Friday, January 17, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមផ្អើ.../លផ្សារក្តាមកែប លក់ក្តាមយួ---/ន?

ផ្អើ…/លផ្សារក្តាមកែប លក់ក្តាមយួ—/ន?

ខេត្តកែប ៖ មន្ត្រីជំនាញជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកែប បានចុះត្រួតពិនិត្យការដាក់លក់គ្រឿងសមុទ្រ នៅក្នុងផ្សារក្តាម ជាពិសេសក្តាមសេះ បន្ទាប់ពីមន្ត្រីជំនាញទទួលបានព័ត៌មានពីអ្នកនេសាទក្រុងកែប ខេត្តកែប រាយការណ៍ថា មានឈ្មួញលួចនាំចូលក្តាម ពីប្រទេសវៀតណាម មកលក់ និងធ្វើឱ្យតម្លៃក្តាមដែលពួកគាត់ខំរកមកនោះ លក់បានតម្លៃទាប។

ក្នុងជំនួបជាមួយមន្ត្រីជំនាញ ក្រុមប្រជាពលរដ្ឋដែលជាអ្នកនេសាទ បានលើកឡើងថា រយៈពេលជាង ១ឆ្នាំមកនេះ មានការនាំចូលក្តាម មកពីបណ្តាប្រទេសជិតខាង ជាហេតុធ្វើឱ្យក្តាមដែលអ្នកនេសាទរកបាន ធ្លាក់ថ្លៃ ពី៣ម៉ឺនរៀល មកត្រឹមជាង ១ម៉ឺនរៀល ក្នុងមួយគីឡូក្រាម (ក្តាមមិនទាន់ញែកទំហំ)។ អ្នកនេសាទ បានបន្តថា ក្តាមសេះ ដែលនាំចូលពីវៀតណាម មានទំហំធំៗជាងក្តាមក្នុងសមុទ្រកែប ជាហេតុធ្វើឱ្យការប្រកួតប្រជែងមានភាពពិបាកខ្ពស់។

អ្នកស្រី ស្រីពៅ ជាអាជីវករលក់គ្រឿងសមុទ្រ នៅផ្សារក្តាម បានឱ្យដឹងថា ក្តាមសេះដែលអ្នកស្រីកំពុងលក់នេះ ប្រមូលទិញផ្ទាល់ពីអ្នកនេសាទ នៅផែក្តាម ជាប់ផ្សាររាត្រី ខេត្តកែប។ អ្នកស្រី បញ្ជាក់ថា ការឱ្យតម្លៃក្តាម ទៅតាមទំហំរបស់ក្តាម បើក្តាមធំ ភាគច្រើនអ្នកស្រីទិញពីអ្នកនេសាទ ក្នុងតម្លៃ ២៥ ០០០រៀល ទៅ ៣០ ០០០រៀល។ បើក្តាម មានទំហំតូច ភាគច្រើនអ្នកស្រីទិញពីអ្នកនេសាទ ចន្លោះពី ១៥ ០០០រៀល ទៅ ២០ ០០០រៀល។ ពេលប្រមូលទិញរួចហើយ ទើបអ្នកស្រីយកមកបែងចែងទៅតាមទំហំលេខ១ (៥-៦-៧ក្តាមស្មើ នឹង១គីឡូក្រាម)  លេខ២ (៨-១០ក្តាមស្មើនឹង១គីឡូក្រាម) ទើបលើកមកលក់នៅផ្សារ។

ចំណែកលោក បូ ថា ជាអាជីវករមួយរូបទៀត លើកឡើងស្រដៀងគ្នាដែរថា តម្លៃក្តាម ខ្ពស់ ឬទាប ទៅតាមទំហំរបស់ក្តាម តែក្នុងរដូវបុណ្យទាន ការទិញចូលក្តាម ពីអ្នកនេសាទ ក៏ថ្លៃដែរ អាចចន្លោះ ៣០ ០០០រៀល ទៅ ៣៥ ០០០រៀល ក្នុងមួយគីឡូក្រាម (ក្តាមមិនទាន់ញែកទំហំ)។

លោកភឿន ផល្លា នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានបញ្ជាក់ប្រាប់ថា មន្ត្រីជំនាញបានចុះចួបជាមួយអ្នកនេសាទ ស្វែងយល់ពីទុក្ខលំបាក និងសំណូមពរ ក្នុងនោះលោកបានដឹកនាំមន្ត្រីជំនាញ ជាមួយអាជ្ញាធរក្រុងកែប ចុះសិក្សាការលក់ដូររបស់អាជីវករ ក្រោយការសួរនាំ ក្រុមអាជីវករក្នុងផ្សារក្តាម សុទ្ធតែលក់ក្តាមដែលទិញពីទូកអ្នកនេសាទផ្ទាល់ តែដោយសារទំហំ និងផលក្តាមច្រើន ទើបតម្លៃក្តាម មួយរយៈនេះ ថ្លៃមិនដូចចិត្តរបស់អ្នកនេសាទ។

លោកបញ្ជាក់ដែរថា កន្លងទៅ ក៏ធ្លាប់មានការធ្លាក់ថ្លៃ ដោយមានការលួចនាំយកផលក្តាមសេះពីតំបន់ដទៃ យកលក់មែន តែក្នុងចំនួនតិចតូចប៉ុណ្ណោះ។ យ៉ាងណា លោកសំណូមពរដល់បណ្តាអាជីវករទាំងអស់ ត្រូវថែរក្សាកេរ្តិ៍ឈ្មោះក្តាមកែប ឱ្យនៅគង់វង្ស តាមរយៈលក់ផលក្តាម ដែលនេសាទបានដោយអ្នកនេសាទក្នុងខេត្ត៕

RELATED ARTICLES