Wednesday, July 9, 2025
Homeព័ត៌មានជាតិគេ​កំពុង​ផឹក ឯង​ចូល​រក​រឿង ក្រុម​ស្ទាវ​ទាញ​អង្រែ បុក​គ្រឿង​វ៉ៃរយះ​ក្បាល

គេ​កំពុង​ផឹក ឯង​ចូល​រក​រឿង ក្រុម​ស្ទាវ​ទាញ​អង្រែ បុក​គ្រឿង​វ៉ៃរយះ​ក្បាល

ខេត្តកណ្តាល ៖ បុរសម្នាក់ អាងខ្លួនមាឌធំ និងមានអាយុច្រើនជាងគេ ឃើញក្មេងស្ទាវ មួយក្រុមកំពុងអង្គុយផឹកជុំគ្នា ក៏ដើរចូលទៅ យកស្រាបៀរគេផឹក រួចចង្អុលមុខរកវ៉ៃក្រុម ក្មេងស្ទាវទាំងអស់ទៀតផង រហូតដល់យុវជន ២នាក់បងប្អូន ដែលកំពុងផឹកស្រាស្រវឹងជោក ទប់កំហឹងមិនបាន ក៏នាំគ្នាទាញអង្រែបុកគ្រឿង និងដែកចុងស្រួច ព្រួតវាយនិងចាក់ប្រហារ បណ្តាលឱ្យរងរបួសរយះក្បាល និងរបួសខ្នង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលា ម៉ោង១១យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភូមិសំប៉ានក្រោម ឃុំព្រែកអំបិល ស្រុកស្អាង។

ជនរងគ្រោះនោះ មានឈ្មោះប្រាក់ វណ្ណៈ អាយុ២៧ឆ្នាំ មុខរបរកសិករ មានលំនៅក្នុង ភូមិព្រែកតាទាវ ឃុំព្រែកអំបិល ស្រុកស្អាង។ ចំណែកជនបង្កហេតុមានគ្នា២នាក់ រួមមាន ទី១ឈ្មោះប៉េង រឿន អាយុ២០ឆ្នាំ មុខរបរ កម្មករលីសែង (ចាប់ខ្លួន) និងទី២ឈ្មោះប៉េង វិចនី ហៅម៉ៅ អាយុ១៨ឆ្នាំ មុខរបរកម្មករ (រត់គេចខ្លួន)។ ជនបង្កហេតុទាំង២នាក់ ត្រូវ ជាបងប្អូនបង្កើតនឹងគ្នា និងមានលំនៅក្នុងភូមិ កើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញជនបង្កហេតុឈ្មោះប៉េង រឿន កំពុងអង្គុយផឹកស្រាបៀរ ជាមួយឈ្មោះចាប ឈ្មោះភ័ស្ត និងមិត្តភក្តិម្នាក់ ទៀត នៅចំណុចផ្ទះរបស់ឈ្មោះភ័ស្ត។ លុះ បន្តិចក្រោយមក ជនរងគ្រោះឈ្មោះប្រាក់ វណ្ណៈ ដែលសំអាងថា ខ្លួនមានមាឌធំ និងមានអាយុ ច្រើនជាងគេ បានដើរចូលមកដល់វង់ផឹក រួច ក៏ទាញស្រាបៀររបស់គេ១កំប៉ុង យកទៅផឹក បន្ទាប់មកក៏និយាយចង្អុលមុខជនបង្កហេតុថាអញវ៉ៃហ្អែងឥឡូវរួចក៏ស្ទុះទៅដាល់ជនបង្កហេតុ១ដៃចំមាត់ ទើបអ្នកផឹកស៊ីរួមវង់ជួយ ឃាត់ និងចាប់បំបែកចេញ។

ប្រភពដដែលបន្តថា ក្រោយពីត្រូវគេ វាយបែកមាត់ ជនបង្កហេតុឈ្មោះប៉េង រឿន បានទៅហៅប្អូនប្រុសរបស់ខ្លួនម្នាក់ទៀត ឈ្មោះ ប៉ែង វិចនី ហៅម៉ៅ មកព្រួតវាយជនរងគ្រោះ ដោយឈ្មោះប៉េង រឿន កាន់អង្រែបុកគ្រឿង ចំណែកប្អូនប្រុសកាន់ដែកចុងស្រួច រួចក៏នាំគ្នា ស្ទុះចូលមកវាយសំពងចំកណ្តាលក្បាលជនរងគ្រោះ១អង្រែបុកគ្រឿង បែកក្បាលហូរឈាម និងចាក់ចំខ្នងជនរងគ្រោះចំនួន២កន្លែង បណ្តាល របួសបន្ថែមទៀត រួចក៏នាំគ្នារត់គេចចេញពី កន្លែងកើតហេតុបាត់អស់។

ប្រភពខាងលើ បញ្ជាក់ថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យឯរាជធានីភ្នំពេញ ដើម្បី ព្យាបាល។ បន្ទាប់មកនៅវេលាម៉ោង៨និង៣០ នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ បុរស ឈ្មោះប្រាក់ សាវុធ ត្រូវជាឪពុកមារបស់ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលព្រែកអំបិល ដើម្បីឱ្យសមត្ថកិច្ចជួយ អន្តរាគមន៍។

ក្រោយពីទទួលបានពាក្យបណ្តឹងពីភាគី ជនរងគ្រោះ សមត្ថកិច្ចបានចុះស្រាវជ្រាវចាប់ ឃាត់ខ្លួនជនបង្កហេតុឈ្មោះប៉េង រឿន បាន នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃដដែល ចំណែកប្អូនប្រុសបានរត់គេចខ្លួនបាត់ទៅហើយ។

ជនបង្កហេតុត្រូវបានសមត្ថកិច្ចនាំមកធ្វើ ការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូន ខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការ បន្តតាមនីតិវិធី៕ សិលា

RELATED ARTICLES