ខេត្តបន្ទាយមានជ័យ ៖ រថយន្ត ១គ្រឿង ត្រូវបានម្ចាស់ចតចោលនៅក្បែរផ្ទះរបស់ខ្លួន ស្រាប់តែពាក់កណ្តាលអធ្រាត្រ កើតមានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមិនដឹងមូលហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាងនាំគ្នាជួយពន្លត់ដែរ តែមិនឈ្នះ ក៏ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចុះមកជួយបាញ់ទឹកពន្លត់ រហូតដល់ភ្លើងបានរលត់ទាំងស្រុង។
ហេតុការណ៍ភ្លើងឆេះរថយន្តនេះ បានកើតឡើង កាលពីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ស្ថិតភូមិសាមគ្គីមាន ជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានសង្កាត់អូរជ្រៅ បានឱ្យដឹងថា មានករណីអគ្គិភ័យឆាបឆេះរថយន្ត ១ គ្រឿង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ហើយកម្លាំងនគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋនៅក្បែខាង បាននាំគ្នាជួយពន្លត់ដែរ តែទប់ទល់មិនឈ្នះ ក៏ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ មកជួយបាញ់ពន្លត់ តែរថយន្តខាងលើ ត្រូវបានភ្លើងឆាបឆេះអស់ទៅហើយ តែមិនបង្កឱ្យឆេះដល់រថយន្តដទៃនៅក្បែរនោះឡើយ។
រថយន្តដែលរងការឆាបឆេះ ម៉ាក KIA Morning ត្រូវបានអគ្គិភ័យឆាបឆេះអស់ស្ទើរទាំងស្រុង ។
សមត្ថកិច្ចបញ្ជាក់ថា ករណីភ្លើងឆេះរថយន្តខាងលើនេះ បានបង្កឱ្យខូចខាតរថយន្តទាំងស្រុង តែមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ ហើយកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់អូរជ្រៅ កំពុងស្រាវជ្រាវរកមូលហេតុពិតប្រាកដ៕