Thursday, January 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្រូវថោកពេក កសិករបិ.../ទផ្លូវតវ៉ា

ស្រូវថោកពេក កសិករបិ…/ទផ្លូវតវ៉ា

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋមួយក្រុម ប្រមាណជិត២០នាក់ បាននាំគ្នាដាក់បារ៉ាស់ និងគោយន្តកន្ត្រៃ និងបាវស្រូវ ពង្រាយបិទកំណាត់ផ្លូវជាតិលេខ៥ បង្កឱ្យមានការកកស្ទះចរាចរណ៍ ប្រមាណជាងកន្លះម៉ោង ទាមទារឱ្យក្រសួងពាក់ព័ន្ធ ដោះស្រាយតម្លៃស្រូវធ្លាក់ថ្លៃ ខណៈ ក្រសួងកសិកម្ម តាមរយៈអ្នកនាំពាក្យ បានតបថា ក្រសួង មិនបានព្រងើយកន្តើយចំពោះបញ្ហានេះឡើយ។

ករណីប្រជាកសិករបិទផ្លូវតវ៉ារឿងតម្លៃស្រូវចុះថោកនេះ បានកើតឡើង កាលពីវេលាម៉ោង២ និង០៥នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១៣ ភូមិកូនខ្លុង ឃុំព្រៃតូច ស្រុកមោងឫស្សី។ រហូតមកដល់វេលាម៉ោង ២និង៥០នាទីរសៀលថ្ងៃដដែល ទើបការបិទផ្លូវនេះបានរំសាយវិញ។

នៅក្នុងហេតុការណ៍នោះ គេសង្កេតឃើញមានប្រជាពលរដ្ឋ ចំនួន១៧នាក់ មកពីភូមិកូនខ្លុង និងភូមិព្រៃដំរី ឃុំព្រៃតូច ស្រុកមោងឫស្សី បាននាំគ្នាបិទផ្លូវជាតិលេខ៥ (ទិសដៅភ្នំពេញ ទៅខេត្តបាត់ដំបង) ដោយប្រើប្រាស់ រថយន្ត ចំនួន១គ្រឿង គោយន្តដឹកស្រូវ ចំនួន១គ្រឿង គ្រឿង បំពងសំឡេង ចំនួន១គ្រឿង បារ៉ាស់ចរាចរណ៍សិស្ស ចំនួន១ បាវស្រូវ ចំនួន៥ និងបដាមួយចំនួន ដើម្បីតវ៉ារឿងស្រូវចុះថោក និងស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធ ជួយដោះស្រាយឱ្យស្រូវឡើងថ្លៃ។

តាមការអះអាងពីសមត្ថកិច្ច បានឱ្យដឹងថា នៅក្នុងហេតុការណ៍នោះ គឺពុំមានមន្ត្រីជំនាញណាមួយចុះទៅអន្តរាគមន៍ ឬណែនាំដល់ប្រជាពលរដ្ឋមួយក្រុមនោះឡើយ ប៉ុន្តែមិនដល់កន្លះម៉ោងពួកគាត់បាននាំគ្នារំសាយត្រឡប់ទៅផ្ទះរៀងៗខ្លួន។

ជុំវិញករណីខាងលើនេះ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រសួងកសិកម្ម បានដឹងអំពីករណីពលរដ្ឋបិទផ្លូវ ទាមទារឱ្យជួយដោះស្រាយបញ្ហាស្រូវ OM (ពូជស្រូវ មកពីប្រទេសជិតខាង)។ អ្នកនាំពាក្យរូបនេះ អះអាងថា ក្រសួងកសិកម្ម មិនបានព្រងើយកន្តើយឡើយ ចំពោះបញ្ហាពលរដ្ឋត្អូញថា ស្រូវប្រភេទនេះជួបបញ្ហាធ្លាក់ថ្លៃ។

កញ្ញា អ៊ឹម រចនា បានបញ្ជាក់ថា ស្រូវដែលកំពុងធ្លាក់ថ្លៃក្នុងរយៈពេលជាង១០ថ្ងៃ ចុងក្រោយនេះ  គឺជាប្រភេទស្រូវស្រាល ដាំដុះរយៈពេលខ្លី (ជាពូជស្រូវមកពីប្រទេសវៀតណាម) មិនមែនពូជស្រូវទាំងអស់ធ្លាក់ថ្លៃនោះទេ។ អ្នកនាំពាក្យរូបនេះ លើកឡើងថា មូលហេតុដែលស្រូវ ធ្លាក់ថ្លៃ គឺព្រោះតែមកពីចំនួនស្រូវមានចំនួនច្រើនទាំងក្នុងប្រទេស ក្នុងតំបន់ និងសកលលោក លក់មិនដាច់ គ្មានការបញ្ជាទិញ៕

RELATED ARTICLES