ខេត្តបាត់ដំបង ៖ បន្ទប់ហាត់របាំ នៃវិទ្យាល័យនេតយ៉ង់ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បំផ្លាញអស់គ្មានសល់នូវសម្ភារនានា តែមិនបង្កឱ្យមនុស្សណាម្នាក់ មានគ្រោះថ្នាក់ឡើយ។
ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ នៅត្រង់ចំណុចបន្ទប់របាំ នៃវិទ្យាល័យនេតយ៉ង់ ស្ថិតក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង។
យោងតាមរបាយការណ៍ បានបញ្ជាក់ថា បន្ទប់សម្រាប់ហាត់របាំរបស់វិទ្យាល័យនេតយ៉ង់ ដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ ៨ម៉ែត្រ គុណនឹង ១៦ម៉ែត្រ ស្ថិតនៅជាន់ទី៣ នៃវិទ្យាល័យនេតយ៉ង់។
តាមការពិនិត្យជាក់ស្តែង គេឃើញអណ្តាតភ្លើង បានឆាបឆេះយ៉ាងខ្មូលខ្មាញ់ចេញតាមបង្អូចជាន់ទី៣ ហើយភ្លាមៗនោះ មានរថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង បានចេញអន្តរាគមន៍ តែត្រូវកម្លាំងសាមគ្គីប្រជាពលរដ្ឋ ជួយគ្នាពន្លត់ភ្លើងទាន់ មុនពេលរថយន្តពន្លត់អគ្គិភ័យចុះទៅ ដល់។
បើតាមរបាយការណ៍ការិយាល័យជំនាញ សម្ភារដែលខូចខាតរួមមាន ឆេះខ្លោចបន្ទប់ហាត់របាំ ឆេះតុឈើចំនួន៤ កៅអី កង្ហារ និងសម្ភារ សម្រាប់ហាត់របាំ ខូចខាតអស់ទាំងស្រុង តែពុំមានគ្រោះថ្នាក់ដល់មុស្សទេ៕