Friday, January 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គម និមន្តព្រះសង្ឃ ១៤អង្គ សូត្រមន្តរំដោះ.../គ្រោះផ្លូវ៦០ម៉ែត្រ

 និមន្តព្រះសង្ឃ ១៤អង្គ សូត្រមន្តរំដោះ…/គ្រោះផ្លូវ៦០ម៉ែត្រ

ភ្នំពេញ ៖ អភិបាលដង្កោ និងអភិបាលខណ្ឌមានជ័យ បានរួមមតិគ្នានិមន្តព្រះសង្ឃ ចំនួន១៤អង្គ មកសូត្រមន្ត រំដោះគ្រោះ លើបណ្តោយផ្លូវ៦០ម៉ែត្រ ដើម្បីរំដោះគ្រោះចង្រៃ ក្រោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តា លឲ្យមនុស្សស្លាប់និងរបួសជាបន្តបន្ទាប់ ជាពិសេសករណីសោកនាដកម្មចុងក្រោយ លើដងផ្លូវនេះ ដែលអ្នកបើកបររថយន្តស្រវឹង បើកបុកមនុស្ស ជិះម៉ូតូ ១គ្រួសារ ស្លាប់៣នាក់ ឪពុកនិងកូនតូច ចំណែកម្តាយដាច់ជើង ម្ខាង។

ពិធីសូត្រមន្តរំដោះគ្រោះនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោកសេង គន្ធ អភិបាលខណ្ឌមានជ័យ និងលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ រួមទាំងមន្ត្រីក្រោមឱវាទ ដើម្បីរំដោះគ្រោះចង្រៃឧបទ្រព នៅលើបណ្តោយផ្លូវ៦០ម៉ែត្រ ចាប់ពីចំណុចគល់ស្ពានមរតកតេជោ រហូតដល់ចំណុចផ្លូវជាតិលេខ២។

លោកសេង គន្ធ អភិបាលខណ្ឌមានជ័យ បានឱ្យដឹងថា សម្រាប់ការជឿទៅលើជំនឿ នរណាក៏អាចជឿបានដែរ ប៉ុន្តែត្រូវត្រិះរិះពិចារណាផង។ ទោះបីជាប្រទេសរបស់យើងចូលដល់សម័យជឿនលឿនយ៉ាងណាក៏ត្រូវតែប្រ កាន់ខ្ជាប់នូវសាសនាព្រះពុទ្ធ ជាមួយផងដែរ ទើបពេលថ្មីៗនេះ លោកបានចុះអប់រំណែនាំដល់ពលរដ្ឋអ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យពួកគាត់មានការយល់ដឹងអំពីច្បាប់ចរាចរណ៍ និងបានណែនាំពួកគាត់ស្គាល់អំពីស្លាក សញ្ញាចរាចរណ៍ ពិសេសគឺណែនាំឱ្យពួកគាត់ត្រូវតែចៀសវាងការបើកបរក្នុងស្ថានភាពស្រវឹង។

លោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ ក៏បានលើកឡើងដែរថា ពិធីបែបព្រះពុទ្ធសាសនាដែលបានរៀបចំធ្វើនាពេលនេះ គឺដោយសារតែរយៈពេលកន្លងមក នៅលើផ្លូវ៦០ម៉ែត្រនេះ គឺតែងជួបករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ ក្នុងនោះបណ្តាលឱ្យប្រជាពលរដ្ឋរងគ្រោះ មានស្លាប់រហូតទៅដល់ ៤នាក់ និងរបួសធ្ងន់ម្នាក់ ទើបលោកស្រី រួមនិងអាជ្ញាធរមូលដ្ឋាន បានមូលមតិគ្នាជាមួយអភិបាលខណ្ឌមានជ័យ និមន្តព្រះសង្ឃ ចំនួន១៤អង្គ ប្រោះព្រំ បណ្តេញគ្រោះចង្រៃ ដើម្បីសុំមកវិញនូវសេចក្តីសុខសេចក្តីចម្រើន និងសុវត្ថិភាពដល់ប្រជាពលរដ្ឋអ្នក ធ្វើដំណើរតាមផ្លូវសាធារណៈ។

គួរបញ្ជាក់ថា កាលពីរៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណៈ និងដឹក ជញ្ជូន និងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រី ចុះអប់រំណែនាំផ្សព្វផ្សាយច្បាប់ចរា ចរណ៍ផ្លូវគោក ដល់អ្នកដំណើរ និងសិក្សាដោយផ្ទាល់អំពី ស្ថានភាពមហាវិថី៦០ម៉ែត្រ ក្នុងគោលដៅដាក់កាមេរ៉ាថតចាប់ល្បឿនយានយន្ត ខណៈដែលពេលនេះជំនាញកំពុងគូសគំនូសសញ្ញាចរាចរណ៍ជាថ្មី ហើយនឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ និងពេលថ្ងៃ៕

RELATED ARTICLES