ភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចាប់បញ្ជូនស្ត្រីម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ដោយអនុត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន របស់ចៅក្រមជំនុំជម្រះ ដោយយោងទៅលើសាលក្រមស្ថាពរ ដែលកន្លងមកជនជាប់ចោទបានព្យាយាមគេចខ្លួន ខណៈប្តីកំពុងជាប់ឃុំក្នុងសំណុំរឿងតែមួយ។
ជនជាប់ចោទដែលត្រូវចាប់ខ្លួន មានឈ្មោះមាស កក្កដា ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ទូរស័ព្ទ មានលំនៅ ភូមិ៣ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល និងស្នាក់នៅផ្ទះលេខ 396E1 ផ្លូវលេខ១២៨ ភូមិ២ សង្កាត់មិត្តភាព ខណ្ឌ៧មករា។ តាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួនជនជាប់ចោទ ឈ្មោះមាស កក្កដា ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅចំណុចផ្ទះលេខ 49C ផ្លូវ២៦១ សង្កាត់បឹង សាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្របត្តិការទូទាត់សងប្រាក់។
តាមអំណាចសាលក្រមព្រហ្មទណ្ឌលេខ ១៦៧៦ “អ” ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោសជនជាប់ចោទ ដាក់ពន្ធនាគារ កំណត់រយៈពេល៣ឆ្នាំ ដោយគ្មានការព្យូរទោស។ ដូច្នោះគប្បីតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនឈ្មោះមាស កក្កដា តាមមាត្រា៣៥៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។
គួរបញ្ជាក់ថា សំណុំរឿងព្រហ្មទណ្ឌមួយនេះ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនអាជីវករទិញលក់ទូរស័ព្ទម្នាក់ នៅចំណុចមុខផ្ទះលេខ 139E0z ផ្លូវ១៦៦ សង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា ពាក់ពន្ធពីបទឆបោកនិងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញសែកស្អុយប្រមាណជិត ៤ម៉ឺនដុល្លារ) ប្រព្រឹត្តនៅចំណុច ផ្ទះលេខ 49C ផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ និងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០ ២០។
ការឃាត់ខ្លួននោះ សមត្ថកិច្ចបានអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួននិងឃុំខ្លួន លេខ ៦៣៤ “អ” ដ.ច.ន ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ របស់លោកស៊ិន សុវណ្ណរ័ត្ន ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ។ជនត្រូវចោទ មានឈ្មោះហេង វិចិត្រ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរមុខរបរជាអាជីវករទិញ-លក់ទូរស័ព្ទ (ត្រូវជាប្តីជនជាប់ចោទឈ្មោះ មាស កក្កដា ដែលពេលនោះ ស្ត្រីជាប្រពន្ធ បានគេចខ្លួន)។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានបង្ហើបឱ្យដឹងថា កាលពីអំឡុងឆ្នាំ២០២០ ជនសង្ស័យឈ្មោះ ហេង វិចិត្រ និងប្រពន្ធបានយកទូរស័ព្ទដៃទំនើប ជាច្រើនគ្រឿង ពីដើមបណ្តឹងឈ្មោះជា រតនៈ មុខរបរជាអាជីវករលក់ទូរស័ព្ទដូចគ្នា ដែលមានទឹកប្រាក់ប្រមាណសរុបជាង ៤ម៉ឺនដុល្លារ ដើម្បីយកទៅចែកចាយនិងលក់បន្ត។ ដោយមានការជឿទុកចិត្តគ្នា ពេលនោះ ជនសង្ស័យមិនទាន់បានទូទាត់ប្រាក់ឱ្យទៅដើមបណ្តឹងទេ ក្រោយមកម្ចាស់បំណុលបានទារប្រាក់ថ្លៃទូរស័ព្ទនោះ ហើយជនសង្ស័យបានចេញមូលប្បទានបត្រ ១សន្លឹក ឱ្យទៅជនរងគ្រោះ តែជាសែកស្អុយ ទើបត្រូវបានដើមបណ្តឹងប្តឹងសមត្ថកិច្ចឱ្យចាត់ការតាមផ្លូវច្បាប់៕