ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានឱ្យដឹងថា មានករណីទំនាស់ពាក្យសម្តីវាយតប់គ្នាទៅវិញទៅមក រវាងក្រុមក្មេងៗប្រុសស្រី ចំនួន២ក្រុម ដោយម្ខាងមានគ្នាចំនួន៣នាក់ (ក្រុមភ្ញៀវ) ចំណែកម្ខាងទៀតមានគ្នា៥នាក់។
ករណីហិង្សាខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅចំណុចហាងផឹកស៊ី យីហោ ២៥២ ស្ថិតនៅតាមផ្លូវ២៥២ ភូមិ៧ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមានភ្ញៀវប្រុសស្រី១ក្រុម មានគ្នា៣នាក់ បានចូលទៅផឹកស៊ីនៅក្នុងហាងខាងលើ លុះក្រោយមក ស្រាប់តែកើតមានជម្លោះជាមួយភាគី១ក្រុម ទៀត ដែលគេស្គាល់ថា ជាក្រុមតារាចម្រៀង និងបុគ្គលិក ក្នុងហាងខាងលើ ដែលមានគ្នា៥នាក់ បង្កជាអំពីហិង្សា វាយតប់គ្នាទៅវិញទៅមក តែមិនបង្កឱ្យភាគីណាមួយរងរបួសធ្ងន់នោះឡើយ។
ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ រួចបាននាំភាគីទាំងសងខាង សរុបមានគ្នាចំនួន៨នាក់ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសាកសួរ។ បន្ទាប់មក ភាគីទាំងសងខាងបានសំណូមពរដល់សមត្ថកិច្ចសុំសម្របសម្រួល ដើម្បីបញ្ចប់ជម្លោះ ដោយមិនធ្វើការប្តឹងផ្តល់គ្នា។
ដោយឃើញថាករណីនេះជាករណីជម្លោះតូចតាច ទើបសមត្ថកិច្ចបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាភាគីទាំងសងខាង រួចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះរៀងៗខ្លួន៕