Saturday, January 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផឹក២កំប៉ុង ប៉ូលិសផា.../ក២៥ម៉ឺន

ផឹក២កំប៉ុង ប៉ូលិសផា…/ក២៥ម៉ឺន

ភ្នំពេញ ៖ បុរសម្នាក់ ក្រោយពីផឹកស្រវឹង និងត្រូវសមត្ថកិច្ចឃាត់ផាកពិន័យអស់ ២៥ម៉ឺនរៀលរួចមក ក៏ខឹងសម្បានិងបានបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុក ផ្ទាល់ខ្លួន ឈ្មោះ វណ្ណៈ កំពត ដោយលើកឡើងថា “ស៊យចុយម៉្រាយ ផឹកពីរកំប៉ុង អស់២៥០០០០រៀល តើក្នុងមាត្រា ទីប៉ុន្មាន? ខ្ញុំសួរ អត់ឆ្លើយទេ មានបងប្អូនណាដឹងជួយប្រាប់ផង តើមាត្រាទីប៉ុន្មានក្នុងច្បាប់ចរាចរណ៍ដែលផាកពិន័យជាតិអាកុល 0,25cc ? ជួយប្រាប់ នៅខណ្ឌព្រែកព្នៅ” និងត្រូវបានអ្នកលេងតាមបណ្តាញសង្គមហ្វេសប៊ុក យកទៅបង្ហោះស៊ែរបន្តគ្នា ត្រូវបានសមត្ថកិច្ចជំនាញ ចេញមកបំភ្លឺតបភ្លាមៗ។

យោងតាមសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ បញ្ជាក់ថា ជុំវិញករណីខាងលើនេះ បើយោងតាមរបាយការណ៍អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២៣ៈ០០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ សហការជាមួយកម្លាំងចម្រុះ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង នៅចំណុចគោលដៅផ្លូវ២០១១ 9កែងវត្តជុំប ភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ លុះវេលាម៉ោង២៣និង៣៦នាទី មានម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1T-9544 បើកបរដោយ បុរសម្នាក់ ឈ្មោះគូ វិរៈ ភេទប្រុស ឆ្លងកាត់គោលដៅត្រួតពិនិត្យ ទើបសមត្ថកិច្ចឱ្យអ្នកបើកបរម៉ូតូសហការដើម្បីធ្វើតេស្តបឋម រាប់លេខ ប្រើម៉ាស៊ីនធ្វើតេស្តជាតិអាល់កុល ជាលទ្ធផលមានជាតិស្រវឹង ក្រោយពីមានជាតិស្រវឹង សមត្ថកិច្ចបានឱ្យគាត់ផ្តុំវាស់រកកម្រិតជាតិអាល់កុល ជាលទ្ធផលឃើញមានកម្រិតជាតិអាល់កុល 0.25mg/L ហើយសមត្តកិច្ចបានផាកពិន័យតាមច្បាប់កំណត់ ចំនួន ២៥០ ០០០រៀល ដោយពេលនោះ អ្នកបើកបរម៉ូតូ មិនមានការតវ៉ា និងសមត្ថកិច្ចបានពន្យល់ណែនាំអំពីច្បាប់ចរាចរណ៍ផ្លូវគោក។

ដោយឃើញគាត់មានកម្រិតជាតិអាល់កុល និងគាត់បានធ្វើការផាកពិន័យរួចរាល់ សមត្ថកិច្ចមិនទាន់អនុញ្ញាតឱ្យគាត់ធ្វើដំណើរទៅមុខទៀតទេ ឱ្យគាត់សម្រាកជិតមួយម៉ោង ដើម្បីកាត់បន្ថយជាតិស្រវឹងក្នុងខ្លួន លុះបន្ទាប់មក ឃើញមានភាពស្វាងស្រវឹង ទើបអនុញ្ញាតឱ្យគាត់បន្ត ដំណើរទៅមុខ។

សូមបញ្ជាក់ថា បើយោងតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ស្តីពីការផាកពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក ការផាកពិន័យយោងទៅតាមមាត្រា ៦(ថ្មី) មាត្រា ៧(ថ្មី) មាត្រា ១០ (ថ្មី) និងមាត្រា ៧៧ (ថ្មី) នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក បានចែងថា អ្នកបើកបររថយន្ត ម៉ូតូ ម៉ូតូកង់បី និងរ៉ឺម៉ក ដែលស្ថិតក្នុងស្ថានភាពស្រវឹង នឹងត្រូវទទួលទោសតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖

ចំពោះអ្នកមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាល់កុល ចាប់ពី 0.25-0.39

-សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យចំនួន ២៥ម៉ឺនរៀល។

-សម្រាប់អ្នកបើកបររថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ៤០ម៉ឺនរៀល។

-សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៨០ម៉ឺនរៀល។

ដោយឡែកចំពោះអ្នកមានជាតិស្រវឹងក្នុងខ្លួន កម្រិតជាតិអាលកុលចាប់ពី 0.40 ឡើងទៅ

-សម្រាប់អ្នកបើកបរម៉ូតូ ត្រូវផាកពិន័យចំនួន ១លានរៀល។

-សម្រាប់អ្នកបើកបររថយន្តធុនស្រាល ត្រូវផាកពិន័យចំនួន ២លានរៀល។

-សម្រាប់អ្នកបើកបររថយន្តធុនធ្ងន់ ត្រូវផាកពិន័យចំនួន ៤លានរៀល៕

RELATED ARTICLES