ខេត្តតាកែវ ៖ ជនសង្ស័យប្រុសស្រី ១ក្រុម កំពុងសម្ងំប្រើប្រាស់គ្រឿងញៀន នៅក្នុងវត្ត ១កន្លែង ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គរបុរី ខេត្តតាកែវ ចុះបង្ក្រាបនិងឃាត់ខ្លួនបានចំនួន៧នាក់ នាំយកមកចាត់ការតាម ច្បាប់។
ប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀននេះ បានធ្វើឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅចំណុចវត្តចាស់ ហៅវត្តតាជី ស្ថិតក្នុងភូមិព្រៃបាសិង្ហ ឃុំបាស្រែ ស្រុកអង្គរបុរី។
តាមប្រភពពីមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា ក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហាមេ បញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធីដោយលោកឯក ឆេងហួត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ នៅវេលាម៉ោង ១រសៀល ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គរបុរី បានចុះបង្ក្រាបករណីប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចវត្តចាស់ ហៅវត្តតាជី ស្ថិតក្នុងភូមិព្រៃបាសិង្ហ ឃុំបាស្រែ ស្រុកអង្គរបុរី ខេត្តតាកែវ។
ក្នុងប្រតិបត្តិការខាងលើ កម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ បានចំនួន៧នាក់ (ស្រី១) និងដកហូតវត្ថុតាង រួមមាន ម៉ូតូ ចំនួន ២គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CR-6170 និងម៉ាកស៊ុយស៊ូគី និច ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1HN-4794 ទូរស័ព្ទ ចំនួន៥គ្រឿង ពូថៅ ចំនួន១ និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យទាំង៧នាក់ខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕