Wednesday, July 9, 2025
Homeព័ត៌មានជាតិផឹក​ស្រវឹង​ដាល់​១​ដៃ គេ​សង​វិញ៥​ជង្គង់

ផឹក​ស្រវឹង​ដាល់​១​ដៃ គេ​សង​វិញ៥​ជង្គង់

ខេត្តកណ្តាល ៖ បុរសម្នាក់ ក្រោយពីផឹកស្រាថ្នាំស្រវឹងធ្លាក់ភ្នែក ក៏សុំសាកក្បាច់គុណ ជាមួយបុរសជាអ្នកភូមិម្នាក់ លុះគេមិនទាន់ ឆ្លើយថាព្រម ឬមិនព្រមផង ស្រាប់តែជនបង្កហេតុស្ទុះទៅដាល់គេ១ដៃ ទើបធ្វើឱ្យភាគីម្ខាង ទៀតផ្ទុះកំហឹង ក៏ចាប់ឡើងជង្គង់ចំនួន៥ជង្គង់ វិញ រួចដាល់ថែម១ដៃទៀត បណ្តាលឱ្យគ្រាំ ពេញខ្លួន និងរយះថ្ងាសហូរឈាមស្រោចខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង៩យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ចំណុចមុខតៀមស្រាមួយកន្លែង ស្ថិតក្នុងភូមិ ក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូល។

ជនរងគ្រោះ ដែលផឹកស្រាស្រវឹងសុំគេ សាកក្បាច់គុណ រួចស្ទុះទៅវាយគេ១ដៃ តែត្រូវ គេសងវិញបណ្តាលឱ្យរងរបួសធ្ងន់នោះ មាន ឈ្មោះម៉ៅ រស្មី អាយុ៣៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ (រងរបួសរយះថ្ងាសដេរ៩ថ្នេរ និងគ្រាំពេញខ្លួន)។ ចំណែកជនបង្កហេតុ មានឈ្មោះជា ថាវុន អាយុ ៣៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ ជនរងគ្រោះ ឈ្មោះម៉ៅ រស្មី បានទៅអង្គុយផឹកស្រា ថ្នាំ ជាមួយឈ្មោះណយ ចំរើន និងឈ្មោះឈឺន ធឿន ជាម្ចាស់តៀមស្រាខាងលើ។ លុះក្រោយ ពីផឹកស្រាថ្នាំអស់ជាច្រើនលីត្រស្រវឹងធ្លាក់ភ្នែក ក៏លេចមុខជនបង្កហេតុ ឈ្មោះជា ថាវុន បាន ជិះម៉ូតូមកជាមួយនឹងឈ្មោះម៉ាន ចន្ថា មក ទិញស្រាបៀរនៅតៀមស្រារបស់ឈ្មោះឈឺន ធឿន ដែរ។ ភ្លាមនោះ ជនរងគ្រោះ បានដើរ ទៅជិតជនបង្កហេតុ រួចនិយាយទៅកាន់ជនបង្កហេតុថា សុំសាកក្បាច់គុណ តែជនបង្កមិន ទាន់ឆ្លើយតបថាព្រម ឬមិនព្រមផងនោះ ម៉្យាង កំពុងភ្លេចខ្លួន ស្រាប់តែជនរងគ្រោះបានស្ទុះទៅ ដាល់ជនបង្កហេតុទាំងកំរោល បណ្តាលឱ្យចំភ្នែក ខាងស្តាំមួយដៃ ទើបធ្វើឱ្យជនបង្កហេតុទប់ កំហឹងមិនបាន ក៏ចាប់ជនរងគ្រោះឡើងជង្គង់ ចំនួន៥ជង្គង់វិញ បណ្តាលឱ្យចំដើមទ្រូង និង បំពង់ក កំពុងចុកអួលណែន ស្រាប់តែជនបង្កហេតុស្ទុះទៅដាល់ថែម១ដៃទៀត បណ្តាលឱ្យ ជនរងគ្រោះរយះថ្ងាសហូរឈាមស្រោចខ្លួនតែ ម្តង។

ប្រភពដដែលបន្តថា ក្រោយពីវាយដំទៅ លើជនរងគ្រោះ បណ្តាលឱ្យរងរបួសធ្ងន់ ហើយ ជនបង្កហេតុបានដើរចេញពីកន្លែងកើតហេតុ រួចស្រែកប្រាប់អ្នកភូមិថា ឱ្យទៅជួយមើល ជនរងគ្រោះផង។ បន្ទាប់មកក្រុមគ្រួសារ បាន ប្រញាប់ដឹកបញ្ជូនជនរងគ្រោះទៅកាន់មណ្ឌល សុខភាពឃុំសំបួរមាស ដើម្បីព្យាបាល ដោយ ត្រូវគ្រូពេទ្យដេរមុខរបួសចំនួន៩ថ្នេរ និងរង របួសគ្រាំពេញខ្លួនទៀតផង។

បន្ទាប់មក នៅវេលាម៉ោង៨និង៣០នាទី ព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ត្រីជាប្រពន្ធ ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលសំបួរមាស ដើម្បីឱ្យសមត្ថកិច្ចជួយ អន្តរាគមន៍។ រហូតដល់វេលាម៉ោង២និង៣០ នាទីរសៀលថ្ងៃដដែលសមត្ថកិច្ច ក៏ស្រាវជ្រាវ ចាប់ខ្លួនជនបង្កហេតុបាន ខណៈដែលជនបង្កហេតុកំពុងសម្ងំនៅក្នុងផ្ទះ។

ជនបង្កហេតុត្រូវបានសមត្ថកិច្ចនាំខ្លួនយក ទៅសាកសួរ រួចរៀបចំកសាងសំណុំរឿងបញ្ជូន ខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការ បន្តតាមនីតិវិធី៕ សិលា

RELATED ARTICLES