ភ្នំពេញ ៖ ស្ត្រីម្នាក់ បានបង្ហោះវីដេអូតាមបណ្តាញសង្គម TikTok របស់ខ្លួនថា “ទុកម៉ូតូនៅខណ្ឌ ៣ថ្ងៃសោះ អស់ សេវា ១៥ម៉ឺនរៀល នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ” ធ្វើឱ្យមានអ្នកប្រើប្រាស់បណ្តាញសង្គម ចែករំលែកយ៉ាងព្រោងព្រាត និងត្រូវបានសមត្ថកិច្ចចេញមកបំភ្លឺតបភ្លាមៗផងដែរ។
យោងតាមសេចក្តីបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២ ៥ថា បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មាន ជុំវិញករណីស្ត្រីម្នាក់ ដែលមានអាខោន TikTok ឈ្មោះ Navin Kong បានបង្ហោះវីដេអូដែលមានខ្លឹមសារថា “ទុកម៉ូតូនៅខណ្ឌ ៣ថ្ងៃសោះ អស់សេវា ១៥ម៉ឺនរៀល នៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ” រួចមក នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការកោះហៅមន្ត្រីនគរបាលចរាចរណ៍ ចំនួន២រូប មកសាកសួរបំភ្លឺ ជុំវិញការចោទប្រកាន់របស់ស្ត្រីខាងលើ ដើម្បីធ្វើរបាយ ការណ៍ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច។
ពាក់ព័ន្ធករណីនេះដែរ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកហុងដា Scoopy ពណ៌ស ពាក់ស្លាកលេខ តាកែវ 1V-0441 និងកង់ បណ្តាលឱ្យមានរបួសស្រាល ចំនួន២នាក់ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង២២ៈ៣០នាទី។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះ ដល់កន្លែងកើតហេតុ វាស់វែងនិងយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដោយបានអញ្ជើញភាគីទាំងសងខាង ដើម្បីដោះស្រាយតាមនីតិវិធី។
បន្ទាប់ពីសួរនាំរួច ភាគីទាំងសងខាងបានយល់សម្របសម្រួល ឯកភាព ដោយភាគីអ្នកតំណាងម្ចាស់ម៉ូតូ យល់ ព្រមសងសំណងចំនួន ៣០ម៉ឺនរៀល ដល់ភាគីអ្នកជិះកង់។ ចំណែកប្រាក់ចំនួន១៥ម៉ឺនរៀល ខាងភាគីអ្នកតំ ណាងម្ចាស់ម៉ូតូ បានជួយឧបត្ថម្ភដល់មន្ត្រីផ្នែកជំនាញ ដោយស្ម័គ្រចិត្ត ដោយឃើញសមត្ថកិច្ចបានប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយបញ្ហាជូនគាត់ ដោយសមត្ថកិច្ចមិនបានទាមទារថវិកាពីគាត់នោះទេ។ ចំណែក៥ម៉ឺនរៀលទៀត គឺថ្លៃឈ្នួលរ៉ឺម៉កឯកជនដឹកម៉ូតូមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។
បន្ទាប់ពីដោះស្រាយបញ្ចប់រឿង សមត្ថកិច្ចប្រគល់ម៉ូតូឱ្យទៅអ្នកតំណាងម្ចាស់ម៉ូតូ ទើបបន្ទាប់មកមានវត្តមានស្ត្រីម្នាក់ ដែលមានអាខោន TikTok ឈ្មោះ Navin Kong ដែលជាសាច់ញាតិភាគីម៉ូតូ បានមកនិយាយលេងជាមួយសមត្ថកិច្ច ហើយមិនបានសួរហេតុផលចំពោះសមត្ថកិច្ចនោះទេ បន្ទាប់មកក៏ជម្រាបលា សមត្ថកិច្ចទៅផ្ទះវិញ។ លុះដល់ត្រឡប់ទៅដល់ផ្ទះ ស្ត្រីរូបនោះ បានបង្ហោះវីដេអូចោទប្រកាន់សមត្ថកិច្ចដូចខាងលើ។
ជុំវិញការចោទប្រកាន់នេះ សមត្ថកិច្ចក៏បានធ្វើការទំនាក់ទំនងបុរសអ្នកតំណាងម្ចាស់ម៉ូតូ មកសាកសួរបំភ្លឺចំពោះស្ត្រីខាងលើបង្ហោះតាមបណ្តាញ TikTok ចោទប្រកាន់សមត្ថកិច្ច តែអ្នកតំណាងម្ចាស់ម៉ូតូ មិនព្រមចូលខ្លួនដោះ ស្រាយ ដោយលើកហេតុផលថា រវល់ការងារ មិនមាន ពេលជួបសមត្ថកិច្ចនោះទេ។ ដោយឡែកចំពោះស្ត្រីម្នាក់ ដែលមានអាខោន TikTok ឈ្មោះ Navin Kong បានបង្ហោះវីដេអូចោទប្រកាន់ សមត្ថកិច្ចបានទំនាក់ទំនងឱ្យចូលខ្លួន ដើម្បីបំភ្លឺដោះស្រាយ តែសមត្ថកិច្ចបានទំនាក់ទំនងជាច្រើនដង ដោយស្ត្រីរូបនោះមិនបានសហការចូលមកបំភ្លឺដោះស្រាយនោះទេ។
ពាក់ព័ន្ធករណីនេះដែរ លោកអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការព្រមាន និងធ្វើកិច្ចសន្យាជាមួយមន្ត្រីផ្នែកជំនាញ កុំឱ្យប៉ះពាល់យកថវិកាពីប្រជាពលរដ្ឋ៕