជុំបងប្អូន ក៏ដើរចូលទៅចាក់ស្រាគេផឹក ៤–៥កែវ រួចក៏ដើរចេញទៅបាត់ ទាំងដែលគ្មាន គេហៅឱ្យចូលផឹកសោះ មិនតែប៉ុណ្ណោះថែមទាំង លើកបំបះតុ បណ្តាលឱ្យកំពប់ម្ហូបក្លែមទៅលើ ដីអស់ថែមទាំងបានទាញចានវាយម្ចាស់ផ្ទះទៀត ទើបម្ចាស់ផ្ទះទប់កំហឹងមិនបាន ក៏ទាញចានថ្ម វាយសងវិញ បណ្តាលឱ្យរយះចាប់ពីក្តោងច្រមុះ ដល់បបូរមាត់ រងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទី យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុច ភូមិអូរអណ្តូង ឃុំបាគូ ស្រុកកណ្តាលស្ទឹង។
ជនរងគ្រោះដែលចូលទៅផឹកស្រាគេទាំង គ្មានអ្នកហៅ រួចបង្ករឿង រហូតត្រូវគេវាយឱ្យ រងរបួសធ្ងន់នោះ មានឈ្មោះកើត ឧត្តម ហៅដំ អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកធនាគារស្ថាបនា មានលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែក ជនបង្កហេតុ មានឈ្មោះអេន ប៊ុនសេង អាយុ ៣២ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ នៅភូមិអូរអណ្តូង មានប្រារឰពិធីបុណ្យដាភូមិ ទើបជនបង្កហេតុ បានជួបជុំបងប្អូនផឹកនៅក្នុងផ្ទះរបស់ខ្លួន។ លុះ ពេលកំពុងអង្គុយផឹកស៊ីសុខៗ ស្រាប់តែលេច មុខជនរងគ្រោះដែលជាអ្នកធ្លាប់ស្គាល់គ្នា និង ជាអ្នកភូមិជាមួយគ្នា ដើរចូលមកដល់វង់ផឹក រួចក៏ទាញស្រាបៀរចាក់ផឹកអស់៤–៥កែវ ហើយ ក៏ដើរចេញទៅវិញបាត់ធ្វើព្រងើយទាំងដែល ជនបង្កហេតុជាម្ចាស់ផ្ទះ រួមនិងអ្នកផឹករួមវង់ គ្មានអ្នកណាបានហៅជនរងគ្រោះឱ្យចូលមក ផឹកស៊ីជាមួយសោះ។
ប្រភពដដែលបន្តថា លុះបន្តិចក្រោយមក ជនរងគ្រោះបានចូលមកចាក់ស្រាបៀរផឹកម្តងទៀត ហើយក៏ដើរចេញបាត់ដូចលើកមុន បន្ទាប់ មកមិនបានប៉ុន្មានក៏ចូលមកធ្វើសកម្មភាពបែប នេះ ជាលើកទី៣។ យ៉ាងណាក្តី ជនបង្កហេតុ ជាម្ចាស់ផ្ទះ ក៏មិនបាននិយាយស្តីអ្វីដែរ ព្រោះ យល់ថា ជាមនុស្សស្គាល់គ្នា។ ស្រាប់តែពេល ចាក់ស្រាផឹករួច ជនរងគ្រោះបានលើកតុបំបះ ចោល ធ្វើឱ្យកែវស្រា ចានម្ហូបក្លែមធ្លាក់បែក កំពប់ខ្ទេចអស់ លុះមិនទាន់អស់ចិត្តជនរងគ្រោះ បានរើសចានស្ទុះទៅវាយជនបង្កហេតុជាម្ចាស់ ផ្ទះទៀត តែត្រូវម្ចាស់ផ្ទះលើកដៃរងទាន់ ហើយ ភ្លាមនេះ ដោយសារតែទប់កំហឹងលែងបានជនបង្កហេតុជាម្ចាស់ផ្ទះ ក៏ទាញចានថ្មដាក់គ្រឿង ក្លែម ដែលធ្លាក់លើដី មកវាយទៅលើជនរង– គ្រោះ ចំក្តោងច្រមុះខាងស្តាំ បណ្តាលឱ្យរយះ ចាប់ពីក្តោងច្រមុះ រហូតដល់បបូរមាត់ខាងឆ្វេង រងរបួសធ្ងន់ បន្ទាប់មកជនបង្កបានស្ទុះទៅដាល់ ជនរងគ្រោះចំនួន៣ដៃបន្ថែមទៀត បណ្តាលឱ្យ ជនរងគ្រោះដួលផ្កាប់មុខទៅលើដីសន្លប់ស្តូក ស្តឹង។
ក្រោយកើហេតុ ជនរងគ្រោះត្រូវបានក្រុម គ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ឯរាជធានីភ្នំពេញ ដើម្បី សង្គ្រោះ។ ចំណែកជនបង្កហេតុត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន នាំទៅសាកសួរ រួចរៀបចំ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូង ខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕