ខេត្តកណ្តាល ៖ យុវជនចិត្តខ្លាំងម្នាក់ គ្រាន់តែឪពុកហាមមិនឱ្យយកម៉ូតូជិះ ស្រាប់តែឈឺចិត្ត ស្អិតទ្រូង រហូតដល់ទ្រាំមិនបានសម្រេចចងក ស្លាប់យ៉ាងអាណោចអាធ័ម បង្កឱ្យមានការ ភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០ នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ នៅ ចំណុច ភូមិពោធិរាម្មា (ក) ឃុំព្រែកស្តី ស្រុក កោះធំ។
យុវជនចិត្តខ្លាំង គំនិតខ្លី ដែលខឹងឪពុក បន្ទោសតិចតួចចងកធ្វើអត្តឃាតនោះ មានឈ្មោះ សយ ទូចប្រុស អាយុ១៩ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិកើតហេតុខាងលើ។
តាមសម្តីបុរសឈ្មោះដួង សយ ត្រូវជា ឪពុកយុវជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៧ ព្រឹក ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ កូនប្រុស របស់គាត់បានចេញពីផ្ទះ ទៅជួយជញ្ជូនចំបើង អ្នកភូមិ លុះដល់ម៉ោង១១ព្រឹក ទើបត្រឡប់ មកដល់ផ្ទះហូបបាយវិញ។ នៅពេលហូបបាយ រួច កូនប្រុសក៏ទាញម៉ូតូរបស់គាត់ ជិះចេញពីផ្ទះ តែគាត់បានឃាត់មិនឱ្យកូនប្រុសយកម៉ូតូជិះ ទេ ព្រោះខ្លាចអស់សាំង តែកូនប្រុសនេះ មិន ស្តាប់ ក៏ជិះចេញទៅបាត់ទៅ។ រហូតដល់វេលា ម៉ោង៦ព្រលប់ថ្ងៃដដែល ទើបត្រឡប់មកដល់ ផ្ទះវិញហូបបាយ ទើបគាត់បានស្តីបន្ទោស២-៣ម៉ាត់ រឿងយកម៉ូតូជិះហាមមិនស្តាប់ តែពេល នោះ កូនប្រុសមិនបានតបតអ្វីនោះទេ គ្រាន់តែ ទម្លាក់ទឹកមុខប៉ុណ្ណោះ រួចក៏ចេញទៅយាមទូក នៅមាត់ទន្លេបាសាក់ ខាងមុខផ្ទះបាត់ទៅ។
បុរសជាឪពុកជនរងគ្រោះ បានបន្តថា ស្រាប់តែមកដល់វេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៧ បន្ទាប់ពីភ្ញាក់ពី ដំណេក ចុះពីលើផ្ទះមកក្រោម គាត់ក៏ប្រទះ ឃើញកូនប្រុសបានចងកស្លាប់នៅក្រោមផ្ទះ បាត់ទៅហើយ ធ្វើឱ្យកើតមានការភ្ញាក់ផ្អើល ដល់អ្នកភូមិចោមរោមមើល និងរាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ច។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដ មែន ដោយប្រើក្រមាក្រឡាពណ៌ខៀវ លាយស ចងកភ្ជាប់នឹងរនងផ្ទះ ហើយនៅលើ.កជនរង- គ្រោះ មានស្នាមទ្រុឌផ្នែកខាងលើគ្រាប់ពោន និងពីក្រោមទងត្រចៀកខាងឆ្វេងដល់ក្រោម ទងត្រចៀកខាងស្តាំទៀតផង។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕