ភ្នំពេញ ៖ ម៉ូតូអ្នកដំណើរតាមដងផ្លូវ ប្រមាណ២០គ្រឿង បានរអិលដួលជាបន្តបន្ទាប់ បណ្តាលឱ្យមនុស្សជាច្រើននាក់ រងរបួស ដោយមូលហេតុបង្កឡើងដោយសាររអិលប្រេងម៉ាស៊ីនដែលកំពប់នៅលើដងផ្លូវ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៦និង៥៥នាទីព្រឹក ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវបេតុង ចូលទៅរោងចក្រ QMI ទល់មុខវិទ្យាល័យហ៊ុនសែន ជម្ពូវ័ន ក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាព្រឹកថ្ងៃកើតហេតុ ខណៈពេលដែលសិស្សសាលា និងអ្នកដំណើរ បានធ្វើដំណើរចាកចេញពីលំនៅឋាន ទៅសាលារៀន និងទៅធ្វើការប្រកបមុខរបររកស៊ី នៅពេលធ្វើដំណើរតាមផ្លូវបេតុង ជិតដល់ផ្លូវជាតិលេខ៤ ចំណុចមុខវិទ្យាល័យហ៊ុនសែន ជម្ពូវ័ន បានជួបគ្រោះថ្នាក់ជាបន្តបន្ទាប់ ដោយសារតែរអិលប្រេងម៉ាស៊ីន ដែលហូរពេញផ្លូវ។
ប្រភពដដែល បន្តថា នៅវេលាព្រឹក មុនកើតហេតុនោះ គេឃើញមានរថយន្ត ១គ្រឿង បានធ្វើដំណើរក្នុងទិស ដៅពីជើង ទៅត្បូង ហើយបានហូរប្រេងចេញពីម៉ាស៊ីន ពេញផ្លូវ។ ស្របពេលនោះ អ្នកដំណើរមកពីក្រោយបានមកដល់ ហើយរអិលដួលជាបន្តបន្ទាប់។ សរុបមាន ម៉ូតូប្រមាណ ២០គ្រឿង បានដួល និងរងរបួសជាបន្តបន្ទាប់ ដោយក្នុងនោះភាគច្រើនជាអាណាព្យាបាលជូនសិស្សទៅសាលារៀន និងម៉ូតូសិស្សដែលធ្វើដំណើរទៅរៀន។
តាមប្រភពជនរងគ្រោះជាអាណាព្យាបាលសិស្សម្នាក់ បានឱ្យដឹងថា មុនពេលកើតហេតុ ដោយសារតែស្ថាន ភាពចរាចរណ៍នៅលើដងផ្លូវមានលក្ខណៈចង្អៀត ទើបគាត់បានជិះម៉ូតូក្នុងល្បឿនយឺតៗ លុះដល់ចំណុចខាង លើ ពេលគាត់ជាន់ហ្វ្រាំង ក៏រអិលដួលតែម្តង បណ្តាលឱ្យ រងរបួសជើងនិងដៃ ហើយកូនស្រីបានរងរបួសរលាត់ជើងផងដែរ។
បន្ទាប់ពីមានគ្រោះថ្នាក់ជាបន្តបន្ទាប់ ប្រជាការពារសង្កាត់ចោមចៅទី៣ម្នាក់ ដែលតែងតែជួយសម្រួលចរាចរណ៍នៅមុខផ្សារឯករាជ្យ២ បានយកធុងមកដាក់ធ្វើជាស្លាកសញ្ញាឱ្យមានការប្រុងប្រយ័ត្ន និងយកទុយោទឹកពីអ្នក ជិតខាង មកបាញ់លាងផ្លូវ ដើម្បីបញ្ចៀសគ្រោះថ្នាក់។
ប្រជាពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ច ជួយមានវិធានការចំពោះយានយន្ត ឬក៏អ្នកធ្វើដំណើរដែលធ្វើឱ្យកំពប់ប្រេងម៉ាស៊ីនលើដងផ្លូវ បង្កគ្រោះថ្នាក់ ហើយទៅបាត់ដោយមិនទទួលខុសត្រូវ៕